អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB / RSF) បានបរិហារប្រទេសជាច្រើន នៅលើពិភពលោក រួមទាំងកម្ពុជា ថាបានបើកយុទ្ធនាការ នៅក្នុងរយៈពេលនៃការរាតត្បាត ជំងឺ«Covid-19» ដើម្បីតាមយាយី បង្ក្រាបតាមគ្រប់រូបភាព ទៅលើអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន ដែលគ្រាន់តែពួកគេធ្វើការងារ ផ្ដល់ព័ត៌មានអំពីជំងឺនេះប៉ុណ្ណោះ។
របាយការណ៍ចេញផ្សាយ នៅថ្ងៃទី១២ ខែមិថុនារបស់ «RWB / RSF» បានឲ្យដឹងថា ប្រទេសប្រមាណជា៣០ ពីទ្វីបទាំង៥ ក្នុងនោះរាប់ទាំងកម្ពុជា បានជាប់ឈ្មោះ ជាប្រទេសកោងកាច ដែលអង្គការអន្តរជាតិមួយនេះចាត់ទុកថា បានប្រើប្រាស់ការរាតត្បាត នៃជំងឺ«Covid-19» ដើម្បីបង្ហាញសាច់ដុំដាក់អ្នកកាសែត ក្រោមការចោទ ពីបទញុះញង់ ឬផ្ដល់ព័ត៌មានមិនពិត បង្កចល្លាចលជាដើម។
អង្គការឃ្លាំមើលសេរីភាពសារព័ត៌មាន ដែលមានទីស្នាក់ការ នៅក្នុងរដ្ឋធានីប៉ារីស (បារាំង) បានលើកយកករណី នៃប្រទេសកម្ពុជា មកបញ្ជាក់ថា ក្រោមផ្លាកនៃការប្រកាសសភាពអាសន្ន ប្រទេសមួយនេះបានបង្កើតច្បាប់មួយឡើង ដើម្បីគ្រាន់តែធ្វើការរាំងខ្ទប់ ចំពោះព័ត៌មានទាំងឡាយណា ដែលមិនត្រូវចិត្តមេដឹកនាំ។ របាយការណ៍បានសរសេរថា៖
«រដ្ឋាភិបាលកម្ពុជា បានបង្កើតបានច្បាប់មួយ ដើម្បីធ្វើជាឧបករណ៍ នៅក្នុងដៃ ដើម្បីហាមឃាត់ការផ្សព្វផ្សាយ នូវរាល់ព័ត៌មានទាំងឡាយ ដែលច្បាប់នេះហៅថា បង្កចល្លាចល បង្កើតភាពភ័យភិត ឬធ្វើឲ្យប៉ះពាល់ ដល់សណ្ដាប់ធ្នាប់។»
លោក «Christophe Deloire» អគ្គលេខាធិការ នៃអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ត្រូវបានស្រង់សំដី មកចុះផ្សាយថា៖
«វិបត្តិសុខាភិបាល បង្កើឡើងដោយមេរោគកូរូណា បានពង្រីកឲ្យមានវិបតិ្តទាំងអស់ និងជាពិសេស បង្កផល់ប៉ះពាល់ ដល់វិជ្ជាជីវៈសារព័ត៌មាន និងសិទ្ធិសេរីភាព ក្នុងការទទួលបានព័ត៌មាន។»
លោកបន្តថា៖
«ដើម្បីបង្កើនការបង្ក្រាប ឲ្យកាន់តែខ្លាំង របបដឹកនាំដ៏អាក្រក់បំផុត នៅជុំវិញពិភពលោក បានប្រើគ្រប់មធ្យោបាយទាំងអស់ (…) ហើយនៅពេលពួកគេគិតថា នៅមិនទាន់គ្រប់គ្រាន់នោះ ពួកគេបានបន្ថែមមធ្យោបាយផ្សេងទៀត ក្រោមលេសការប្រកាសភាពអាសន្ន ឬវិធានការពិសេស។»
«នៅថ្ងៃនេះ ដល់ពេលដែលត្រូវបញ្ឈប់ នូវរាលចំណាត់ការពិសេសទាំងនោះ និងបើកលំហ សម្រាប់សេរីភាពព័ត៌មានឡើងវិញ។»
នៅក្នុងប្រទេសកម្ពុជា ករណីចាប់អ្នកកាសែតដាក់ពន្ធនាគារ បិទស្ថាប័នព័ត៌មាន និងការរាំងខ្ទប់គេហទំព័រ បានកើតមានជាហូហែរ ក្នុងរយៈពេល ចាប់ពីចុងខែមីនាមក។
កាលពីដើមខែមេសា លោក សុវណ្ណ រិទ្ធី ម្ចាស់ស្ថាប័ន«FBTV» ក៏ត្រូវបានចាប់ខ្លួន ដាក់ពន្ធនាគារដែរ បន្ទាប់ពីលោក បានចុះផ្សាយ នៅលើបណ្ដាញសង្គម នូវការដកស្រង់សំដី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែង ឲ្យអ្នករត់ម៉ូតូឌុប លក់ម៉ូតូ ដើម្បីទិញអង្ករហូប នៅក្នុងរយៈពេល នៃវិបត្តិ«Covid-19»។
នៅចុងខែមីនា គេហទំព័រ របស់ទស្សនាវដ្ដីមនោរម្យ «MONOROOM.info» បានរងការរាំងខ្ទប់ ដោយមិនឲ្យប្រិយមិត្តបើកចេញ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីស្ថាប័នមិនចំណុះមួយនេះ បានផ្សាយរបាយការណ៍ ជាបន្តបន្ទាប់ ស្ដីពីជំងឺ «Covid-19» នៅកម្ពុជា និងនៅប្រទេសចិន។
ករណីទាំងពីរខាងលើ រងការថ្កោលទោស ដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (ចុចអានទីនេះ និងទីនេះ) ដោយហៅទង្វើទាំងនេះ ថាជាការគម្រាមកំហែង ទៅលើសិទ្ធិ អ្នកសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន របស់ពលរដ្ឋកម្ពុជា។
នៅក្នុងបញ្ជីសន្ទស្សន៍ របស់អង្គការអន្តរជាតិខាងលើ ប្រទេសកម្ពុជាបានបន្តធ្លាក់ ចំណាត់ថ្នាក់ប្រចាំឆ្នាំ របស់ខ្លួន ស្ដីពីសេរីភាពសារព័ត៌មាន ពីលេខរៀងទី១៤៣ ក្នុងឆ្នាំមុន មកលេខ១៤៤ ក្នុងឆ្នាំ២០២០នេះ ពីក្នុងចំណោម១៨០ប្រទេស នៅជុំវិញពិភពលោក៕