ទស្សនៈប្រិយមិត្ត

សម រង្ស៊ី៖ កម្ពុជាគួរមើលគំរូ​តាម​វៀតណាម ក្នុង​ការប្តូរ​មេដឹកនាំ របស់​ខ្លួន

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានសរសេរអត្ថបទមួយ ដែលមានចំណងជើង «កម្ពុជា គួរណាស់ យកគំរូតាមប្រទេសវៀតណាម ក្នុង​ការប្តូរ​មេដឹកនាំ របស់ខ្លួន»។ អត្ថបទជាភាសាអង់គ្លេស របស់លោក ត្រូវបានចុះផ្សាយ ដោយ​ប្រព័ន្ធផ្សព្វផ្សាយ​មួយ​ចំនួន នៅទ្វីបអាស៊ី។ ខាងក្រោមនេះ ជាអត្ថបទទាំងស្រុង​របស់លោក ដែលសរសេរ​ជាខេមរភាសា។

ដោយ សម រង្ស៊ី

ដោយមិនបែងចែក ពីប្រព័ន្ធនយោបាយ ប្រទេសទាំងអស់ ក្នុងពិភពលោក ត្រូវតែរៀបចំ​ឲ្យមានការផ្លាស់ប្តូរ មេដឹកនាំរបស់ខ្លួន ដើម្បីឲ្យមានការរីកចម្រើន ឈានទៅមុខ។ មានតែ​ធ្វើបែបនេះទេ ទើបប្រទេសនីមួយៗ អាចទទួលបានឈាមថ្មី និងគំនិតថ្មី។

តែនៅប្រទេសកម្ពុជា លោក ហ៊ុន សែន បានក្រាញអំណាច ៣៥ឆ្នាំហើយ ដែលជា​ការ​ធ្វើបាប​​ប្រទេសកម្ពុជា យ៉ាងអាក្រក់បំផុត។ សក្ខីភាព នៃអំពើអាក្រក់នេះ គឺជីវភាព​រស់នៅ យ៉ាងដុនដាប របស់ប្រជារាស្ត្រខ្មែរ។

ខ្ញុំ សម រង្ស៊ី បានធ្វើសំណើរួចមកហើយ ឲ្យអ្នកដឹកនាំនយោបាយទាំងអស់ នៅប្រទេស​កម្ពុជា ចូលនិវត្តន៍ ក្នុងអាយុ ៧០ ឆ្នាំយ៉ាងយូរ។ ពេលនេះ ខ្ញុំស្នើឲ្យជនជាតិខ្មែរទាំងអស់ សិក្សាអំពីករណីរបៀបដឹកនាំ នៅប្រទេសវៀតណាម ដោយចិត្តត្រជាក់ ពីព្រោះយើង ត្រូវរស់ជាមួយប្រទេសជិតខាង​ទាំងអស់ ជារៀងរហូត ដោយសន្តិវិធី និងការយោគយល់គ្នា ទៅវិញទៅមក។

គ្មានប្រទេសណា ដែលរងគ្រោះដោយសង្គ្រាម ជាងប្រទេសវៀតណាមទេ តែក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ ប្រទេសនេះ បានងើបឡើង ពីការហិនហោចដោយសង្គ្រាម ហើយសម្រេចបាន នូវការអភិវឌ្ឍន៍មួយ ដ៏អស្ចារ្យ។

មុនមានការហិនហោច ដោយសង្គ្រាម កាលពីសតវត្សរ៍មុន ប្រទេសវៀតណាម និងប្រទេស​កម្ពុជា មានកម្រិតអភិវឌ្ឍទាបដូចគ្នា គឺមានភាពក្រីក្រ ប្រហាក់ប្រហែលគ្នា។ តែឥឡូវ​នេះ ប្រទេសយើង (កម្ពុជា) ស្ថិតនៅក្រោយ ប្រទេសវៀតណាមឆ្ងាយណាស់ បើគិតពីកម្រិត​ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ។

ទោះជាក្រោមរបបនយោបាយ បែបណាក៏ដោយ ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងផ្នែក​សង្គម វាអាស្រ័យមុនគេបង្អស់ លើគុណភាព នៃថ្នាក់ដឹកនាំប្រទេស និងការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​នេះ យ៉ាងទៀងទាត់ តាមការចាំបាច់។

ការក្រាញអំណាច ពីបុគ្គលម្នាក់ ឬក្រុមគ្រួសារមួយ វាធ្វើឲ្យប្រទេសហិនហោច ដូចក្នុង​ករណី​ប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងជើង។ ប្រទេសកម្ពជា​គួរណាស់ យកគំរូពី​ប្រទេស​​វៀតណាម មកពិចារណា ដែលប្រទេសនេះ គេប្តូរមេដឹកនាំរបស់គេ រៀងរាល់ ៥ឆ្នាំម្តងៗ។ គេមិនអនុញ្ញាតិ ឲ្យជនផ្តាច់ការណាម្នាក់ កាន់អំណាចមួយជីវិតទេ ហើយគេ​ក៏មិន​អនុញ្ញាត ឲ្យជនផ្តាច់ការនោះ ជ្រើសរើសកូនបង្កើតរបស់ខ្លួន ឲ្យមកជំនួស​តំណែង​ខ្លួនដែរ។

នៅប្រទេសវៀតណាម គេមានឆន្ទៈនយោបាយ ពិតប្រាកដ ដើម្បីប្រឆាំងអំពើពុករលួយ តែនៅប្រទេសកម្ពុជាវិញ អំពើពុករលួយនេះ ក្លាយទៅជាប្រព័ន្ធ​គ្រប់គ្រងប្រទេស រួចទៅ​ហើយ ក្រោមរបប ហ៊ុន សែន។ សភាពការណ៍បែបនេះ បាននាំប្រទេសយើង ឲ្យទទួល​ការហិនហោច ហើយនាំប្រជារាស្ត្រខ្មែរ ឲ្យស្គាល់តែភាពក្រីក្រ និងវេទនា។

គណបក្សកុម្មុយនីស្តវៀតណាម កំពុងរៀបចំសមាជជាតិ លើកទី១៣ របស់ខ្លួន ដែលនឹង​ធ្វើឡើងក្នុងខែមករា ឆ្នាំ ២០២១។ ថ្នាក់ដឹកនាំបច្ចុប្បន្ន នឹងត្រូវផ្លាស់ប្តូរមួយចំនួនធំ ដោយ​សារ​ដល់អាយុ ដែលត្រូវចូលនិវត្តន៍។

ក្នុងនោះ មានប្រធាន និង​អគ្គលេខាធិការ​បក្ស, នាយករដ្ឋមន្ត្រី, ប្រធានរដ្ឋសភា, រដ្ឋមន្ត្រីក្រសួងការពារជាតិ, រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ, រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ ដែលអ្នកទាំងអស់នោះ ឈានដល់អាយុ ៦៥ ឆ្នាំ ដែលជាអាយុ​ត្រូវចូលនិវត្តន៍ តាមច្បាប់កំណត់។

ក្នុងការិយាល័យនយោបាយ ដែលជាស្ថាប័នខ្ពស់បំផុត ក្នុងប្រទេស ដែលកាន់​លទ្ធិ​កុម្មុយនីស្ត សមាជិកទាំងអស់ ត្រូវមានអាយុក្រោម ៦៥ឆ្នាំ ពេលសមាជចាប់ផ្តើម។ ក្នុង​គណៈកម្មាធិការ​កណ្តាលវិញ សមាជិកទាំងអស់ ដែលឈរឈ្មោះ ចង់បន្តអាណត្តិ ត្រូវមាន​អាយុតិចជាង ៦០ឆ្នាំ ដើម្បីស្ថិតនៅក្រោម ៦៥ឆ្នាំ ពេលចប់អាណត្តិទី២ ក្នុងរយៈពេល ៥ឆ្នាំ ដែលជាអាណត្តិចុងក្រោយ។

អ្នកដែលជាប់ឆ្នោតលើកដំបូង ក្នុងគណៈកម្មាធិការ​កណ្តាល ត្រូវមានអាយុក្រោម ៥៥ឆ្នាំ ដើម្បីជៀសវាង មិនឲ្យលើស ៦៥ឆ្នាំទេ បើសាម៉ីខ្លួន​អាចកាន់​តំណែងបាន ២អាណត្តិ (៥ឆ្នាំ ២ដង)។

គំរូ ក្នុង​ការប្តូរ​មេដឹកនាំ …

បើពួកគាត់នៅប្រទេសវៀតណាម មនុស្សដែលមាន​អំណាចធំជាងគេ នៅប្រទេស​កម្ពុជា​សព្វថ្ងៃ ត្រូវបានចូលនិវត្តន៍ តាំងពីយូរយារ​មកហើយ។ នាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ​អាយុ​៦៨ឆ្នាំ ហើយលោក ហេង សំរិន ប្រធានរដ្ឋសភា អាយុគាត់​៨៦ឆ្នាំហើយ។ ចំពោះ​លោក សាយ ឈុំ ជាប្រធានព្រឹទ្ធសភា អាយុ​៧៥ឆ្នាំហើយ។ ឯលោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាយុ​៦៩ឆ្នាំហើយ។

ទាំងលោក ហ៊ុន សែន (ប្រធាន) លោក ហេង សំរិន (ប្រធានកិត្តិយស) លោក សាយ ឈុំ (អនុប្រធាន) និងលោក ស ខេង (អនុប្រធាន) គឺជាថ្នាក់ដឹកនាំកំពូលផងដែរ នៃ​គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ដោយកាន់កៅអី ១០០ភាគរយ​ក្នុងរដ្ឋសភា។

មនុស្សទាំង ៤នាក់ខាងលើនេះ គឺមានអំណាចខ្លាំង ជាងគេបង្អស់ នៅប្រទេសកម្ពុជា។ បើធ្វើតាមសំណើរ ដ៏សមហេតុសមផល របស់ខ្ញុំ ដែលចង់ឃើញ មេដឹកនាំនយោបាយ​ទាំងអស់ ចូលនិវត្តន៍ ក្នុងអាយុ ៧០ឆ្នាំយ៉ាងយូរ ឥស្សរជនទាំង ៤ នាក់នេះ នឹងត្រូវចូល​និវត្តន៍ទាំងអស់ ក្នុងរយៈពេលតែ ២ឆ្នាំទៀតយ៉ាងយូរ។

ប្រទេសទាំងអស់ ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ត្រូវតែចេះរៀនសូត្រ ពីគ្នា​ទៅវិញទៅមក។ បើធ្វើតាម​គំរូ​ប្រទេស​វៀតណាម, ប្រទេសកម្ពុជា នឹងទម្លាយឧបសគ្គមួយ យ៉ាងធំ ដែល​បាន​រារាំង មិនឲ្យអ្នកមាន​សមត្ថភាព ហើយក្មេងជាង​មេដឹកនាំ​សព្វថ្ងៃ អាចឡើងមក​ដឹកនាំ​ប្រទេសម្តង ដែលជា​ការបើក​ផ្លូវឲ្យយុវជន​ជំនាន់ក្រោយ មានឱកាស ទទួលបាន​បទពិសោធន៍ និងបញ្ចេញស្នាដៃ​​របស់ខ្លួន ក្នុងការដឹកនាំ​ប្រទេស ដើម្បីជម្រុញ​ឲ្យមាន​ការ​ផ្លាស់ប្តូរ​​ជាវិជ្ជមាន៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។