ការប៉ះទង្គិចគ្នា បានកើតឡើងក្នុងថ្ងៃអង្គារទី៣០ ខែមេសានេះ នៅតាមដងផ្លូវនានា ក្នុងរដ្ឋធានីការ៉ាកាស ដែលក្រុមបាតុករប្រឆាំង បានជួបប្រជុំគ្នា។ រថពាសដែក បានបើកបុកចូលហ្វូងបាតុករ និងបានធ្វើមនុស្សជាច្រើន ដួលដេកនៅលើថ្នល់ ខណៈទាហានម្នាក់ ដែលស្និតរដ្ឋអំណាចសព្វថ្ងៃ បានរងរបួស។
កងទ័ពវេណេហ្សុយអេឡាមួយភាគ បានងើបឡើងនៅថ្ងៃអង្គារនេះ ដើម្បីគាំទ្រមេដឹកនាំប្រឆាំង លោក រ៉ន់ ហ្គេដូ (Juan Guaido) ដែលអះអាងថា ពេលវេលាបានមកដល់ហើយ ដើម្បីបណ្ដេញប្រធានាធិបតីក្នុងតំណែង លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ឲ្យចេញពីអំណាច ដ៏ចាក់ឫសរបស់ខ្លួន។
ទិដ្ឋភាពកង់ឡាន ដុតឆេះបញ្ចេញផ្សែងខ្មួលខ្មាញ់ ការចោលដុំថ្ម រួមនឹងផ្សែងគ្រាប់បែកបង្ហូទឹកភ្នែក… បង្ហាញពីការប្រឈមមុខដាក់គ្នាខ្លាំងក្លា រវាងកងកម្លាំងស្មោះស្ម័គ្រ របស់លោក នីកូឡា ម៉ាឌូរ៉ូ នៅក្បែរបន្ទាយយោធា «La Carlota» នៃរដ្ឋធានីការ៉ាកាស ដែលមេដឹកនាំប្រឆាំងបានបង្ហាញវត្តមាន នៅទីនោះ។
រូបភាពនៅតាមកញ្ចក់ទូរទស្សន៍ បានបង្ហាញឲ្យឃើញ «រថពាសដែក»មួយគ្រឿង បានបើកបុកចូលហ្វូងមនុស្ស។ បន្ទាប់មក គេឃើញមានទាហានជាច្រើនសិបនាក់ ដែលមានពាក់កន្សែងពណ៌ខៀវ (សញ្ញា នៃការគាំទ្រចលនាប្រឆាំង) និងប្រដាប់ដោយអាវុធ កំពុងដាក់ពង្រាយគ្នា នៅជុំវិញតំបន់ ដែលក្រុមបាតុករឈរជើង។
លោក រ៉ន់ ហ្គេឌូ បានថ្លែងតាមបណ្ដាញសង្គមទ្វីសធើរថា «មិនត្រឡប់ក្រោយវិញឡើយ» ក្នុងការបណ្ដេញលោក នីកូឡា ម៉ាឌូរ៉ូ ឲ្យចេញពីអំណាច។ អមជុំវិញ ដោយកងទ័ព «ដ៏ក្លាហាន» មេដឹកនាំប្រឆាំងរូបនេះ បានថ្លែងថា៖
«ថ្ងៃនេះ វីរកងទ័ព វីរពលរដ្ឋ និងវីរជន ដែលស្រឡាញ់រដ្ឋធម្មនុញ្ញ បានឆ្លើយតបនឹងការអំពាវនាវរបស់យើង។ ហើយយើង ក៏បានឆ្លើយតបទៅវិញ ថាយើងនឹងជួបគ្នា នៅតាមដងផ្លូវនានា នៃប្រទេសវេណេហ្សុយអេឡា។»
ជាការឆ្លើយតបវិញ លោក នីកូឡា ម៉ាឌូរ៉ូ បានសរសេរ នៅលើទំព័រទ្វីសធើរ បញ្ជាក់ពី«ភក្ដីភាពទាំងស្រុង» នៃអគ្គមេបញ្ជាការកងទ័ព ខណៈរដ្ឋមន្ត្រីការពារជាតិរបស់លោក គឺលោកឧត្ដមសេនីយ៍ «Vladimir Padrino Lopez» បានអះអាងថា ស្ថានភាពនៅតាមបណ្ដាបន្ទាយទាហាននានា មានលក្ខណៈធម្មតា៕