ពិភពលោក

តេដ្រូស៍ ព្រមានពី«ការរាតត្បាត​ដ៏សាហាវ នឹងកើតមានក្នុងពេលខាងមុខ»

«បើគ្មានការរួបរួមជាតិ និងសាមគ្គីភាព នៅក្នុងពិភពលោកទេ សូមរំពឹងទុកទៅថា ការរាតត្បាត​ដ៏សាហាវ នឹងកើតមានទៀត នៅថ្ងៃខាងមុខ។ សូមរួមគ្នា ដើម្បីបញ្ចៀសរឿងដ៏ខ្លោចផ្សារនេះ។»

ខាងលើនេះ ជាការព្រមានឡើង របស់លោក តេដ្រូស៍ អាដាណុម ហ្គេប្រេយ៉េស៊ុស (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការសុខភាពពិភពលោក (WHO /OMS) ដែលបានថ្លែង តាមរយៈវីដេអូមួយ (ខាងក្រោម) ក្នុងថ្ងៃពុធទី២២ ខែមេសា ឆ្នាំ២០២០។

កាលពីថ្ងៃចន្ទ លោកបានអំពាវនាវ ឲ្យមាន«ការរួបរួមជាតិ» និង«សាមគ្គីភាពក្នុងពិភពលោក» និងរំឭកសារជាថ្មីថា នៅមានមនុស្សជាច្រើន បន្តមិនយល់ថា មេរោគដ៏ចង្រៃ បានបង្កឲ្យមានការរាតត្បាត នៃជំង«Covid-19» នៅគ្រប់ជ្រុងទាំងអស់ នៃផែនដី។

ការរំឭករបស់លោក តេដ្រូស៍ ទំនងជាចម្លើយ តបនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលគ្រោងបន្ធូរវិធានការ ទប់ស្កាល់ជំងឺដ៏ចង្រៃ ដើម្បីអ្វីមួយ ដែលលោក ត្រាំ ហៅថា ចង់ផ្ដល់សន្ទុះសារជាថ្មី ទៅដល់សេដ្ឋកិច្ច។

លោក តេដ្រូស៍ បានថ្លែងក្នុងវីដេអូថា៖

«ជាមេរោគមួយប្រភេទ ដែលមនុស្សជាច្រើន នៅតែមិនយល់។ ប្រទេសជាច្រើន ដែលសុទ្ធសឹងជាប្រទេស​មានការអភិវឌ្ឍ បានធ្វើសេចក្ដីសន្និដ្ឋាន ដោយខ្លួនឯង អំពីអ្វីដែលពួកគេមិនបានដឹង (…) ហើយយើងបាននិយាយប្រាប់មុន រួចជាស្រេចហើយ បើសូម្បីប្រទេសមានការអភិវឌ្ឍនោះក្ដី។»

«មេរោគនេះ នឹងផ្ទុះឡើងខ្លាំង ទោះនៅក្នុងប្រទេស មានការអភិវឌ្ឍ ក៏ដោយ។ ហើយវាក៏បាន​កើតឡើង​មែន។»

លោកបន្តថា៖

«សូមរួមគ្នាបញ្ឈប់ ការផ្ទុះឡើងបន្ថែមទៀត! សូមរួមគ្នាបញ្ឈប់ នូវរឿងដ៏ខ្លោចផ្សារ។ ដូច្នេះ សូមនិយាយទាំងអស់គ្នាថា វាគ្រប់គ្រាន់ហើយ៕»

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។