កម្ពុជា

ហ៊ុន សែន គម្រាម​បិទ​«ហ្វេសប៊ុក»​នៅកម្ពុជា

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងនៅកម្ពុជា បានប្រកាសព្រមានក្រុមហ៊ុនហ្វេសប៊ុក នៅថ្ងៃនេះ ថានឹងបិទបណ្ដាញសង្គមមួយនេះនៅកម្ពុជា ប្រសិនណាជាក្រុមហ៊ុន ហ្វេសប៊ុក បិទគណនីនិងទំព័ររបស់លោក។

លោក ហ៊ុន សែន បានសរសេរដូច្នេះនៅមុននេះបន្តិច នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដែលមានចំនួនអ្នកតាមដាន (Like) ជិតដល់១១លាននាក់។ ប៉ុន្តែមកដល់ពេលនេះ សារនោះត្រូវបានលប់ចេញទៅវិញហើយ។ លោកសរសេរថា៖

«ក្រុមហ៊ុន ហ្វេសប៊ុក បានលុបនិងព្យាយាមបិទគណនីរបស់ខ្ញុំ។ តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា “បើអ្នកឯងហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំនិងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ”។»

ការលើកឡើងរបស់លោក ហ៊ុន សែន ទំនងជាបានបង្ហើបឲ្យដឹង ពីចំណាត់ការរបស់ក្រុមហ៊ុនហ្វេសប៊ុក បន្ទាប់ពីត្រូវមេធាវីលោក សម រង្ស៊ី ប្ដឹងឡើងទៅតុលាការអាមេរិក ចោទក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះ ថាបានទុកបណ្ដោយឲ្យលោក ហ៊ុន សែន ប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោក ដើម្បីគម្រាមកំហែងសិទ្ធិសេរីភាព និងការបញ្ចេញមតិនានា។

លោក សម រង្ស៊ី ខ្លួនលោក ក៏ធ្លាប់បានលើកឡើងដូច្នេះដែរ កាលពីចុងខែធ្នូកន្លងមក ថា ក្រុមហ៊ុន «Facebook» អាចបិទទំព័រ «Facebook» របស់លោក ហ៊ុន សែន ប្រសិនណាជាអាជ្ញាធរក្រុងភ្នំពេញ នៅតែគាបសង្កត់ និងគំរាមកំហែង អ្នកប្រើប្រាស់បណ្តាញ Facebook នៅប្រទេសកម្ពុជា។

ក្នុងពេលភ្លាមៗ មិនមានប្រភពឯករាជ្យណាផ្សេង អាចបញ្ជាក់ពីករណីនេះបាននៅឡើយ។ ប៉ុន្តែការបិទគណនី និងទំព័រហ្វេសប៊ុក ធ្វើឡើងដោយក្រុមហ៊ុនហ្វេសប៊ុក ដូច្នេះ មិនមែនជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលនោះទេ។

កាលពីចុងខែធ្នូ ឆ្នាំ២០១៧ ក្រុមហ៊ុន «Facebook» បានបិទទំព័រហ្វេសប៊ុក​និងអ៊ិនស្តាហ្គ្រាម របស់ប្រធានាធិបតី នៃសាធារណរដ្ឋឆេកឆិន លោក «Ramzan Kadyrov» បន្ទាប់ពីមេដឹកនាំរូបនេះ ត្រូវបានរដ្ឋបាលសហរដ្ឋអាមេរិក រកឃើញថាបានជាប់ពាក់ព័ន្ធ នឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ទៅលើពលរដ្ឋឆេកឆិន​នៅក្នុងប្រទេស។ ទំព័រទាំងពីរនោះ​របស់លោក «Ramzan Kadyrov» មានអ្នកតាមដានប្រមាណជា​៤លាននាក់៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។