វីដេអូ ពីនេះពីនោះ

គ្រូពេទ្យបង្ហាញ​រូបភាព​រន្ធត់​ដើម្បីពន្យល់ អំពី​គ្រោះ​«Covid-19»

ស្ត្រីជាគ្រូពេទ្យបារាំងមួយរូប បានបង្ហោះរូបភាព នៃអ្នកជំងឺម្នាក់ ដែលកំពុងស្ថិតក្នុងសភាពស្ដូកស្ដឹង ដើម្បីពន្យល់​ប្រាប់អ្នកផង អំពី​គ្រោះ​«Covid-19» ថាគេមិនត្រូវមើលស្រាល ចំពោះមេរោគ​មួយនេះឡើយ។

បង្ហោះនៅលើបណ្ដាញសង្គម ស្ត្រីគិលានុបដ្ឋាកបានថ្លែងឡើង ជាបឋមថា៖

«វីដេអូដ៏ខ្លីមួយនេះ សម្រាប់ជូនដល់បណ្ដាជនទាំងឡាយ ដែលខ្ញុំស្គាល់ និងដែលរអ៊ូរទាំ ពីការដាក់បង្ខាំងខ្លួន ឲ្យនៅក្នុង​ផ្ទះពួកគេ។ ខ្ញុំសូមបង្ហាញអំពីអ្វី ដែលអ្នករាល់គ្នា មិនដែលជួប។»

បន្ទាប់មក អ្នកគ្រូពេទ្យបានបង្វិលទូរស័ព្ទរបស់គាត់ ថតឆ្ពោះទៅកាន់អ្នកជំងឺ «Covid-19» មួយរូប នៅក្បែរនោះ ដែលគេងផ្កាប់មុខ និងហាក់បាត់ស្មារតីទៅហើយ។ អ្នកជំងឺដែលមាននៅលើខ្លួន នូវបំពង់ដកដង្ហើម និងខ្សែចរន្ត​ឲ្យសញ្ញា​បេះដូង យ៉ាងស្អេកស្កះ។

ប្រទេសជាច្រើន នៅអ៊ឺរ៉ុបខាងលិច រួមនឹងប្រទេសបារាំងផង បានប្រកាសបម្រាម ដាក់ពលរដ្ឋទូទាំងប្រទេស ឲ្យ​បង្ខាំងខ្លួននៅក្នុងផ្ទះ និងកំហិតរាល់ការធ្វើដំណើរ ដែលមិនចាំបាច់ ដើម្បីកាត់ផ្ដាច់ រាល់ការទាក់ទងដោយផ្ទាល់។ ការទាក់ទងដោយផ្ទាល់ រវាងបណ្ដាជន ដែលអនុញ្ញាតឲ្យមេរោគ«កូរូណា» ឬ«Covid-19» អាចចម្លង និងរាតត្បាត​បាន។

ក្រោយការដាក់បម្រាមនោះ មានបណ្ដាជន​ជាច្រើន បានសំដែងការរអ៊ូរទាំ និងការត្អូញត្អែរ អំពីអ្វី​ដែលពួកគេយល់ថា សិទ្ធិសេរីភាពរបស់ពួកគេ ត្រូវបានរឹតត្បិត។ ខ្លះទៀត ថែមទាំងឆ្លៀតឱកាស នៃការបង្ខាំងខ្លួននេះ ដើម្បីធ្វើដំណើរ​កំសាន្ដ ឬធ្វើវិសមកាលចុងសប្ដាហ៍ យ៉ាងរំភើយនោះទៀត។

ជាមួយនឹងវីដេអូរបស់ខ្លួន គិលានុបដ្ឋាកកំពុងអះអាង អំពីសភាពដ៏តក់ស្លុត ដែលកំពុងកើតឡើង សម្រាប់អ្នកជំងឺ​ទាំងឡាយ ដែលបានឆ្លងរោគ«កូរូណា»ដ៏ចង្រៃ។ អ្នកគ្រូពេទ្យបានថ្លែងបន្តថា៖

«នេះ ជាការពិត នៃមេរោគកូរូណា។ ហើយដើម្បីអនុញ្ញាតឲ្យអ្នកឯង (អ្នកដែលឈឺ) អាចដកដង្ហើមបាន វាលែង​ជាសួត របស់អ្នកទៀតហើយ តែគឺម៉ាស៊ីននៅខាងឆ្វេងដៃនេះ។ ហើយអ្នកជំងឺ ដែលនៅខាងក្រោយខ្ញុំនេះ យើង​មិនដឹងថា តើយើងអាចសង្គ្រោះគាត់បាន ឬយ៉ាងណាទេ តែគាត់នឹងស្ថិត​ក្នុងសភាព​បែបនេះ សម្រាប់ច្រើនសប្ដាហ៍​ទៅមុខទៀត។»

ស្ត្រីគិលានុបដ្ឋាក បានបញ្ចប់វីដេអូ ជាមួយនឹងឃ្លាចុងក្រោយ ដូច្នេះ៖

«បើអញ្ចឹង សូមថែរក្សាខ្លួន នៅក្នុងផ្ទះ !»

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។