វីដេអូ ពីនេះពីនោះ

នាវាយក្ស​រសាត់តាមកម្លាំងព្យុះ បង្ក​ភាព​ព្រឺព្រួច​ដល់​តំបន់​ឆ្នេរនៅ​ វើនីស

មានបណ្ដោយប្រវែង ២៩៤ម៉ែត្រ នាវាកម្សាន្ដយក្ស ដែលមានឈ្មោះ «Costa Deliziosa» បានហៀបបង្កឲ្យមានគ្រោះថ្នាក់ ដ៏សម្បើមមួយ នៅនឹងឆ្នេរសមុទ្រ នៃក្រុង វើនីស (Venise) ប្រទេសអ៊ីតាលី។ 

ហេតុការណ៍កើតឡើង កាលពីថ្ងៃសៅរ៍ទី៦ ខែកក្កដា ឆ្នាំ២០១៩នេះ។ វីដេអូ ដែលត្រូវបានថត ដោយអ្នកប្រើប្រាស់បណ្ដាញយូធូបម្នាក់ បង្ហាញថា នាវាយក្ស «Costa Deliziosa» ដែលរសាត់ខ្លួន តាមកម្លាំងភ្លៀង-ព្យុះសមុទ្រដ៏ខ្លាំង បានរំកិលខ្លួនយ៉ាងព្រឺព្រួច នៅតែប៉ុន្មានម៉ែត្រ ពីច្រាំង «Riva dei Sette Martiri» និងនាវាសមុទ្រមួយទៀត ដែលចតនៅទីនោះ។

គ្រោះថ្នាក់ត្រូវបានបញ្ចៀស ព្រោះនាវាយក្ស «Costa Deliziosa» ត្រូវបានទាញចេញ ឲ្យបត់ក្បាលចូលទៅសមុទ្រវិញ ដោយនាវាសណ្ដោងមួយផ្សេង (មើលមិនឃើញ ក្នុងវីដេអូ)។

ក្រុមហ៊ុនរៀបចំដំណើរកម្សាន្ដ ដែលជាម្ចាស់របស់នាវាយក្ស បានទម្លាក់កំហុស ទៅលើស្ថានភាពឧត្តុនិយម ដែលមានកម្លាំងដ៏ខ្លាំងក្លា មិនដែលធ្លាប់កើតមាន​ ពីមុនមក។

ដើម្បីបង្កាគ្រោះថ្នាក់ ដែលអាចកើតឡើង ជាយថាហេតុដូច្នេះ អាជ្ញាធរគ្រប់គ្រងតំបន់ឆ្នេរ នៃក្រុងវើនីស បានគ្រោងចាត់វិធានការមួយចំនួន ក្នុងនោះដូចជា ហាមឃាត់នាវាកម្សាន្ដយក្សទាំងឡាយ ដែលមាន​ទំហំ​ប្រហាក់ប្រហែល​នាវា​ខាងលើ មិនឲ្យចូលមកចត នៅពេលមានស្ថានភាពឧត្តុនិយម មិនអំណោយផល៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។