បាល់ទាត់

បាសឺឡូន សង្គ្រោះការប្រកួតខ្លួនដោយយកស្មើ ណាប៉ូលី

CHAMPIONS LEAGUE ៖ រកគ្រាប់បាល់បាន ក្នុងការប្រកួត នៅខាងក្រៅផ្ទះរបស់ខ្លួន ទល់នឹងក្រុម ណាប៉ូលី (SSC Napoli) បានផ្ដល់ទឹកមាត់ឲ្យ ក្រុម បាសឺឡូន (FC Barcelone) សម្រាប់ការប្រកួត «ត្រឡប់» នៅថ្ងៃទី១៨ ខែមិនា ខាងមុខ។

ប៉ុន្តែ បើគេមើលសាច់បាល់ របស់ក្រុមអ្នកមានបុណ្យ ក្នុងការប្រកួតយប់នេះ (វគ្គ១ភាគ៨ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប Champions League ឆ្នាំ២០២០) ក្នុងកីឡដ្ឋាន«San Paolo» របស់ក្រុម ណាប៉ូលី (ក្នុងប្រទេសអ៊ីតាលី) គេមិនបានជញ្ជាក់មាត់ ស្ងើចសរសើក្រុមបាល់ទាត់ ក្នុងប្រទេសអេស្ប៉ាញ មួយនេះ សូម្បីបន្តិចឡើយ។

ជាពិសេស នៅចំពោះខ្សែការពារ ដ៏រឹងមាំ និងពោរពេញដោយវិន័យ របស់ក្រុម ណាប៉ូលី ខ្សែប្រយុទ្ធដ៏ល្បី និងជាម្ចាស់បាល់មាស ៦ជំនាន់ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) មិនអាចរកចន្លោះ ដើម្បីបញ្ជូនបាល់ឡើងទៅលើបាន កុំថាឡើយ ដល់ទៅទាត់បញ្ចូលទី របស់គូប្រជែង។

ផ្ទុយទៅវិញ ខ្សែការពារក្រុម បាសឺឡូន បានបើកចន្លោះឲ្យក្រុម ណាប៉ូលី ដណ្ដើមបាល់ និងបញ្ជូនមកកណ្ដាលទីលាន ដើម្បីឲ្យកីឡាករ «Dries Mertens» ខ្សែប្រយុទ្ធជាតិ ប៊ែលហ្សិក រកគ្រាប់បាល់នាំមុខ តាំងពីនាទីទី ២៩។

គេត្រូវរង់ចាំ រហូតដល់នាទីទី ៥៧ ទើបកីឡាករ «Nélson Semedo» ខ្សែបម្រើស្លាបខាងស្ដាំ របស់ក្រុម បាសឺឡូន រកចន្លោះបាន ពីក្រោយខ្នងខ្សែការពារគូប្រកួត ហើយបញ្ជូលបាល់ មកឲ្យកីឡាករ «Antoine Griezmann» ដែលគ្រាន់តែប្រើជើងឆ្កឹះ ដើម្បីរកគ្រាប់បាល់ស្មើ ឲ្យក្រុមខ្លួន។

ក្រុមអ្នកមានបុណ្យ គ្មានសាច់បាល់លេង និងគ្មានចង្វាក់ សម្រាប់ការប្រកួត ជារឿងមួយ។ តែបន្ថែមពីលើនេះ ខ្សែបម្រើរបស់ក្រុមអ្នកមានបុណ្យ កីឡាករ «Arturo Vidal» បានបង្កកំហុស និងឈ្លោះ (ក្បាលបុកក្បាល) ជាមួយខ្សែបម្រើក្រុម ណាប៉ូលី រហូតត្រូវអាជ្ញាកណ្ដាល ពិន័យកាតលឿង ពីរដងផ្ទួនៗ ដែលស្មើនឹងកាតក្រហម ហើយត្រូវបណ្ដេញចេញពីការប្រកួត នៅនាទី៨៩។

គេនឹងរង់ចាំមើល នៅក្នុងការប្រកួត«ត្រឡប់» នៅក្នុងកីឡដ្ឋាន «Camp Nou» នាថ្ងៃទី១៨ ខែមិនាខាងមុខ ដើម្បីចង់ដឹងពីប្រតិកម្ម របស់ក្រុមអ្នកមានបុណ្យ របស់ប្រទេសអេស្ប៉ាញ។ ប៉ុន្តែ មិនមែនជារឿងស្រួលប៉ុន្មាន ដោយហេតុថា កីឡាករ «Arturo Vidal» និងកីឡាករ «Sergio Busquets» នឹងត្រូវព្យួរចេញពីប្រកួត ក្រោមហេតុផលទទួលកាតក្រហម (ដូចជម្រាបខាងលើ) និងកាតលឿង ក្នុងការប្រកួត «ទៅ» លើកនេះ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។