អាស៊ី-ប៉ាស៊ីភិក

ក្រឡាប់​ឡានក្រុង​នៅ​ឥណ្ឌា​ព្រោះ​អ្នកបើក​ងោក – ស្លាប់​យ៉ាងតិច​២៩នាក់

ស្លាប់​យ៉ាងតិច​២៩នាក់ នៅក្នុងហេតុការណ៍ក្រឡប់រថយន្ដមួយ ដែលបានកើតឡើង ក្នុងព្រឹកថ្ងៃចន្ទនេះ នាសង្កាត់ «Agra» នៃរដ្ឋ «Uttar Pradesh» ភាគខាងជើងប្រទេសឥណ្ឌា។ រថយន្ដក្រុងដែលត្រូវចេញដំណើរ​ ពីទីនោះ បើកឆ្ពោះទៅកាន់រដ្ឋធានី ញូដេលី បានធ្លាក់ចេញពីផ្លូវ មុននឹងក្រឡាប់ជាច្រើនត្រឡប់ ចូលទៅក្នុងប្រឡាយទឹក នៅខាងក្រោម។

ពីក្នុងចំណោមអ្នកដំណើរ ៤៦នាក់ ដែលជិះក្នុងរថយន្ដក្រុងនោះ អាជ្ញាធរបានរកឃើញអ្នកបាត់បង់ជីវិត មានចំនួន២៧នាក់ នៅនឹងកន្លែង។ អាជ្ញាធរបានអះអាងទៀតថា មនុស្សពីរនាក់ទៀត បានស្លាប់នៅឯមន្ទីរពេទ្យ ខណៈមនុស្ស១៧នាក់ផ្សេង ដែលរងរបួស កំពុងស្ថិតក្រោមការព្យាបាល។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា អ្នកបើកបរបានងោក ក្នុងខណៈពេលខ្លួនបានកាន់ចង្កូតរថយន្ដ មកដល់ផ្លូវកោងមួយនេះ។ យ៉ាងណា នគរបាលតំបន់បានអះអាង ខ្លួនកំពុងស៊ើបអង្កេត ដើម្បីស្វែងរកហេតុផលពិត ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នេះឡើង។

នៅប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនលំដាប់ទីពីរ បន្ទាប់ពីប្រទេសចិន គ្រោះថ្នាក់ចរាចរបានសម្លាប់មនុស្ស ប្រមាណជា១៤៩០០០នាក់ ក្នុងឆ្នាំ២០១៨កន្លងទៅ។ នេះ បើតាមរបាយការណ៍ ចេញផ្សាយដោយអាជ្ញាធរ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។