កម្ពុជា

សម រង្ស៊ី ថាហ្វេសប៊ុក​គ្រោង​«បិទគណនី ហ៊ុន សែន»

មេដឹកនាំប្រឆាំងរបស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានឲ្យដឹងថា ក្រុមហ៊ុនម្ចាស់បណ្ដាញសង្គមធំជាងគេ មានគម្រោង«បិទគណនី»របស់លោក ហ៊ុន សែន ដែលជាហេតុធ្វើឲ្យបុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែងជានាយករដ្ឋមន្ត្រី ជាច្រើនសិបឆ្នាំមកនោះ ក្ដៅក្រហាយរហូតធ្វើការព្រមាន បិទសកម្មភាពហ្វេសប៊ុកទាំងអស់ នៅកម្ពុជា។

កាលពីព្រឹកម៉ិញ នៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន មានការបង្ហោះមួយ អះអាងថា ក្រុមហ៊ុនហ្វេសប៊ុក បានលុប​និងព្យាយាមបិទគណនីលោកនាយករដ្ឋមន្ត្រី។ សំណេរនោះបានឲ្យដឹងថា៖

«ក្រុមហ៊ុន ហ្វេសប៊ុក បានលុបនិងព្យាយាមបិទគណនីរបស់ខ្ញុំ។ តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា “បើអ្នកឯងហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំនិងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ”។»

នៅប្រមាណជាមួយម៉ោងក្រោយមក សារខាងលើនេះ បានបាត់ខ្លួនពីទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រី ដែលមានអ្នកតាមដានជិត១១លាននាក់ និងត្រូវបានជំនួសដោយសារមួយទៀត មានសេចក្ដីថា៖

«នៅមុននេះបន្តិច មានក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Hacker) បានចូលមកលួច “Account Facebook” ខ្ញុំ ហើយបានលួចលុបទិន្នន័យព័ត៌មាន អស់មួយចំនួនធំ។ ពេលនេះ ខាងក្រុមហ៊ុន “Facebook” កំពុងសើបអង្កេតជនអគតិ ដែលមានចេតនាអាក្រក់បំពុល និងបំផ្លាញព័ត៌មាននៅក្នុងសង្គមជាតិយើង។»

ប៉ុន្តែសម្រាប់លោក សម រង្ស៊ី ទង្វើខាងលើនេះមិនមែនកើតចេញ ពីក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យាណាទេ តែជាសកម្មភាពរបស់លោក ហ៊ុន សែន ខ្លួនឯង បន្ទាប់ពីនាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាងរូបនេះ ដឹងថា ក្រុមហ៊ុនហ្វេសប៊ុកកំពុងចាត់វិធានការមកលើរូបលោក (ហ៊ុន សែន)។ ប្រធានស្ដីទីគណបក្សប្រឆាំង បានបញ្ជាក់នៅលើបណ្ដាញសង្គម កាលពីប៉ុន្មាននាទីមុនថា៖

«បន្ទាប់ពីចំណាយលុយជាតិ ជិត ៣០ ម៉ឺនដុល្លារ​ថ្មីៗនេះ ដើម្បីទិញឃោសនាពាណិជ្ជកម្ម ពីក្រុមហ៊ុន “Facebook” ហ៊ុន សែន ព្រមានបិទសកម្មភាព “Facebook” ទាំងអស់នៅកម្ពុជា ដោយសារគាត់ទើបតែបានដឹងថា ក្រុមហ៊ុន “Facebook” មានគម្រោង”បិទគណនី”របស់គាត់ ពីព្រោះគាត់បានគំរាមកំហែងកម្ចាត់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ យ៉ាងតិច ៣លាននាក់ នៅប្រទេសកម្ពុជា។»

មេដឹកនាំប្រឆាំងបានបន្តថា៖

«ក្រុមហ៊ុន “Facebook” ប្រហែលជាយល់ឃើញថា ហ៊ុន សែន ចង់ធ្វើដូច ប៉ុល ពត ក្នុងការសម្លាប់រង្គាល ប្រជាពលរដ្ឋស្លូតត្រង់ នៅប្រទេសកម្ពុជា។ បើយ៉ាងដូច្នេះមែន ក្រុមហ៊ុន Facebook ច្បាស់ជាមិនអនុញ្ញាតឲ្យ ហ៊ុន សែន ប្រើពាក្យគំរាមកំហែងយ៉ាងព្រៃផ្សៃបែបនេះ លើទំព័រ “Facebook” របស់គាត់ ដែលគេត្រូវតែបិទចោល។»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។