កម្ពុជា

ជុំ កុសល «ប្ដូរចិត្ត»​លែងតាម​ចាប់ខ្លួន​អ្នករិះគន់ នៅហ្វីលីពីន​ហើយ

ការប្រកាសរបស់លោក ជុំ កុសល ស្នើឲ្យតាមចាប់ខ្លួនស្ត្រីអ្នករិះគន់ម្នាក់ បានប្រែ​ទិដ្ឋភាព​ជាថ្មី ដោយរដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ បាន«ប្ដូរចិត្ត»ថា មិនទៅចាប់​ខ្លួនស្ត្រី​ខាង​លើ ដល់ប្រទេសហ្វីលីពីនទេ ព្រោះមិនចង់ផ្ដល់តម្លៃឲ្យនាង។

ដើម្បីយល់រឿងនេះ គេត្រូវវិលត្រឡប់ទៅក្រោយ ប៉ុន្មានថ្ងៃឡើងវិញ។ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ម្ចាស់គណនីហ្វេសប៊ុក មាស លក្ខិណា (Leakana Meas) បានបង្ហោះសារខ្លីមួយរបស់ខ្លួន ជាមួយនឹងរូបថតពីរសន្លឹក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សារនោះ ជាការជូនពរបុរសខ្លាំង នៅកម្ពុជា ដោយប្រើពាក្យចំអកថា៖

«ខ្ញុំ មាស លក្ខិណា សូមជូនពរសម្តេចអី ឆាប់ទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សាធុ សាធុ សាធុ!»

សាររបស់អ្នកគាំទ្រ​គណបក្សសង្គ្រោះជាតិរូបនេះ បានរងប្រតិកម្មពីអ្នកគាំទ្រលោក ហ៊ុន សែន មកវិញ ជាពិសេសលោក ជុំ កុសល តែម្ដង ដោយចាត់ទុកការបង្ហោះសារខាងលើ ថាជា​ការប្រមាថ​ធ្ងន់ធ្ងរ និងបានដើរហួស ពីបន្ទាត់ច្បាប់។ រដ្ឋលេខាធិការក្រសួងព័ត៌មាន បាន​បង្ហោះ​សារតបវិញថា៖

«នេះគឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុត ចំពោះថ្នាក់ដឹកនាំប្រទេស។ ខ្ញុំស្នើសុំសមត្ថកិច្ច ស្វែងរក​ស្រីម្នាក់នេះ ដែលប្រើប្រាស់អាខោនហ្វេសបុក ឈ្មោះ “Leakana Meas” មក​ផ្តន្ទាទោស តាមផ្លូវច្បាប់។»

នៅចំពោះការវិនិច្ឆ័យជំនួសតុលាការ របស់លោក ជុំ កុសល ម្ចាស់គណនី «Leakana Meas» បានឆ្លើយតបវិញ ដោយបង្ហោះសារ​ប្រើពាក្យលែបខាយ និងពន្យុះឡើងថា «បើខ្លាំង មកចាប់​ដល់ហ្វីលីពីនមក» នោះនាងនឹងរង់ចាំទទួល នៅព្រលានយន្តហោះ។

រឿងភាគខាងលើ បានបន្តមកដល់ថ្ងៃនេះ កាលពីប៉ុន្មាននាទីមុន។ គឺបន្ទាប់ពីត្រូវនាង «Leakana Meas» និយាយដាក់«ផ្លែផ្កា»​ឲ្យរួច លោក ជុំ កុសល បាន«ប្ដូរចិត្ត»វិញ ដោយ​លើក​ឡើង​ថា ទោស​ត្រឹម​ប្រមាថលោក ហ៊ុន សែន គ្មាននរណាផ្ដល់តម្លៃ​ឲ្យស្ត្រីអ្នករិះគន់​ខាង​លើ រហូត​ទៅ​តាម​ចាប់នាង ដល់ប្រទេសហ្វីលីពីន មកផ្ដន្ទាទោសនោះទេ។

លោក កុសល ដែលជាអ្នកធ្វើអត្ថាធិប្បាយនយោបាយ តាមប្រព័ន្ធឃោសនា​ក្រុង​ភ្នំពេញ បានសរសេរថា៖

«ទោះបីនាងកំពុងគេចខ្លួន នៅក្រៅប្រទេស ហើយគិតថា ច្បាប់មិនអាចធ្វើអីនាងបាន ក៏ស្រេចតែការគិតចុះ ប៉ុន្តែត្រូវដឹងថា បើនាងមានបទឧក្រិដ្ឋ នាងនៅត្រឹមហ្វីលីពីន ក៏នាងមិនរួចខ្លួនដែរ។ តែនេះនាងត្រឹមប្រមាថថ្នាក់ដឹកនាំ គេមិនផ្តល់តម្លៃឲ្យនាង ទៅចាប់នាងមកផ្តន្ទាទោសទេ ទុកឲ្យនាងទទួលយកផលកម្ម នៃការប្រមាថនេះ ត្រឡប់ទៅវិញចុះ។»

កម្ពុជា និងហ្វីលីពីន គ្មានសន្ធិសញ្ញាធ្វើបត្យាប័ន រវាងគ្នានោះទេ។

កន្លងមក ជារឿយដង លោក ជុំ កុសល ដែលពេលនេះ ជាមន្ត្រីរដ្ឋាភិបាលមួយរូប តែង​ធ្វើអត្ថាធិប្បាយ និងធ្វើការវិនិច្ឆ័យ​ជំនួសតុលាការ ទៅលើសកម្មភាពតវ៉ាប្រឆាំង ឬការ​រិះគន់ទាំងឡាយ ពីសំណាក់ក្រុមមន្ត្រីប្រឆាំង ឬអ្នកវិភាគ។

កាលពីពេលថ្មីៗនេះ លោក ជុំ កុសល បានធ្វើការវិនិច្ឆ័យ ទៅលើការតវ៉ារបស់ក្រុមយុវជន និងញាតិមិត្ត ក្នុងករណីចាប់ខ្លួនលោក រ៉ុង ឈុន ដោយហៅពួកគេទាំងនេះ ថាជា​«កំទិច​ភ្លើង» ដែលត្រូវតែ«ពន្លត់»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។