វីដេអូ ពីនេះពីនោះ

ត្រាំ ដេញ​នាយកខុទ្ទកាល័យ​ចេញពី​បន្ទប់ ព្រោះ…«ក្អក»

បើគ្មានសុខភាព«មាំមួនពេញបរិបូរណ៍»ទេ ចូរកុំនៅក្បែរលោក ដូណាល់ ត្រាំ (Donald Trump) ឬបើមិនដូច្នេះទេ ឬហ៊ាន«ក្អក» នឹងត្រូវប្រធានាធិបតីអាមេរិករូបនេះ បណ្ដេញចេញពីបន្ទប់ ដូចករណីរបស់លោក «Mick Mulvaney» នាយកខុទ្ទកាល័យស្តីទី ម្នាក់នេះជាដើម។

ហេតុការណ៍នេះ កើតឡើងក្នុងកិច្ចសម្ភាសមួយ ជាមួយបណ្ដាញទូរទស្សន៍ «ABC» ដែលត្រូវបានទូរទស្សន៍នេះ យកមកចាក់ផ្សាយ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ។ កិច្ចសម្ភាសនោះ ធ្វើឡើង ក្នុងការិយាល័យប្រធានាធិបតី នៃសេតវិមាន។

នៅខណៈពេលលោក ដូណាល់ ត្រាំ កំពុងឆ្លើយទៅនឹងសំនួរ របស់អ្នកសារព័ត៌មាន លោក «George Stephanopoulos»… រំពេចនោះ ស្រាប់តែលោក «Mick Mulvaney» បានក្អក«ឃូសៗ»ឡើង។ ដោយទំនងជាមិនអាចទ្រាំទ្របាន ប្រធានាធិបតីនៃប្រទេសមហាអំណាច បានផ្អាកបទសម្ភាស ដោយថ្លែងឡើងថា៖

«ឈប់… សុំចាំមួយភ្លែត! យើងនឹងធ្វើ​[បទសម្ភាស]​ឡើងវិញ។ គាត់ [Mick Mulvaney] បានក្អក នៅពេលខ្ញុំកំពុងឆ្លើយនឹងសំនួរ។ ខ្ញុំមិនចូលចិត្តរឿងបែបនេះទេ មិនចូលចិត្តទាល់តែសោះ។»

បន្ទាប់មក លោក ត្រាំ បានងាកទៅរកនាយកស្ដីទី នៃខុទ្ទកាល័យប្រធានាធិបតី ដោយបន្លឺពាក្យស្ដីបន្ទោសដូច្នេះថា៖

«បើអ្នកឯងត្រូវក្អក សូមអ្នកឯងចេញពីបន្ទប់។ អ្នកឯងមិនអាចគ្រាន់តែ… អ្នកឯងមិនអាចក្អកបានទេ។»

សារព័ត៌មានអាមេរិក បានអះអាងថា លោក «Mick Mulvaney» ត្រូវបង្ខំចិត្តចេញពីបន្ទប់ពងក្រពើ របស់ប្រធានាធិបតីអាមេរិក ដើម្បីឲ្យកិច្ចសន្ទនារវាងលោក ត្រាំ និងអ្នកកាសែត អាចបន្តដំណើរទៅមុខ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។

Tags: Donald Trump