កម្ពុជា

ថ្ងៃកំណត់ភ្នាល់៖ សម រង្ស៊ី ស្ងប់ស្ងៀម ខណៈក្រុមស្និត ហ៊ុន សែន ចំអក

រហូតមកដល់ថ្ងៃកំណត់ ថ្ងៃអាទិត្យទី៣ ខែមិនា ឆ្នាំ២០១៩នេះ ភាគីម្ខាងនៃការភ្នាល់ គឺលោក សម រង្ស៊ី បានរក្សាភាព«ស្ងប់ស្ងៀម» ដោយមិនឃើញបញ្ចេញប្រតិកម្មអ្វីឡើយ ខណៈភាគីម្ខាងទៀត គឺលោក ហ៊ុន សែន រួមនឹងមនុស្សជំនិតរបស់លោក បានបញ្ចេញវោហាស័ព្ទ ចំអកដាក់លោក សម រង្ស៊ី ម្ដងហើយម្ដងទៀត។

ក្នុងរយៈពេលចុងក្រោយ ទាក់ទងនឹងការភ្នាល់គ្នានេះ លោក សម រង្ស៊ី បានលើកមកបញ្ជាក់តែម្ដងគត់ គឺនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាការពន្យល់ថា ការភ្នាល់គ្នានោះ ត្រូវបានចាត់ទុកជា​«មោឃៈ»​ ដោយលោកទម្លាក់កំហុស ទៅលើលោក ហ៊ុន សែន ថាបានប្ដូរលក្ខខណ្ឌ​ជាឯកតោភាគី តាមតែទំនើងចិត្ត។

ក្នុងសប្ដាហ៍កន្លងទៅនេះ លោក សម រង្ស៊ី បានរក្សាភាព«ស្ងប់ស្ងៀម» សឹងតែទាំងស្រុង ដោយមិនបានបញ្ចេញសារផ្ទួនៗគ្នា វាយប្រហារទៅលើលោក ហ៊ុន សែន នោះទេ។ សកម្មភាពនេះហាក់ខុសពីទម្លាប់មុនៗ ដែលលោកបានបញ្ចេញសារ យ៉ាងហោចក៏ម្ដងដែរ ក្នុងមួយថ្ងៃ។

សកម្មភាពចុងក្រោយ របស់មេដឹកនាំប្រឆាំងរូបនេះ នៅលើបណ្ដាញសង្គម គឺលោកបានចែករំលែកកាលពីម្សិលម៉ិញ នូវរូបភាពបាតុកម្ម ដែលប្រព្រឹត្តិទៅ នៅខាងមុខសហភាពអ៊ឺរ៉ុប (រាជធានីព្រុយហ្សែល – ប្រទេសប៊ែលហ្សិក) ក្នុងថ្ងៃទី១ ខែមិនា ឆ្នាំ២០១៩។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូព្យាយាមសាកសួរ មនុស្សនៅក្បែរលោកមួយចំនួន តែមិនទាន់ទទួលបានចម្លើយមកវិញនៅឡើយ មកទល់នឹងម៉ោងនេះ។

ផ្ទុយទៅវិញ ភាគីភ្នាល់ម្ខាងទៀត ហាក់បានប្រើឱកាសនេះ ដើម្បីវាយប្រហារយ៉ាងសន្ធាប់ ទៅលើលោក សម រង្ស៊ី។ ការវាយប្រហារនេះ ធ្វើឡើងបើទោះជាលោក ហ៊ុន សែន បានប្រកាសមិនឆ្លើយមិនឆ្លង និងបញ្ជាទៅ​មន្ត្រី​ជិតដិត​របស់​លោក មិនឲ្យធ្វើការឆ្លើយតបទៅលោក សម រង្ស៊ី ក៏ដោយ។

ក្រៅពីការគម្រាម លោក ហ៊ុន សែន ខ្លួនលោកនៅបានប្រើប្រាស់ថ្ងៃកំណត់នេះ ដើម្បីចំអកដាក់លោក សម រង្ស៊ី តាមរយៈចម្រៀងជាច្រើន ដូចជាចម្រៀងហៅលោក សម រង្ស៊ី ថាជា«សត្វទន្សាយរត់បានឆ្ងាយ ព្រោះចាញ់ភ្នាល់»នោះជាដើម។ 

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក៏បានបរិហារលោក សម រង្ស៊ី ក្នុងថ្ងៃនេះដែរថា លោក សម រង្ស៊ី ខ្លួនឯងជាមនុស្ស«កំសាក» និង«ក្រអឺតក្រទម» ដើម្បី«បិទបាំងការបរាជ័យ»របស់ខ្លួន។

យ៉ាងណា លោក សម រង្ស៊ី នឹងមិនរក្សាភាពស្ងប់ស្ងៀមរបៀបនេះ បានយូរប៉ុន្មានឡើយ។ មេដឹកនាំប្រឆាំងនឹងបង្ហាញខ្លួនជាសាធារណៈ ក្នុងកិច្ចសម្ភាសផ្ទាល់មួយ ជាមួយវិទ្យុអាស៊ីសេរី នៅយប់ថ្ងៃចន្ទទី៤ ខែមិនា ឆ្នាំ២០១៩ខាងមុខ ដោយលើកមកបញ្ជាក់ ពីជំហររបស់លោក ក្នុងការវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ ក្នុងពេលនោះផង៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។