ពិភពលោក

Covid-19 ៖ អ៊ីតាលី​បញ្ឈប់​រាល់​សកម្មភាព​ផលិតកម្ម ដែល​មិន​ចាំបាច់

ដើម្បីប្រយុទ្ធទល់នឹងមេរោគ «Covid-19» រដ្ឋាភិបាលអ៊ីតាលី បានសម្រេចបន្ថែមទៀត «បញ្ឈប់រាល់សកម្មភាពផលិតកម្ម នៅលើផ្ទៃប្រទេស ដែល​មិន​ចាំបាច់ ដើម្បីធានាឲ្យបានជូនពលរដ្ឋ នូវក្ដីសុខសាន្ដ និងសេវាកម្មសំខាន់ៗ»។

ខាងលើនេះ ជាការលើកឡើង ក្នុងថ្ងៃនេះ របស់លោកនាយករដ្ឋមន្ត្រី ហ្សូហ្សេប៉េ កុងតេ (Giuseppe Conte) ក្នុងចំណាត់ការបន្ថែមទៀត របស់រដ្ឋាភិបាលរបស់លោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត បង្កឡើងដោយមេរោគ «កូរូណា» ឬ «Covid-19» ដែលកំពុងយាយីប្រទេសអ៊ីតាលី យ៉ាងខ្លាំងក្លា ។

លោក កុងតេ បញ្ជាក់បន្ថែមថា ឱសថស្ថាន ផ្សារលក់ទំនិញ សេវាប្រៃសណីយ៍ សេវាហិរញ្ញវត្ថុ និងការធានារ៉ាប់រង និងការដឹកជញ្ជូនជាដើម នៅតែមានដំណើរការ។ លោកថា៖

«យើងកាត់បន្ថយល្បឿន នៃម៉ាស៊ីនផលិតកម្ម របស់ប្រទេស តែមិនបញ្ឈប់វាទេ។»

«យើងមិនអាចលាក់បាំងការពិត ដែលកំពុងកើតមានរាល់ថ្ងៃ នៅនឹងភ្នែករបស់យើងរាល់គ្នានោះទេ។ ជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុត ដែលប្រទេសយើង បានឆ្លងកាត់ រាប់ចាប់ពីសង្គ្រាមលោក លើកទីពីរមក។»

«វិធានការដែលបានដាក់ចេញ ត្រូវការពេលច្រើន ដើម្បីទទួលបានផ្លែផ្កា។ យើងត្រូវបន្តគោរពគ្រប់ក្រឹត្យក្រមទាំងអស់នេះ ដោយភាពអត់ធ្មត់ និងការទុកចិត្ត។ ខ្ញុំដឹងថា វិធានការទាងនេះ មានលក្ខណៈតឹងរ៉ឹង។ តែយើងមិនមានជម្រើសផ្សេងទេ។ ហើយវាជាមធ្យោបាយតែមួយគត់ ដើម្បីការពារយើងខ្លួនឯង និងអ្នកដែលយើងស្រឡាញ់។»

កាលពីថ្ងៃទី៩ ខែមីនា នាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះ បានចេញក្រឹត្យ សម្រាប់អនុវត្ត នៅលើផ្ទៃប្រទេស ហាមឃាត់រាល់ការជួបជុំទាំងអស់ និងដាក់កំហិត រាល់ការធ្វើដំណើរចេញពីផ្ទះ ដែលមិនចាំបាច់។

មកដល់ម៉ោងនេះ ប្រទេសអ៊ីតាលីមានអ្នកឆ្លងរោគ «កូរូណា» កើនឡើងដល់ ៥៣ ៥៧៨នាក់ ក្នុងនោះអ្នកជំងឺ ៤ ៨២៥នាក់ បានស្លាប់។តួលេខនេះ ធ្វើឲ្យប្រទេសអ៊ីតាលី ធ្លាក់ក្នុងវិបត្តិផ្នែកសុខភាព ធ្ងន់ធ្ងរជាងប្រទេសចិន ដែលមានមនុស្សស្លាប់ ៣ ២៦១នាក់ បើទោះជាប្រទេសនេះ មានអ្នកឆ្លងរោគ ដល់ទៅ ៨១ ០៥៤នាក់ក្ដី៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។