វីដេអូ ពីនេះពីនោះ

ឥណ្ឌា៖ ទារិកាមួយរូប​កើតចេញពីផ្ទៃ មានជើង៤ និងដៃ៤

អ្នកម្ដាយជាតិឥណ្ឌាម្នាក់ បានផ្ដល់កំណើត​ដល់ទារិកាមួយរូប ដែល«មានជើង៤ និងដៃ៤»។ ក្រុមអ្នកមានជំនឿស៊ប់ខាងសាសនា បានជឿជាក់ថា អព្ភូតហេតុខាងលើ គឺព្រះរស់ចាប់កំណើត (!)។

ស្រីជាម្ដាយ មានឈ្មោះ«Kareena» និងរស់នៅក្នុងក្រុង«Hardoi» រដ្ឋ«Uttar Pradesh» ភាគខាងជើងនៃប្រទេសឥណ្ឌា។ នាង«Kareena» បានផ្ដល់កំណើតដល់ទារិកា«ចម្លែក» កាលពីថ្ងៃទី២ ខែកក្កដា កន្លងមក។ ទាំងពីរនាក់ម្ដាយកូន មានសុខភាពល្អធម្មតា ហើយទារិកាកំពុងត្រូវបានក្រុមគ្រូពេទ្យ ដាក់ក្នុងការតាមដានសុខភាព ដើម្បីឈានទៅធ្វើការវះកាត់ យកចេញនូវអវយវៈដែលលើស។ 

យ៉ាងណា អព្ភូតហេតុមួយនេះ អាចត្រូវបានចាត់ទុកថា ជារឿងដ៏កម្រ តែមិនមែនមានន័យថា មិនធ្លាប់កើតមានពីមុនមកទេ ជាពិសេសនៅក្នុងប្រទេសឥណ្ឌានេះតែម្ដង។

កាលពីដើមឆ្នាំកន្លងមក អ្នកម្ដាយម្នាក់ផ្សេង ក៏បានផ្ដល់កំណើត នូវទារកដែល«មានជើង៤ និងដៃ៤»​ដូច្នេះដែរ។ ក្នុងឆ្នាំ២០០៥ ទារិកាម្នាក់ទៀត ឈ្មោះ«Lakshmi Tatma» ក៏មានកំណើតកើតមក ទទួលទម្រង់ប្រហាក់ប្រហែលគ្នា មុននឹងទទួលបានការវះកាត់​ដោយជោគជ័យ នៅឆ្នាំ២០០៧ ពីសំណាក់គ្រូពេទ្យជំនាញ ប្រមាណជា៣០នាក់។ 

អ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យជំនាញ បានពន្យល់ពីអព្ភូតហេតុខាងលើថា គឺជាការចាប់កំណើត​មានទម្រង់ខុសធម្មតា ដោយហេតុថា នៅក្នុងផ្ទៃម្ដាយ ទារកទាំងនេះ បានកកើតពីមេជីវិតភ្លោះ (ដែលតាមធម្មតា ផ្ដល់ជីវិតជាកូនភ្លោះ)។ តែសុខភាពរបស់ម្ដាយ ដែលមិនមានអំណោយផល បានធ្វើឲ្យកូនភ្លោះមួយ ហៅថា«Parasitic twin» មិនអាចកកើតខ្លួន ជាទារកធម្មតា ដូចទារកភ្លោះមួយទៀតទេ។ ផ្ទុយទៅវិញ «Parasitic twin»មួយនេះ បែរជាទៅភ្ជាប់ការកកើតខ្លួន ជាមួយនឹងទារកភ្លោះធម្មតា រហូតដល់ថ្ងៃចាប់កំណើត។ 

សូមទស្សនាការពន្យល់ ជាវីដេអូ៖

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។