សហភាពអ៊ឺរ៉ុបបានព្រមានរដ្ឋាភិបាលរបស់លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) នៅថ្ងៃសៅរ៍ទី២ ខែមិនា ឆ្នាំ២០១៩ម្សិលម៉ិញថា បើមានការចាប់ខ្លួនលោក រ៉ន់ ហ្គេដូ (Juan Guaido) ក្នុងពេលវិលត្រឡប់របស់មេដឹកនាំប្រឆាំងរូបនេះ ចូលប្រទេសវិញនោះ ប្រទេសវេណេស៊ុយអេឡានឹងទទួលផលវិបាកធ្ងន់ធ្ងរ ទាំងនៅក្នុងប្រទេស និងទាំងនៅលើឆាកអន្តរជាតិ។
អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ បានថ្លែងក្នុងនាមប្រទេសជាសមាជិក នៃសហភាពអ៊ឺរ៉ុបថា៖
«វិធានការទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ដល់សេរីភាព សន្តិសុខសុវត្ថិភាព និងសុច្ចរិតភាពរបស់លោក រ៉ន់ ហ្គេដូ នឹងធ្វើឲ្យផ្ទុះឡើង នូវភាពតានតឹងដ៏ធ្ងន់ធ្ងរ និងទទួលបានមកវិញ នូវការថ្កោលទោសដ៏ម៉ឺងម៉ាត់ ពីសហគមន៍អន្តរជាតិ។»
ប្រមុខការទូតអ៊ឺរ៉ុបរូបនេះ បានបន្តឲ្យដឹងទៀតថា៖
«សមាជិករដ្ឋសភាមានអភ័យឯកសិទ្ធិសភា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលចាំបាច់ត្រូវគោរពឲ្យបានពេញលេញ។»
លោក រ៉ន់ ហ្គេដូ ដែលបានប្រកាសខ្លួន ជាប្រធានាធិបតីស្ដីទី នៃប្រទេសវេណេស៊ុយអេឡា គ្រោងនឹងវិលចូលប្រទេសវិញ ក្នុងថ្ងៃចន្ទនេះ បន្ទាប់បានធ្វើទស្សនកិច្ចនៅក្នុងច្រើនប្រទេស នៃទ្វីបអាមេរិកឡាទីន។
មេដឹកនាំប្រឆាំងដ៏មានប្រជាប្រិយភាពរូបនេះ ត្រូវបានទទួលរាក់ទាក់ ប្រៀបដូចជាប្រមុខរដ្ឋមួយរូប ដោយប្រទេសទាំងនោះ រួមមានប្រទេសកូឡំប៊ី ប្រ៊េស៊ីល ប៉ារ៉ាហ្គាយ អាហ្សង់ទីន និងប្រទេសអេក្វាទ័រ។
ប៉ុន្តែការវិលត្រឡប់ចូលប្រទេសវិញនេះ នឹងអនុញ្ញាតឲ្យលោក នីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតីក្នុងតំណែង ធ្វើការចាប់ខ្លួនលោក រ៉ន់ ហ្គេដូ ដែលអាចបង្កឲ្យមានប្រតិកម្មខ្លាំងក្លា ពីអន្តរជាតិ។
យ៉ាងណា នៅចំពោះការគម្រាមចាប់ខ្លួននោះ លោក រ៉ន់ ហ្គេដូ នៅតែបង្ហាញជំហរវិលត្រឡប់ចូលមាតុភូមិវិញ ដើម្បីបន្តសកម្មភាពនយោបាយ និងដឹកនាំ«រដ្ឋាភិបាលអន្តរកាល រហូតដល់មានការបោះឆ្នោតដោយសេរី» ដូចលោកបានអះអាង នៅពេលកន្លងមក។
សម្រាប់សហភាពអ៊ឺរ៉ុប បានអះអាងពីជំហររបស់ខ្លួនថា អ៊ឺរ៉ុបចង់ឲ្យមានដំណោះស្រាយនយោបាយ សម្រាប់វិបត្តិនៅវេណេស៊ុយអេឡា ក្រោមទម្រង់នៃការបោះឆ្នោតថ្មីមួយ ដែលសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបាន៕