ពិភពលោក

Covid-19៖ ករណីឆ្លង​ផ្ទុះខ្លាំង​នៅ​​ប្រទេស​ឈីលី រួមទាំងរដ្ឋមន្ត្រី២នាក់

ក្នុងប្រទេសឈីលី ករណីឆ្លងបានកើនឡើងខ្លាំង ជាមួយនឹង​ការរកឃើញ​អ្នកជំងឺ ៤,៨៩៥​នាក់ កាលពីថ្ងៃម្សិលម៉ិញ ក្នុងនោះមាន រួមទាំងរដ្ឋមន្ត្រី២នាក់ នៃរដ្ឋាភិបាល​ប្រធានាធិបតី លោក «Sebastian Piñera» នោះផង។

មកដល់ថ្ងៃនេះ ប្រទេស​ក្នុងទ្វីបអាមេរិក​ខាងត្បូង ដែលមានប្រជាជនសរុប ជាង១៧លាន​នាក់​មួយនេះ បានរកឃើញករណីឆ្លង មានចំនួនសរុប ប្រមាណជា ៧៣,៩៩៧នាក់ ក្នុងនោះ​អ្នកជំងឺ ៧៦១នាក់ បានស្លាប់។ អ្នកជំងឺ៤៣នាក់ បានស្លាប់ កាលពីថ្ងៃម្សិលមិញ។ ករណីឆ្លងដំបូង ដែលប្រទេសនេះ បានរកឃើញ គឺនៅថ្ងៃទី៣ ខែមីនា។

អ្នកឆ្លងជំងឺ រួមទាំងរដ្ឋមន្ត្រី២នាក់ …

រដ្ឋមន្ត្រីពីរនាក់ ដែលត្រូវបានរកឃើញ បានឆ្លងជំងឺ «Covid-19» រួមមានលោក «Alfredo Moreno» អាយុ៦៣ឆ្នាំ ជារដ្ឋមន្ត្រីសាធារណការ និងលោក «Carlos Jobet» អាយុ៤៤ឆ្នាំ ជារដ្ឋមន្ត្រីថាមពល។

បន្ថែមពីតួលេខខាងលើ នៅមានរដ្ឋមន្ត្រី៣នាក់ទៀត ក៏ត្រូវបានដាក់ ឲ្យនៅដោយឡែក (ធ្វើចត្តាឡីស័ក) បន្ទាប់ពីអស់លោកទាំងនេះ បានទាក់ទងដោយផ្ទាល់ ជាមួយអ្នកផ្ទុក មេរោគ «Covid-19»។ យ៉ាងណា លោករដ្ឋមន្ត្រីទាំងបីររូប ត្រូវបានធ្វើតេស្ដិ៍ ចេញលទ្ធផល​«អវិជ្ជមាន» ក្នុងពេលនេះ។

កាលពីសប្ដាហ៍កន្លងទៅ សមាជិកព្រឹទ្ធសភា៣នាក់ ត្រូវបានរកឃើញ ថាបានឆ្លង​ជំងឺ​ដ៏ចង្រៃ បង្កឲ្យស្ថាប័នព្រឹទ្ធសភាទាំងមូល ត្រូវបិទទ្វា តែបានធ្វើការកោះប្រជុំ នៅតាម​ប្រព័ន្ធទូរស័ព្ទវីដេអូ (Visioconférence)។

ក្នុងរដ្ឋសភាជាតិ របស់ប្រទេសឈីលីវិញ ក៏បានរកឃើញ មានតំណាងរាស្ត្រមួយរូប បានផ្ទុក​​មេរោគ «Covid-19» ដែរ។

រដ្ឋធានី សានទីចាហ្គោ (Santiago) ដែលមានប្រជាជនរស់នៅ ប្រមាណជាង៧លាននាក់ គឺជាមណ្ឌលកណ្ដាល នៃការរាតត្បាតដ៏ខ្លាំងក្លា រាប់ចាប់តាំងពីថ្ងៃទី ១៦ខែឧសភាមក។ ចំនួនករណីឆ្លង ក្នុងរដ្ឋធានី ដែលត្រូវបានរកឃើញ មានប្រមាណជា ៩០% បើធៀបនឹង​ករណីឆ្លង នៅទូទាំងប្រទេស។

នៅចំពោះគ្រោះ​រាតត្បាតខាងលើ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី «Sebastian Piñera» បានដាក់រដ្ឋធានីទាំងមូល និងតំបន់​ខ្លះទៀត ទៅក្នុងបម្រាម​យ៉ាងតឹងតែង។ ក្នុងពេលជាមួយគ្នា ការធ្វើតេស្ដិ៍ជាលក្ខណៈទូទៅ និងទូលំទូលាយ ក៏ត្រូវបានធ្វើផងដែរ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។