ពិភពលោក

កងទ័ព​​ងាក​​មក​​«គាំទ្រ»​​មេដឹកនាំ​​ប្រឆាំង ខណៈ ម៉ាឌូរ៉ូ បរិហារ​ពី​​រដ្ឋប្រហារ

ស្ថានភាពនយោបាយ នៅប្រទេសវេណេហ្សុយអេឡា កំពុងប្រែប្រួល ក្នុងពេលនេះ។ បើតាមសារព័ត៌មានក្នុងតំបន់ជាច្រើន បានប្រកាសនៅព្រឹកនេះថា កងទ័ពវេណេហ្សុយអេឡា បានងាកមក«គាំទ្រ» មេដឹកនាំប្រឆាំង លោក រ៉ន់ ហ្គេឌូ (Juan Guaido) ដែលត្រូវបានចាត់ទុក ជាប្រធានាធិបតីស្ដីទីរបស់ប្រទេស ដោយមហាអំណាចធំៗ និងបណ្ដាប្រទេសប្រមាណ ជាង៥០ ក្នុងពិភពលោក។

ភាពក្រឡាប់ចាក់ ដែលត្រូវបានរដ្ឋអំណាច របស់លោកប្រធានាធិបតីក្នុងតំណែង លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ចាត់ទុកជាបានការ។ លោក នីកូឡា ម៉ាឌូរ៉ូ ខ្លួនលោកបានបរិហារថា «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ កំពុងប្រព្រឹត្តិទៅ»។

រដ្ឋមន្ត្រីឃោសនាការ នៃរបបដឹកនាំរបស់លោក នីកូឡា ម៉ាឌូរ៉ូ គឺលោក រ៉កជេ រ៉ូឌ្រីហ្គេស (Jorge Rodriguez) បានប្រកាសតាមបណ្ដាញសង្គមទ្វីសធើរ នៅមុននេះ​ថា៖

«នៅខណៈនេះ យើងកំពុងប្រឈមមុខ និងធ្វើការបង្ក្រាប ទល់នឹងក្រុមយោធា ដែលត្រូវបានបណ្ដេញចោល និងដែលបានក្បត់ (…) ហើយកំពុងគាំទ្រ ការធ្វើរដ្ឋប្រហារ ប្រឆាំងរដ្ឋធម្មនុញ្ញ និងសន្តិភាព របស់សាធារណរដ្ឋ [វេណេហ្សុយអេឡា]។»

នៅក្នុងព្រឹត្តិការណ៍ដដែល មេដឹកនាំប្រឆាំងមួយរូបទៀត លោក ឡេអូប៉ូលដូ ឡូប៉េស (Leopoldo Lopez) ដែលត្រូវបានឃុំខ្លួនក្នុងផ្ទះ (ក្នុងរដ្ឋធានី ការ៉ាកាស) តាំងពីច្រើនឆ្នាំមកនោះ ក៏ត្រូវបាន​កងទ័ពស្និតលោក រ៉ន់ ហ្គេឌូ រំដោះ​ឲ្យមានសេរីភាព​វិញដែរ។

នៅមុននេះ លោក រ៉ន់ ហ្គេដូ បានបង្ហោះវីដេអូមួយ បង្ហាញពីការ«គាំទ្រ» របស់កងទ័ព «ដ៏ក្លាហាន» ដែលផ្ទុះចេញពីបន្ទាយទាហាន នៅក្នុងរដ្ឋធានី ការ៉ាកាស។ អមជាមួយទាហានទាំងនោះ លោក ហ្គេឌូ បានថ្លែងឡើងថា៖

«ថ្ងៃនេះ វីរកងទ័ព វីរពលរដ្ឋ និងវីរជន ដែលស្រឡាញ់រដ្ឋធម្មនុញ្ញ បានឆ្លើយតបនឹងការអំពាវនាវរបស់យើង។ ហើយយើង ក៏បានឆ្លើយតបទៅវិញ ថាយើងនឹងជួបគ្នា នៅតាមដងផ្លូវនានា នៃប្រទេសវេណេហ្សុយអេឡា។»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។