មកដល់ម៉ោងនេះ ករណីឆ្លងជំងឺ«Covid-19» បានកើនឡើងជិត៣លាននាក់ និងស្លាប់ជាង២សែននាក់ នៅលើពិភពលោក។ នេះ បើតាមតួលេខ ដែលផ្ដល់ដោយសាកលវិទ្យាល័យ «Johns Hopkins» របស់សហរដ្ឋអាមេរិក ដែលធ្វើការតាមដាន ស្ថានភាពវិវត្តន៍ឡើង នៃការរាតត្បាតដ៏សាហាវ។
យ៉ាងណា បណ្ដាប្រទេសជាច្រើន នៅទ្វីបអ៊ឺរ៉ុប កំពុងត្រៀមខ្លួនបន្តិចម្ដងៗ ដើម្បីលើកចេញ នូវបម្រាមរបស់ខ្លួន។ ចាប់ពីថ្ងៃអាទិត្យនេះ ប្រទេសអេស្ប៉ាញបានបើកឲ្យកុមារ អាចចេញដើរបាន នៅក្រៅផ្ទះ។ រីឯប្រទេសបារាំង ដែលគ្រោងឲ្យលើកបម្រាមចេញ នៅថ្ងៃទី១១ ខែឧសភាខាងមុខ នឹងប្រកាសក្នុងដើមសប្ដាហ៍ក្រោយ ពីវិធានការទាំងឡាយ ដែលនឹងត្រូវអនុវត្តន៍ នៅក្រោយការលើកបម្រាមនោះ។
ប៉ុន្តែពិភពលោក បានស្គាល់តុល្យភាពយ៉ាងធ្ងន់មួយ រួចជាស្រេចហើយ៖ អ្នកជំងឺ ២០៥ ៣៩៨នាក់ បានស្លាប់ ពីក្នុងចំណោមមនុស្ស ២ ៩៥៤ ១០៦នាក់ ដែលត្រូវបានរកឃើញបានឆ្លងមេរោគដ៏ចង្រៃ នៅជុំវិញពិភពលោក រាប់មកទល់នឹងនាទី មុនអត្ថបទនេះចេញផ្សាយ។
ប្រទេសដែលរងគ្រោះជាងគេ គឺមហាយក្សអាមេរិក ដែលមានអ្នកជំងឺស្លាប់ ៥៤ ១៧៥នាក់ ពីក្នុងចំណោមមនុស្ស ៩៥៤ ១៨២នាក់ ដែលបានឆ្លងជំងឺ។ បន្ទាប់មក គឺប្រទេសអ៊ីតាលី ជាមួយនឹងតួលេខមនុស្សស្លាប់ ២៦ ៦៤៤នាក់ ពីក្នុងចំណោមករណីឆ្លង ១៩៧ ៦៧៥នាក់។ ប្រទេសទីបី គឺប្រទេសអេស្ប៉ាញ ដែលមានអ្នកជំងឺស្លាប់ ២៣ ១៩០នាក់ ពីចំណោមករណីឆ្លង ២២៦ ៦២៩នាក់។
ប្រទេសរងគ្រោះទី៤ គឺបារាំង ជាមួយតួលេខអ្នកស្លាប់ ២២ ៨៩០នាក់ ពីចំណោមអ្នកឆ្លងជំងឺ ១៦១ ៦៦៥នាក់។ រីឯចក្រភពអង់គ្លេស មានអ្នកជំងឺស្លាប់ ២០ ៧៩៤នាក់ ពីចំណោមអ្នកឆ្លង ១៥៤ ០៣២នាក់។
ប្រទេសមួយចំនួន កំពុងសិក្សាពីលទ្ធភាព នៃការផ្ដល់ «លិខិតឆ្លងដែន» នៃភាពស៊ាំនឹងមេរោគ សម្រាប់បណ្ដាជនទាំងឡាយណា ដែលមានអង្គការពារខ្លួន ខ្លាំងជាងមេរោគ«Covid-19» ដើម្បីអនុញ្ញាតឲ្យបណ្ដាជនទាំងនោះ អាចធ្វើដំណើរ និងប្រកបកិច្ចការងារបាន ដោយគ្មានការភ័យខ្លាច និងគ្មានការសង្ស័យ។
ក្រុមប្រទេសទាំងនោះ គិតថា ការស្វែងរកអ្នកមានអង្គការពារប្រាណខ្លាំង និងឈ្នះចំពោះមេរោគ«Covid-19» និងអនុញ្ញាតឲ្យសកម្មភាពសេដ្ឋកិច្ច អាចកម្រើកខ្លួនបានឡើងវិញ។
ប៉ុន្តែគំនិតខាងលើ បានរងការពញាក់អារម្មណ៍ ពីអង្គការសុខភាពពិភពលោក (WHO /OMS) ក្នុងថ្ងៃសៅរ៍នេះ។ អង្គការពិភពលោកមួយនេះ បានព្រមានឡើងថា៖
«នៅពេលនេះ គ្មានភស្ដុតាងណាមួយ ដែលបញ្ជាក់ថា បណ្ដាជនដែលបានជាសះ ពីជំងឺ “Covid-19” នឹងបណ្ដាជន ដែលមានអង្គការពារប្រាណខ្លាំង ប្រាកដជាត្រូវបានការពារ ពីការឆ្លងមេរោគនេះ ក្នុងពេលក្រោយនោះឡើយ។»
«WHO» បានបន្តទៀតថា៖
«មិនមានអំណះអំណាងគ្រប់គ្រាន់ ដើម្បីវាយតម្លៃ អំពីភាពទុកចិត្តបាន នៃ “លិខិតឆ្លងដែនស្ដីពីភាពស៊ាំ” ហើយការប្រើប្រាស់ លិខិតបញ្ជាក់បែបនេះ អាចបង្កើនហានិភ័យ នៃការឆ្លងកាន់តែខ្លាំងឡើង។ ជាពិសេស ក្រុមមនុស្ស ដែលគិតថាពួកគេមានភាពស៊ាំនេះ នឹងមិនអើពើ ចំពោះក្រឹត្យក្រមអនាម័យឡើយ៕»