បាល់ទាត់

អង់ឌ្រេអា ផៀឡូ ឡើងជា​គ្រូបង្វឹក​របស់ក្រុម​សេះបង្កង់​អ៊ីតាលី

ក្នុងថ្ងៃតែមួយ បន្ទាប់ពីគ្រូបង្វឹកមុន ត្រូវបានបណ្ដេញចេញ ក្រុមជូវេនទូស (Juventus Turin) បានតែងតាំងគ្រូបង្វឹកថ្មី នៅប៉ុន្មានក្រោយមក។ គ្រូបង្វឹកថ្មីមានឈ្មោះ អង់ឌ្រេអា ផៀឡូ (Andrea Pirlo) ដែលជាអតីតកីឡាករ​ដ៏ស្មោះស្ម័គ្រ និងទើបត្រូវបាន ឡើងមកដឹកនាំ​ក្រុមកីឡាករ​អាយុក្រោម ២៣ឆ្នាំ (U23) របស់ក្រុមសេះបង្កង់ កាលពីចុងខែកក្កដាថ្មីៗ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រុម ជូវេនទូស បានឲ្យដឹងថា លោក ផៀឡូ នឹង​ត្រូវ​​ស្ថិតក្នុង​តំណែង ជាគ្រូបង្វឹករហូតដល់ខែមិថុនា ឆ្នាំ២០២២។ សព្វថ្ងៃលោកមាន​អាយុ​៤១ឆ្នាំ និងបានបញ្ចប់អាជីព​ជាកីឡាករ នៅឆ្នាំ២០១៧ បន្ទាប់ពីលោកបានលេងឲ្យក្រុម «New York City» ដែលជាក្រុមបាល់ទាត់​ចុងក្រោយបង្អស់។

លោកបានទាត់ឲ្យក្រុម ជូវេនទូស ជាកីឡាករខ្សែបម្រើ រវាងពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ តែក្រុមបាល់ទាត់ ដែលលោកបាននៅទាត់ឲ្យ បានយូរជាងគេគឺក្រុម មីឡង់ (AC Milan) រវាងពីឆ្នាំ២០០១ ដល់ឆ្នាំ២០១១។

បើនិយាយពីជ័យជំនះវិញ លោកធ្លាប់ឈ្នះជាជើងឯកអ៊ីតាលី ចំនួន៦លើក (២លើក ជាមួយ​​ក្រុម មីឡង់ និង៤លើក ជាមួយក្រុមជូវេនទូស) និងឈ្នះពានអ៊ឺរ៉ុប «Champions League» បានពីរលើក (ក្នុងឆ្នាំ២០០៣ និងឆ្នាំ២០០៧ ជាមួយក្រុមមីឡង់)។

នៅឆ្នាំ២០០៦ លោក ផៀឡូ បានលើក​ពាន«បាល់ទាត់ពិភពលោក»ម្ដងដែរ ជាមួយក្រុម​ជម្រើស​ជាតិ​​អ៊ីតាលី ដែលកាលនោះ បានទាត់ឈ្នះក្រុមបាល់ទាត់ប្រទេសបារាំង ដោយ​គ្រាប់បាល់​​កាត់សេចក្ដី ៥-៣៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។