បាល់ទាត់

អាហ្សាក់​អាមស្ទែដាម បន្ត​យកប្រៀប​ឡើងទៅ​ផ្ដាច់ព្រ័ត្រ

ក្រុមបាល់ទាត់ អាហ្សាក់​អាមស្ទែដាម (Ajax Amsterdam) របស់រាជាណាចក្រ ហូឡង់ កំពុងបន្តក្ដីសុបិន្តរបស់ខ្លួន ក្នុងការដណ្ដើមពាន់ជើងឯកអ៊ឺរ៉ុប បន្ទាប់ពីបានយកឈ្នះ ១-០ នៅក្នុងផ្ទះរបស់ក្រុម ថូថេនហាម (Tottenham FC) របស់អង់គ្លេស ក្នុងយប់នេះ។

ក្ដីសុបិន្តដែលក្លាយជាការពិត សឹងតែទាំងស្រុក ព្រោះក្រុមបាល់ទាត់ ដែលសម្បូរដោយកីឡាករវ័យក្មេង ដែលពោរពេញដោយទេពកោសល្យមួយនេះ បានជម្រុះក្រុមជើងឯកឆ្នាំមុន (ក្រុមរៀលម៉ាឌ្រីត – Real Madrid – អេស្ប៉ាញ) និងក្រុមជើងខ្លាំងអ៊ីតាលី (ក្រុមជូវេនទូស – Juventus) នៅតាមផ្លូវរួចមក។

១គ្រាប់បាល់ របស់ក្រុមអាហ្សាក់ ដែលចេញពីការប្រកួត«ទៅ» វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Champions League» ក្នុងយប់ថ្ងៃអង្គារទី៣០ ខែមេសា ឆ្នាំ២០១៩នេះ បានធ្វើឲ្យក្រុមនេះ មានទឹកមាត់យ៉ាងច្រើន សម្រាប់ការប្រកួត«ត្រឡប់» នៅសប្ដាហ៍ខាងមុខ លើទឹកដីខ្លួនឯង។

បាល់មួយគ្រាប់នោះ រកបានដោយខ្សែបម្រើ កីឡាករ «Donny van de Beek» នៅនាទីទី១៥។

សម្រាប់ក្រុមស្ពៀរវិញ បានរៀបការវាយលុកខ្លាំង នៅពាក់កណ្ដាលម៉ោងទីពីរ តែនៅតែរកគ្រាប់បាល់មិនបាន។ នេះ គេត្រូវត្រឡប់មកនិយាយ ពីកីឡាករ «Jan Vertonghen» ដែលរងរបួសនៅត្រង់ក្បាល ហើយបង្ខំចិត្ត ត្រូវចាកចេញពីការប្រកួត តាំងពីនាទីទី៣៩។

យ៉ាងណា ក្នុងការប្រកួត«ត្រឡប់» ក្រុមថូថេនហាម អាចនឹងមានកីឡាករខ្លាំងៗរបស់ខ្លួន វិលមកប្រកួតវិញ។ ក្នុងយប់នេះ កីឡាករខ្លាំងៗ របស់ក្រុមអង់គ្លេសមួយនេះ មិនបានចូលមកប្រកួតទេ ដោយមូលហេតុរបួស និងទទួលបានកាតលឿង កាលពីការប្រកួតមុនៗ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។