ក្នុងគោលបំណង ដណ្ដើមកាន់កាប់រដ្ឋធានី ទ្រីប៉ូលី កងទ័ពរបស់លោកសនាប្រមុខ «Khalifa Haftar» ដែលតាំងខ្លួនជា«កងទ័ពជាតិលីប៊ី» បានធ្វើការប្រយុទ្ធ តាំងពីដើមខែមេសាមក តទល់នឹងកងទ័ពបង្រួបបង្រួមជាតិ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលលីប៊ីបច្ចុប្បន្ន ទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។
ស្ថិតក្នុងស្ថានភាពមិនឈ្នះមិនចាញ់ តែការប្រយុទ្ធរវាងកងទ័ពទាំងសងខាង បានបណ្ដាលឲ្យមានមនុស្ស ស្លាប់១២១នាក់ និងរបួស ៥៦៤នាក់។ នេះបើតាមការអះអាង របស់អង្គការសុខភាពពិភពលោក (WHO) ដែលមានទីស្នាក់ការសាខារបស់ខ្លួន នៅក្នុងប្រទេសលីប៊ី។
អង្គការពិភពលោកមួយនេះ មិនបានបញ្ជាក់ពីចំនួនជនស៊ីវិល ដែលរងគ្រោះទេ តែបានអះអាងថា បុគ្គលិកជួយសង្គ្រោះ និងរថយន្ដគិលានសង្គ្រោះជាច្រើន បានរងការវាយប្រហារ។
បើទោះជារងការដាក់សម្ពាធ ផ្នែកការទូត ពីសំណាក់សហគមន៍អន្តរជាតិក៏ដោយ តែលោក «Khalifa Haftar» ដែលគេស្គាល់ថា ជាបុរសខ្លាំងភាគខាងកើត ក្នុងខណៈនេះកំពុងមានវត្តមាន នៅរដ្ឋធានី គែរ ប្រទេសអេហ្សីព ដើម្បីជួបជាមួយលោកប្រធានាធិបតី «Abdel Fattah al-Sissi» ដើម្បីស្វែងរកការគាំទ្របន្ថែមទៀត។
ប្រទេសលីប៊ី បានធ្លាក់ចូលក្នុងសភាពប្រទាញប្រទង់គ្នា រាប់ចាប់តាំងពីរបបលោក មូអាម៉ា កាដាហ្វី (Mouammar Kadhafi) បានដួលរលំក្នុងឆ្នាំ២០១១។ អង្គការអន្តរជាតិធំៗ រាប់ទាំងអង្គការសហប្រជាជាតិផង បានសំដែងក្ដីបារម្ភរបស់ពួកគេថា ប្រជាជនស៊ីវិលជាអ្នករងគ្រោះធ្ងន់ធ្ងរជាងគេ នៅក្នុងជម្លោះប្រដាប់អាវុធ ដែលកើតឡើងមិនស្រាកស្រាន្ដទាំងនោះ។
បណ្ដាជនលីប៊ីដ៏ច្រើនសន្ធឹកសន្ធាប់ បានជ្រើសរើសការរត់ភៀសខ្លួន ទៅកាន់ប្រទេសទួនេស៊ី ដែលនៅជាប់ព្រំដែន។ តួលេខចេញផ្សាយ ដោយអង្គការសហប្រជាជាតិ ឲ្យដឹងថា បណ្ដាជនលីប៊ី១៣៥០០នាក់ បានរត់ភៀសខ្លួន ដើម្បីគេចចេញពីការពើបប្រយុទ្ធគ្នា៕