ពិភពលោក

ដាណឺម៉ាក៖ ផ្ទុះអាវុធ​ក្នុងផ្សារទំនើប​កណ្ដាលរាជធានី – ស្លាប់​«៣នាក់»

មនុស្ស«៣នាក់»បានស្លាប់ និងច្រើននាក់ផ្សេងទៀត បានរងរបួស នៅក្នុងការផ្ទុះអាវុធមួយ ដែលបានកើតឡើង វេលាក្បាលព្រលប់ថ្ងៃអាទិត្យ ក្នុងផ្សារទំនើបមួយកន្លែង នៃរាជធានី កូប៉ិនហាក (Copenhague) ប្រទេសដាណឺម៉ាក។ នេះបើតាមការអះអាង របស់នគរបាលដាណឺម៉ាក ក្នុងយប់ថ្ងៃដដែល ដោយបញ្ជាក់ថា អាជ្ញាធរបានចាប់ខ្លួន ជនសង្ស័យជាខ្មាន់កាំភ្លើង ដែលជាជនជាតិដាណឺម៉ាក អាយុ២២ឆ្នាំ។

នៅតាមប្រព័ន្ធផ្សព្វផ្សាយ និងនៅលើបណ្ដាញសង្គម គេបានឃើញរថយន្ដរបស់នគរបាល និងរថយន្ដសង្គ្រោះ ត្រូវបានបញ្ជូនទៅកាន់ជុំវិញអាគារ នៃផ្សារទំនើប«Field’s» ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីព្រលានយន្ដហោះអន្តរជាតិ នៃរាជធានី កូប៉ិនហាក។ កងកម្លាំងអាជ្ញាធរ ប្រដាប់ដោយអាវុធធុនធ្ងន់ ត្រូវបានដាក់ពង្រាយ និងបញ្ជាឲ្យបណ្ដាជននៅនឹងកន្លែង ឲ្យស្វែងរកទីសុវត្ថិភាព។

ជនសង្ស័យ ត្រូវបានថតឃើញ កំពុងដើរក្នុងអាគារ ដោយមានកាន់នៅក្នុងដៃ នូវកាំភ្លើងវែងមួយដើម។ អធិការនគរបាលរាជធានី លោក «Søren Thomassen» បានថ្លែងក្នុងសន្និសីទកាសែតថា៖

«មនុស្ស៣នាក់បានស្លាប់ និងច្រើននាក់រងរបួស ក្នុងនោះ ៣នាក់ កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដែលត្រូវសង្គ្រោះបន្ទាន់។»

នគរបាលបានស្គាល់ជនសង្ស័យ នៅក្នុងក្របខណ្ឌនៃបទល្មើសតូចតាច តែមិនបានស្រាវជ្រាវឃើញពីមុនមកថា ជននេះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ។ លោកនាយនគរបាល «Søren Thomassen» បានបន្តថា៖

«នៅលើបណ្ដាញសង្គម គេឃើញជននេះបង្ហាញប្រតិកម្ម មានទម្រង់​ជាការ​ប្រកាន់ពូជសាសន៍ ឬអាចមាន​ទម្រង់អ្វីផ្សេង តែនៅវេលានេះ ខ្ញុំមិនទាន់អាចនិយាយបានថា ជនសង្ស័យបានធ្វើទង្វើបាញ់ប្រហារខាងលើ ដើម្បីបុព្វហេតុអ្វីនៅឡើយ។»

យ៉ាងណា អាជ្ញាធរដាណឺម៉ាកបានអះអាងថា ខ្លួនកំពុងធ្វើការអង្កេត ទៅលើវីដេអូដែលជនសង្ស័យ ដែលបានដាក់បង្ហោះនៅលើទំព័ររបស់ខ្លួន នឹងដែលថតបង្ហាញតម្រង់កាណុងកាំភ្លើង ចូលក្នុងមាត់ខ្លួនឯង។ ការស៊ើបអង្កេត អាចសង្កត់ធ្ងន់ទៅលើស្ថានភាពផ្លូវចិត្ត របស់ជនខ្មាន់កាំភ្លើង ដែលបានធ្វើសកម្មភាពបាញ់ប្រហារ «តែម្នាក់ឯង»។ តែអាជ្ញាធរមិនបានច្រានចោលនៅឡើយ អំពីលទ្ធភាពនៃទង្វើភេរវកម្ម

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។