នាយករដ្ឋមន្ត្រីអ៊ីតាលី លោក ហ្សូហ្សេប៉េ កុងតេ (Giuseppe Conte) បានទម្លាក់ការទទួលខុសត្រូវ ទៅលើមន្ទីរពេទ្យមួយ ថាជាដើមហេតុ ដែលបណ្តាលឲ្យមានការឆ្លងរាលដាល នៃមេរោគ«កូរូណា»ថ្មី ក្នុងតំបន់ជាច្រើន ក្នុងភាគខាងជើងប្រទេស។
ថ្លែងក្នុងថ្ងៃអង្គារនេះ តាមកញ្ចក់ទូរទស្សន៍រដ្ឋ «Rai Uno» លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងថា៖
«វាច្បាស់ណាស់ហើយ ថាមានគ្រឹះស្ថានសុខភាពមួយកន្លែង ដែលមេរោគបានឆ្លងចេញ ពីទីនោះ។ យើងបានរកឃើញថា លក្ខខណ្ឌនៃការគ្រប់គ្រង តាមបែបមន្ទីរពេទ្យ (នៅទីនោះ) មិនមានលក្ខណៈគ្រប់គ្រាន់ តាមការចាំបាច់ ដែលទាមទារឲ្យមាន សម្រាប់ករណីបែបនេះ។ ដូច្នេះហើយ ទើបបណ្តាលឲ្យរីករាលដាល នូវមេរោគដូច្នេះ។»
គ្រឹះស្ថានសុខភាព ដែលជាបង្កឲ្យមានការឆ្លងជំងឺ ដ៏លឿននេះ ត្រូវបានគេស្គាល់ នៅក្នុងក្រុង «Codogno» ដែលមានចំងាយ ប្រមាណជា៦០គីឡូម៉ែត្រ ខាងត្បូងក្រុងដ៏ធំមួយ ឈ្មោះ មីឡង់ (Milan)។ គឺនៅក្នុងគ្រឹះស្ថាននោះហើយ ដែលអ្នកជំងឺដំបូងគេមួយរូប ឈ្មោះ «Mattia» អាយុ៣៨ឆ្នាំ បានចូលទៅសម្រាកព្យាបាល។
អ្នកជំងឺ «Mattia» ត្រូវបានគេចាត់ទុក ជា«អ្នកជំងឺទី១» មុននឹងករណី ជាច្រើនសិបផ្សេងទៀត ត្រូវបានរកឃើញ ថាបានឆ្លងមេរោគ«កូរូណា» នៅទូទាំងតំបន់ «Lombardie»។
សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ក្រៅពីភរិយាអ្នកជំងឺ ដែលមានផ្ទៃពោះ៨ខែ និងសាច់ញាតិច្រើននាក់ រួមនឹងវេជ្ជបណ្ឌិតជាច្រើននាក់ ដែលនៅជាប់អ្នកជំងឺ និងដែលបានឆ្លងជំងឺ នៅមានគិលានុបដ្ឋាក ជំនួយការគ្រូពេទ្យ ក៏ដូចជាអ្នកជំងឺផ្សេងទៀត និងញាតិមិត្តរបស់ពួកគេផង សុទ្ធតែបានឆ្លងមេរោគ ដ៏ចង្រៃនេះទាំងអស់។
មកដល់ម៉ោងនេះ គ្រាន់តែក្នុងតំបន់ «Lombardie» តែមួយ ការឆ្លងជំងឺខាងលើ មានចំនួនរហូតដល់ ១៧២ករណី ពីចំណោម២២៩ករណី ដែលត្រូវបានរកឃើញ ក្នុងប្រទេសអ៊ីតាលីទាំងមូល ដែលក្នុងនោះ មានអ្នកជំងឺ៧នាក់ បានស្លាប់។ ការចម្លងនេះ បានរាលដាលខ្លាំង ចាប់ពីថ្ងៃសុក្រកន្លងមក មកទល់នឹងដើមសប្ដាហ៍នេះ។
តួលេខនៃការឆ្លងខាងលើ បានធ្វើឲ្យប្រទេសអ៊ីតាលី ក្លាយជាប្រទេសទី១ ដែលមានការឆ្លងមេរោគ «កូរូណា» ខ្លាំងជាងគេ នៅទ្វីបអ៊ឺរ៉ុប និងជាប្រទេសទី៣ នៅក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន និងកូរ៉េខាងត្បូង។
យ៉ាងណា អាជ្ញាធរអ៊ីតាលី ទំនងជាគ្រប់គ្រងស្ថានការណ៍ បានឡើងវិញ ដោយសារការបិទ និងការដាក់ក្រុងចំនួន ១១ នៅជុំវិញ ចូលទៅក្នុងក្របខណ្ឌ នៃការត្រួតពិនិត្យ ផ្នែកសុខភាពយ៉ាងតឹងតែង។ នៅថ្ងៃអង្គារនេះ ក្រុងចំនួនបីទៀត ក៏ត្រូវបានដាប់បញ្ចូល ក្នុងការត្រួតពិនិត្យដែរ៕