ពិភពលោក

«រន្ទះបាញ់»​បានធ្វើ​ឲ្យខូច​ប្រព័ន្ធបើកបរ​ដោយ​ស្វ័យប្រវត្តិ​របស់​យន្ដហោះ

ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ លែងដំណើរការ និងបញ្ហាផ្នែកគ្រឿងម៉ាស៊ីនបើកបរ បង្កឡើងដោយ«រន្ទះបាញ់» គឺជាមូលហេតុដែលធ្វើឲ្យយន្ដហោះ ប្រភេទ«Soukhoï Superjet 100» ជួបគ្រោះថ្នាក់កាលពីដើមខែឧសភាកន្លងទៅនេះ ក្នុងរដ្ឋធានីម៉ូស្គូ។ នេះ បើតាមរបាយការណ៍របស់ក្រុមអ្នកស៊ើបអង្កេត ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃសុក្រ។

គ្រោះថ្នាក់នោះ បានសម្លាប់មនុស្ស ៤១នាក់ ពីក្នុងចំណោមមនុស្ស៧៨នាក់ ដែលមានគម្រោងធ្វើដំណើរ ទៅកាន់ក្រុង «Mourmansk» ស្ថិតនៅក្នុងតំបន់ប៉ូលខាងជើង នៃប្រទេសរ៉ុស្ស៊ី។

ក្រុមអ្នកស៊ើបអង្កេត បានសិក្សាទៅលើទិន្នន័យ នៃប្រអប់ខ្មៅ របស់យន្ដហោះ ដែលទើបនឹងផលិតនៅឆ្នាំ២០១៧ និងបានរកឃើញស្លាកស្នាមឆេះខ្លោច នៅខាងក្រៅយន្ដហោះ ដែលបញ្ជាក់ថា យន្ដហោះត្រូវបានវាយប្រហារ ដោយរន្ទះបាញ់។

បើតាមរបាយការណ៍ដដែលនោះ ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ បានឈប់ដំណើរការ បន្ទាប់ពីយន្ដហោះងើបខ្លួនហោះចេញ ពីព្រលានយន្ដហោះ «Cheremetievo» នៃរដ្ឋធានីម៉ូស្គូ បានប្រមាណជា១៥នាទី។

គ្រប់យន្ដហោះនៅលើផែនដី សុទ្ធតែអាចដំណើរការបាន ដោយមិនចាំបាច់មានប្រព័ន្ធបើកបរជាស្វ័យប្រវត្តិ និងបើទោះជាយន្ដហោះទាំងនោះ ត្រូវបានវាយប្រហារ ដោយរន្ទះបាញ់ក៏ដោយ។ ក្រុមអ្នកស៊ើបអង្កេតរ៉ុស្ស៊ី បានបន្តទៀតថា ប៉ុន្តែបញ្ហាផ្នែកគ្រឿងម៉ាស៊ីនបើកបរ បានបន្ថែមគ្រោះ ដើម្បីឲ្យយន្ដហោះខាងលើ ចាំបាច់ត្រូវហោះត្រឡប់ក្រោយ មកចុះចតវិញជាបន្ទាន់។

ការចុះចតជាបន្ទាន់នោះ ធ្វើឡើងដោយល្បឿនដ៏លឿន និងបានបណ្ដាលឲ្យអគ្គិភ័យ បានឆាបឆេះផ្នែកខាងក្រោយ របស់យន្ដហោះ។ ជនរងគ្រោះទាំង៤១នាក់ បានបាត់បង់ជីវិត នៅក្នុងគ្រោះអគ្គិភ័យនោះ។ អ្នកបើកបរទាំងពីរនាក់ រួមទាំងអ្នកដំណើរមួយចំនួន នៅខាងមុខយន្ដហោះ បានរួចរស់នៅមានជីវិត។

យន្ដហោះប្រភេទ «Superjet 100» ជាស្នាដៃប្រកបដោយមោទនភាព របស់ប្រទេសរ៉ុស្ស៊ី ដែលត្រូវបានដាក់ចេញ ឲ្យធ្វើការហោះហើរជាផ្លូវការ នៅឆ្នាំ២០១១។ តែក្រៅពីប្រទេសរ៉ុស្ស៊ីខ្លួនឯង យន្ដហោះយីហោថ្មីនេះ កម្ររកបានទីផ្សារ នៅឯបរទេសណាស់ ដោយសារបច្ចេកវិទ្យាមិនគួរឲ្យជឿជាក់ របស់យន្ដហោះនេះ បើធៀបនឹងយីហោ​យន្ដហោះ ធំៗផ្សេងទៀត៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។