ពិភពលោក

ហ្គេដូ៖ «ភារកិច្ចខ្ញុំ គឺត្រូវ​នៅក្នុង​ស្រុក ទោះ​ត្រូវមាន​គ្រោះថ្នាក់​បែបណាក្ដី»

«ក្លាយជាអ្នកទោសម្នាក់ មិនមានប្រយោជន៍អ្វីទេ ហើយធ្វើជាប្រធានាធិបតីនិរទេសខ្លួនមួយរូប ក៏មិនខុសគ្នាដែរ។ យើងកំពុងស្ថិតក្នុងស្ថានភាព ដែលមិនធ្លាប់មានពីមុនមក (…) តួនាទីរបស់ខ្ញុំ និង ភារកិច្ចខ្ញុំ គឺត្រូវនៅក្នុងរដ្ឋធានី ការ៉ាកាស ទោះជាត្រូវប្រឈមនឹងគ្រោះថ្នាក់បែបណាក្ដី។»

ខាងលើនេះ ជាសម្រង់សំដីលោក រ៉ន់ ហ្គេដូ (Juan Guaido) មេដឹកនាំប្រឆាំង និងជាប្រធានរដ្ឋសភា ដែលបានប្រកាសខ្លួន ឡើងធ្វើប្រធានាធិបតីស្ដីទី នៃប្រទេស​វេណេស៊ុយអេឡា តាមរយៈកិច្ចសម្ភាសមួយ ផ្សាយក្នុងថ្ងៃអង្គារនេះ នៅលើកញ្ចក់ទូរទស្សន៍ «NTN24» របស់ប្រទេសកូឡំប៊ី។

ឆ្លៀតឱកាស នៃវត្តមាននៅក្នុងប្រទេស កូឡំប៊ី លោក ហ្គេដូ បានធ្វើដំណើរទៅកាន់ក្រុង «Cucuta» ដែលស្ថិតនៅជាប់ព្រំដែន ជាមួយប្រទេសវេណេស៊ុយអេឡា ដើម្បីដឹកនាំពីទីនោះ នូវការដឹកជញ្ជូនជំនួយមនុស្សធម៌ ច្រើនសិបតោន ដែលត្រូវបានបញ្ជូនមកពីសហរដ្ឋអាមេរិក តាមការស្នើសុំរបស់លោក។

ជំនួយមនុស្សធម៌ទាំងនោះ ត្រូវបានរដ្ឋាភិបាលលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីក្នុងតំណែង រារាំងមិនឲ្យដឹកចូល មកក្នុងទឹកដីវេណេស៊ុយអេឡា ដោយសំអាងថា ជំនួយទាំងនោះ មានបង្កប់ដោយកិច្ចអន្តរាគមន៍យោធាអាមេរិក។ លោក ម៉ាឌូរ៉ូ ថែមទាំងបញ្ជាឲ្យបិទព្រំដែន និងផ្ដាច់ទំនាក់ទំនងការទូត ជាមួយប្រទេសកូឡំប៊ីថែមទៀត។

«តួនាទី និង ភារកិច្ចខ្ញុំ»

កាលពីថ្ងៃចន្ទនេះ លោក រ៉ន់ ហ្គេដូ បានធ្វើដំណើរមកកាន់រដ្ឋធានី បូហ្គោតា (Bogota – រដ្ឋធានីរបស់ប្រទេសកូឡំប៊ី) ដើម្បីចូលរួមប្រជុំក្នុងជំនួប នៃបណ្ដាប្រទេស ក្នុងក្រុម លីម៉ា (ដែលមាន១៣ប្រទេស ពីទ្វីបអាមេរិកឡាទីន បូកនឹងប្រទេសកាណាដា) ក្នុងទិសដៅដាក់បង្ខំលោក ម៉ាឌូរ៉ូ ឲ្យចាកចេញពីអំណាច ដោយមិនប្រើប្រាស់ការបង្ហូឈាម ឬវិធានការយោធា។

ក្រុមប្រទេសទាំងនេះ បូករួមនឹងក្រុមប្រឆាំងក្នុងប្រទេស បានចាត់ទុកការបន្តអំណាច របស់លោក នីកូឡា ម៉ាឌូរ៉ូ ដែលអះអាងបានជាប់ឆ្នោត ចេញពីការបោះឆ្នោត«ក្លែងបន្លំ»មួយ គឺជាទង្វើមិនស្របច្បាប់។ ការប្រទាំងប្រទើស ដែលនាំឲ្យលោក រ៉ន់ ហ្គេដូ ប្រកាសខ្លួននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ជាប្រធានាធិបតីស្ដីទី នៃប្រទេសវេណេស៊ុយអេឡា។

នៅក្នុងកិច្ចសម្ភាស ជាមួយស្ថានីយ៍ទូរទស្សន៍ «NTN24» មេដឹកនាំប្រឆាំងរូបនេះ បានបង្ហាញការប្ដេជ្ញាចិត្តថា លោកត្រូវវិលត្រឡប់​ចូលប្រទេសវេណេស៊ុយអេឡាវិញ ដើម្បីអនុវត្តន៍​«តួនាទី»​របស់លោក បើទោះជាត្រូវរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ចាប់លោក​ដាក់ពន្ធនាគារក៏ដោយ។  

លោក នីកូឡា ម៉ាឌូរ៉ូ បានគម្រាមរួចជាស្រេចថា គូបដិបក្ខនយោបាយរបស់លោក ចាំបាច់ត្រូវទទួលខុសត្រូវ នៅចំពោះប្រព័ន្ធយុត្តិធម៌វេណេស៊ុយអេឡា។

ការគម្រាមនោះ ត្រូវបានប្រទេសកូឡំប៊ីបរិហារថា នឹងធ្វើឲ្យរដ្ឋាភិបាលលោក នីកូឡា ម៉ាឌូរ៉ូ ក្លាយជា​«ចោរប្លន់អំណាច»​កាន់តែច្បាស់ឡើង។ ខណៈលោក ម៉ៃ ផេន (Mike Pence) អនុប្រធានាធិបតីអាមេរិក ដែលបានចូលរួមក្នុងកិច្ចប្រជុំ នៃក្រុម លីម៉ា ដែរនោះ បានបញ្ជាក់ជំហរជាថ្មីថា ក្រុងវ៉ាស៊ីនតោននឹងត្រៀមចាត់វិធានការ គ្រប់បែបយ៉ាងទាំងអស់ ប្រឆាំងលោក ម៉ាឌូរ៉ូ។

លោក ផេន បានបញ្ជាក់ថា៖

«តើនរណាមួយ ដែលចង់បានសង្គ្រាម? គ្មានទេ! (…) តែសង្គ្រាមកំពុងកើតរួចជាស្រេចហើយ (ពីសំណាក់រដ្ឋាភិបាលលោក នីកូឡា ម៉ាឌូរ៉ូ) ប្រឆាំងនឹងពលរដ្ឋវេណេស៊ុយអេឡា ខ្លួនឯង»៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។