មេដឹកនាំនៃក្រុមប្រទេស ដែលមានវិស័យឧស្សហកម្មជឿនលឿនជាងគេ ឬហៅថា «G7» បានរួមគ្នាថ្កោលទោសប្រទេសរ៉ុស្ស៊ី ជុំវិញព្រឹត្តិការណ៍ផ្លោងគ្រាប់ដាក់ផ្សារទំនើបមួយកន្លែង នៃក្រុង«Krementchouk» (ភាគកណ្ដាល) នៃប្រទេសអ៊ុយក្រែន បណ្ដាលឲ្យមានជនស៊ីវិលស្លាប់ យ៉ាងតិច១៦នាក់។
ក្រុមមេដឹកនាំ នៃប្រទេសមហាយក្សទាំង៧ ដែលកំពុងជួបប្រជុំគ្នា នៅក្នុងភាគខាងត្បូង នៃប្រទេសអាល្លឺម៉ង់ បានចេញសេចក្ដីថ្លែងការណ៍ ក្នុងថ្ងៃចន្ទទី២៧ ខែមិថុនានេះ ហៅការបាញ់កាំជ្រួចមីស៊ីល របស់ប្រទេសរ៉ុស្ស៊ី ថាជាទង្វើ«ឧក្រិដ្ឋកម្មសង្គ្រាម» និងជាការវាយប្រហារ «ដ៏គួរឲ្យស្អប់ខ្ពើម»។
សេចក្ដីថ្លែងការណ៍បានសរសេរថា ការវាយប្រហារទាំងឡាយ ដែលធ្វើឡើងដោយមិនរើសមុខ ទៅលើជនស៊ីវិលស្លូតត្រង់ គឺជាឧក្រិដ្ឋកម្មសង្គ្រាម និងបញ្ជាក់បន្ថែមថា លោកប្រធានាធិបតីរ៉ុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ត្រូវទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ។
គ្រាប់កាំជ្រួចត្រូវបានបាញ់ធ្លាក់លើផ្សារទំនើប នៃក្រុង«Krementchouk» កាលពីព្រឹកថ្ងៃចន្ទ។ តុល្យភាពថ្មីបំផុត ចេញផ្សាយក្នុងយប់ថ្ងៃដដែល ដោយអាជ្ញាធរអ៊ុយក្រែន បានឲ្យដឹងថា មនុស្សយ៉ាងតិច១៦នាក់ បានស្លាប់ និង៥៩នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះ២៥នាក់ កំពុងទទួលការសង្គ្រោះ នៅឯមន្ទីរពេទ្យ។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានបរិហារការវាយប្រហារនេះ ជា«ការតក់ស្លុតដ៏ខ្លាំងបំផុត» និងបានអំពាវនាវទៅកាន់ប្រជាជនរ៉ុស្ស៊ី ឲ្យងាក«មករកការពិត» ដែលស្ថិតនៅចំពោះមុខវិញ។ សម្រាប់នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានថ្លែងថា ទង្វើខាងលើ នឹងធ្វើឲ្យប្រទេសបស្ចិមលោក កាន់តែពង្រឹងការប្ដេជ្ញាចិត្តរបស់ពួកគេ ក្នុងជួយជ្រោមជ្រែងប្រទេសអ៊ុយក្រែន កាន់តែខ្លាំងឡើង។
បើតាមកងទ័ពអ៊ុយក្រែន បានបញ្ជាក់ថា គ្រាប់មីស៊ីលដែលធ្លាក់លើផ្សារទំនើបខាងលើ ជាប្រភេទគ្រាប់«Kh-22» ដែលត្រូវបានបាញ់ចេញពីចម្ងាយ ដោយយន្ដហោះទម្លាក់គ្រាប់បែក «Tu-22» ដែលហោះចេញពីបន្ទាយយោធារ៉ុស្ស៊ី នៃក្រុង«Koursk» (ភាគខាងលិចរ៉ុស្ស៊ី)។
ប្រទេសទាំង៧ ដែលមានឧស្សហកម្មជឿនលឿនជាងគេបំផុត នៅក្នុងពិភពលោក រួមមាន បារាំង អង់គ្លេស អាមេរិក អាល្លឺម៉ង់ ជប៉ុន កាណាដា និងសហភាពអ៊ឺរ៉ុប៕