វីដេអូ ពីនេះពីនោះ

Covid-19៖ ម៉ាស់​និង​ស្រោមដៃ កំពុង​បំពុល​ទឹកសមុទ្រ​មេឌីទេរ៉ាណេ

ម៉ាស់​និង​ស្រោមដៃ ដែលជាឧបករណ៍ពេទ្យ​ដ៏សំខាន់ ក្នុងការព្យាបាល ឬថែរក្សាអ្នកជំងឺ «Covid-19» ត្រូវបានប្រទះឃើញជាច្រើន នៅក្នុងទឹកសមុទ្រ មេឌីទែរ៉ាណេ។ ក្រុមអ្នក​ស្រឡាញ់​ធម្មជាតិ មកពីសមាគម «Opération Mer Propre (យុទ្ធនាការសមុទ្រស្អាត)» បានប្រកាសអាសន្ន ពីការប្រទះឃើញនេះ ថាបើសិនជា គ្មានការទប់ស្កាត់ទេ នោះទឹក សមុទ្រ មិនថាទីនេះ ឬទីណាដទៃទេ នឹងគ្របដណ្ដប់ ដោយសម្ភារៈ ដែលទាក់ទងនឹងជំងឺ «Covid-19»។

លោក ឡូរ៉ង់ ឡំបាដ៍ (Laurent Lombard) ស្ថាបនិករបស់សមាគមខាងលើ បាន​ចុះក្នុង​ទឹកសមុទ្រ រួមនឹងក្រុមការងារដទៃទៀត នៅតំបន់ទឹក រវាងពីឆ្នេរក្រុង កាន (Cannes) និង​ក្រុង អង់ទីប (Antibes) ភាគ​ខាងត្បូង​បារាំង ហើយលោកបាន​បំពាក់​ម៉ាស៊ីតថត​វីដេអូ ចុះទៅជាមួយផង។

រូបភាពដែលត្រូវបានយកមកបង្ហោះ មានលក្ខណៈព្រឺឆ្អឹងខ្នង ជាមួយនឹង«ម៉ាស់​និង​ស្រោមដៃ»​ជាច្រើន ដែលធ្លាក់​ចូល​ទឹក ឬត្រូវបាន​គ្រវាត់​ចោល ទៅក្នុងទឹក តាំងពីច្រើន​ថ្ងៃ​មកហើយ ដែល​ធ្វើឲ្យស្លែដុះ នៅជាប់​ជាមួយផង។ លោក ឡូរ៉ង់ ឡំបាដ៍ បានសរសេរ​​អម​នឹង​វីដេអូ​នេះថា៖

«ក្នុងរដូវក្ដៅនេះ អ្នកចង់ចុះ​ងូតទឹក​សមុទ្រ ជាមួយនឹង “Covid-19” ឬ? គ្រាន់តែជម្រាប​ជូនថា ម៉ាស់ដែលប្រើហើយ​បោះចោល ត្រូវបានបញ្ជាទិញ ប្រមាណជាង​២ពាន់​លានម៉ាស់ (តួលេខតែក្នុងប្រទេសបារាំងមួយ)។ អញ្ចឹងទេ បន្តិចទៀត យើងប្រាកដជាឃើញ ម៉ាស់​អណ្ដែត​ពេញទឹក ជាជាងឃើញខ្ញែសមុទ្រ (ឬជំពុលទឹក) អណ្ដែតហើយ។»

ការប្រទះឃើញឧបករណ៍ទាំងនេះ បានកើតឡើង នៅខណៈពេល ដែលបណ្ដាប្រទេសនានា នៅអ៊ឺរ៉ុបកំពុង​ងើបចេញ ពីបម្រាមដែលបិទប្រទេស ដើម្បីបើកឲ្យពលរដ្ឋ អាចដើរ​ហើរ ចេញ​ក្រៅផ្ទះបាន។ អាជ្ញាធរសុខាភិបាល​ បានផ្ដល់យោបល់ ថានៅពេលដើរចេញក្រៅនោះ គេគួរ​ការពារខ្លួន ដោយពាក់​ម៉ាស់ ឬពាក់ស្រោមដៃ ប្រសើរជាងមិនពាក់។

លោក ឡូរ៉ង់ ឡំបាដ៍ បានថ្លែងបន្ថែម នៅលើកញ្ចក់ទូរទស្សន៍បារាំង «France 3» ទៀតថា៖

«រឿងនេះ នឹងក្លាយជាគ្រោះមហន្តរាយ៍ សម្រាប់ប្រព័ន្ធជីវសាស្ត្រចម្រុះ។ កាលពីមួយ​សប្ដាហ៍​មុន ខ្ញុំបានឃើញ​តែម៉ាស់​មួយទេ នៅក្នុងទឹក តែបន្តបន្ទាប់មក ខ្ញុំបានប្រទះឃើញ កាន់តែ​​ច្រើន​ឡើងៗ។ ហើយនេះ គ្រាន់តែ​ជា​ការចាប់ផ្ដើម ផង​ទៀត។ យើងត្រូវ​គិតដល់ថា នៅពេល​​ដែលមាន​​ខ្យល់ខ្លាំង បកបោកមក វានឹងនាំម៉ាស់ ឬស្រោមដៃ​ទាំងនោះ ដែលគេ​បោះចោល នៅតាមដងផ្លូវ ឲ្យប៉ើងចូល​ទៅក្នុងសមុទ្រ។»

បើតាមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ថា ម៉ាស់សម្រាប់​ទប់ស្កាត់​មេរោគ មួយសម្រាប់ ត្រូវ​ចំណាយពេល រហូតដល់៤៥០ឆ្នាំ ដើម្បីរលាយបាត់រូប។

នៅចំពោះគ្រោះថ្នាក់ ដែលនឹងអាចឈានមកដល់នេះ លោក «Eric Pauget» តំណាង​រាស្ត្រ​បារាំងមួយរូប មកពីតំបន់ «Alpes-Maritimes» ដែលស្ថិតនៅជាប់សមុទ្រ មេឌីទែរ៉ាណេ បានស្នើឡើង ទៅរដ្ឋសភាជាតិបារាំង កាលពីសប្ដាហ៍មុន នូវច្បាប់មួយ ដើម្បីដាក់​ពិន័យ ៣០០អ៊ឺរ៉ូ ទៅលើនរណាក៏ដោយ ដែលបោះចោលម៉ាស់ ឬស្រោមដៃ នៅលើ​ដងផ្លូវ​សាធារណៈ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។