ពិភពលោក

នាយករដ្ឋមន្ត្រី​ក្រិច​«ផុតដំណែង»​ទទួលស្គាល់​បរាជ័យ ក្នុង​ការបោះឆ្នោត

ក្រោយការចេញផ្សាយ នូវការស្ទង់លទ្ធផលដំបូង លោក «Alexis Tsipras» នាយករដ្ឋមន្ត្រី«ផុតដំណែង» របស់ប្រទេសក្រិច បានប្រកាសទទួលស្គាល់បរាជ័យ របស់គណបក្សលោក និងបានថ្លែងជូនពរអ្នកឈ្នះឆ្នោត ក្នុងការឡើងមកដឹកនាំប្រទេសក្រិច ដែលបានចេញផុត ពីវិបត្តិក្ស័យធន កាលពីច្រើនឆ្នាំមុន។

កាលពីថ្ងៃអាទិត្យទី៧ ខែកក្កដា ឆ្នាំ២០១៩ម្សិលម៉ិញ គណបក្សអភិរក្សនិយម នៃប្រទេសក្រិច ដែលដឹកនាំដោយលោក «Kyriakos Mitsotakis» បានឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ពីលើគណបក្សឆ្វេងនិយម របស់លោក «Alexis Tsipras»។ ព្រឹត្តិការណ៍នេះ ទទួលបានការចូលរួមបោះឆ្នោត ពីសំណាក់ពលរដ្ឋក្រិច ច្រើនជាង១០លាននាក់។

តាមការស្ទង់លទ្ធផលឆ្នោត ក្នុងជំហានដំបូង បានឲ្យដឹងថា លោក «Kyriakos Mitsotakis» ដែលដឹកនាំគណបក្សប្រជាធិបតេយ្យថ្មី (ND) នឹងអាចឡើងធ្វើជានាយករដ្ឋមន្ត្រី ដោយទទួលបានសម្លេងឆ្នោត ៤០ភាគរយ ទល់នឹងនាយករដ្ឋមន្ត្រីផុតដំណែង ដែលទទួលបានត្រឹមតែ ២៨.៥ភាគរយ។

ក្នុងរដ្ឋសភាក្រិច ដែលមានអាសនៈ៣០០កៅអី គណបក្សរបស់លោក «Kyriakos Mitsotakis» នឹងទទួលបាន១៦៧អសនៈ ទល់នឹងគណបក្សឆ្វេងនិយម ដែលរក្សាអសនៈរបស់ខ្លួន បានត្រឹមតែ៨២ប៉ុណ្ណោះ។ ក្នុងនីតិកាលកន្លងទៅ គណបក្សឆ្វេងនិយម របស់លោក «Alexis Tsipras» បានកាន់កាប់អសនៈក្នុងរដ្ឋសភា ១៤៤កៅអី។

លោក «Kyriakos Mitsotakis» ដែលបានឡើង មកដឹកនាំ​គណបក្សប្រជាធិបតេយ្យថ្មី (ស្ដាំនិយម) ត្រូវបានមើលឃើញថា ជាអ្នកកែទម្រង់មួយរូប ដែលមានទំនោរទៅរកពិភពជំនួញ។ លោកបានសន្យាថា នឹងធ្វើឲ្យសេដ្ឋកិច្ចក្រិច មានដំណើរការឡើងវិញ និងមិនត្រូវខ្វល់ខ្វាយ ពី«វិបត្តិ» ដែលបានញាំញីប្រទេសក្រិច សឹងតែឈានដល់ដំណាក់កាល«ក្ស័យធន់»នោះទៀតទេ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។