បាល់ទាត់

Champions League៖ ម៉េស៊ី នាំ បាសា ទៅជួប បាយឺន នៅវគ្គ១/៤

ថ្វីជើងរបស់កំពូលកីឡាក លីយ៉ូនែល ម៉េស៊ី (Lionel Messi) ពិតជាពិសេស! ក្នុងយប់ថ្ងៃសៅរ៍នេះ កីឡាករ​ជាតិ​អាហ្សង់ទីនរូបនេះ បាននាំក្រុម បាសឺឡូន (FC Barcelone – អេស្ប៉ាញ) ឆ្លងវគ្គ១/៨ ក្របខណ្ឌ «Champions League» ដោយ​បំបាក់ក្រុម ណាប៉ូលី (Napoli – អ៊ីតាលី) បានយ៉ាងងាយ ក្នុងគ្រាប់បាល់ ៣-១។

គ្រាប់បាល់ដែលរកបាន ក្នុងការប្រកួត​រវាងក្រុម បាសឺឡូន និងក្រុម ណាប៉ូលី៖

  • នៅនាទីទី១០ ដោយខ្សែការពារ របស់ក្រុមបាសឺឡូន កីឡាករ ក្លេម៉ង់ ឡង់គ្លេស (Clément Lenglet)
  • នៅនាទីទី២៣ ដោយខ្សែប្រយុទ្ធ របស់ក្រុមបាសឺឡូន កីឡាករ លីយ៉ូនែល ម៉េស៊ី
  • នៅនាទីទី៤៥+១ ដោយខ្សែប្រយុទ្ធ របស់ក្រុមបាសឺឡូន កិឡាករ ល្វីស ស្វារេស (Luis Suárez)
  • នៅនាទីទី៤៥+៥ ដោយខ្សែប្រយុទ្ធ របស់ក្រុមណាប៉ូលី កីឡាករ ឡូរ៉ង់ហ្សូ អាំងស៊ីញ៉េ (Lorenzo Insigne)

នៅក្នុងការប្រកួតមួយទៀត ក្នុងពេលជាមួយគ្នា ក្នុងក្រុង ម៉ូនិឆ (Munich) ភាគខាងត្បូង នៃប្រទេសអាល្លឺម៉ង់ ក្រុមបាល់ទាត់យក្ស បាយឺនម៉ូនិឆ (Bayern Munich) ក៏បានបង្ហាញថ្វីជើង បំបាក់ក្រុម ឆែលស៊ី (Chelsea – អង់គ្លេស) ក្នុងគ្រាប់បាល់ ៤-១ ដែរ។

គ្រាប់បាល់ដែលរកបាន ក្នុងការប្រកួត​រវាងក្រុម បាយឺន និងក្រុម ឆែលស៊ី៖

  • នៅនាទីទី១០ ដោយខ្សែប្រយុទ្ធ របស់ក្រុមបាយឺន កីឡាករ រ៉ូប៊ែរ ឡេវេនដូស្គី (Robert Lewandowski)
  • នៅនាទីទី២៤ ដោយខ្សែប្រយុទ្ធ របស់ក្រុមបាយឺន កីឡាករ អ៊ីវ៉ាន ពែរីស៊ិច (Ivan Perišić)
  • នៅនាទីទី៤៤ ដោយខ្សែប្រយុទ្ធ របស់ក្រុមឆែលស៊ី កីឡាករ ថាមី អាប្រាហាម (Tammy Abraham)
  • នៅនាទីទី២៤ ដោយខ្សែបម្រើ របស់ក្រុមបាយឺន កីឡាករ កូរ៉ង់តាំង តូលីសូ (Corentin Tolisso)
  • នៅនាទីទី៨៤ ដោយខ្សែប្រយុទ្ធ របស់ក្រុមបាយឺន កីឡាករ រ៉ូប៊ែរ ឡេវេនដូស្គី (Robert Lewandowski)

ក្រុម បាសឺឡូន និងក្រុម បាយឺន ដែលបានទទួលបានជ័យជំនះ ក្នុងយប់ថ្ងៃសៅរ៍នេះ នឹងត្រូវឡើងទៅជួបគ្នា ក្នុងវគ្គ១/៤ នៅក្នុងយប់​ថ្ងៃសុក្រ ទី១៤ ខែសីហា ខាងមុខ។

គួររំឮកជូនថា សម្រាប់រដូវកាល២០១៩-២០២០នេះ រាល់ការប្រកួតចាប់ពីវគ្គ១/៤ រហូតដល់​ការប្រកួតផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើក្នុង​រដ្ឋធានី លីស្បន (Lisbonne) ប្រទេសព័រទុយហ្គាល់​តែមួយ ក្រោមហេតុផលជំងឺរាតត្បាត «Covid-19»។ រីឯការប្រកួតវិញ ធ្វើឡើងតែមួយជុំ​ប៉ុណ្ណោះ បានសេចក្ដីថា ប្រកួតមួយដង អ្នកចាញ់​ត្រូវចប់ – អ្នកឈ្នះបានឡើង ដែលខុស​គ្នា​ពីរាល់ដង់ ដែលការប្រកួត មានពីរជុំ (ប្រកួតទៅ និងប្រកួតត្រឡប់)៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។