បន្ទាប់ពីឱសានវាទបានផុតកំណត់ ប្រទេសនានានៅអ៊ឺរ៉ុប ចាប់ផ្ដើមប្រកាសជាផ្លូវការ និងជាបន្តបន្ទាប់ ទទួលស្គាល់លោក រ៉ន់ ហ្គេដូ (Juan Guaido) មេដឹកនាំប្រឆាំង និងជាប្រធានរដ្ឋសភា ក្នុងប្រទេសវេណេស៊ុយអេឡា ជាប្រធានាធិបតីស្ដីទី ដើម្បឲ្យលោកទទួលខុសត្រូវ ក្នុងការរៀបចំការបោះឆ្នោតប្រធានាធិបតីមួយថ្មី ដែលសេរី ត្រឹមត្រូវ យុត្តិធម៌។
ប្រទេសអេស្ប៉ាញ បានធ្វើសេចក្ដីប្រកាសនេះ មុនគេ។ លោក ប៉េត្រូ សិនឆេស (Pedro Sanchez) នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានថ្លែងកាលពីព្រឹកម៉ិញថា៖
«រដ្ឋាភិបាលអេស្ប៉ាញ ប្រកាសទទួលស្គាល់ជាផ្លូវការ ប្រធានរដ្ឋសភាវេណេស៊ុយអេឡា លោក ហ្គេដូ ជាប្រធានាធិបតីស្តីទី នៃប្រទេសវេណេស៊ុយអេឡា។ លោក ហ្គេដូ ត្រូវទទួលបន្ទុករៀបចំការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី នៅក្នុងពេលដ៏ឆាប់បំផុត នាពេលខាងមុខ។»
បន្ទាប់ពីអេស្ប៉ាញ ប្រទេសជាបន្តបន្ទាប់នៅអ៊ឺរ៉ុប ក្នុងនោះ ចក្រភពអង់គ្លេស អូទ្រីស ស៊ុយអែដ ដាណឺម៉ាក បារាំង និងអាល្លឺម៉ង់ ក៏បានប្រកាសពីជំហររបស់ផងខ្លួន ដូចគ្នាដែរ។
ការប្រកាសទទួលស្គាល់ របស់បណ្ដាប្រទេសនៅអ៊ឺរ៉ុប បានរងប្រតិកម្មពីប្រទេសរ៉ុស្ស៊ី ដែលជាសម្ព័ន្ធមិត្តមួយ របស់លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយអេឡា។ លោក «Dmitri Peskov» អ្នកនាំពាក្យវិមានក្រឹមឡាំង បានថ្លែងឡើងថា៖
«យើងចាត់ទុកការព្យាយាមផ្ដល់ភាពស្របច្បាប់ ទៅឲ្យការប្លន់អំណាច [នៅក្នុងប្រទេសវេណេស៊ុយអេឡា] គឺជាការលូកដៃ ដោយផ្ទាល់ និងដោយប្រយោល នៅក្នុងកិច្ចការផ្ទៃក្នុង នៃប្រទេសវេណេស៊ុយអេឡា។»
សម្រាប់ប្រទេសស្វីសវិញ កំពុងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់ នូវស្ថានភាពក្នុងប្រទេសវេណេស៊ុយអេឡា។ នេះ បើតាមក្រសួងការបរទេសស្វីស ដកស្រង់សំដីដោយសារព័ត៌មាន ក្នុងប្រទេសស្វីស។ ក្រសួងការបរទេស បានបញ្ជាក់ថា៖
«សម្រាប់ការវិវត្តន៍ចុងក្រោយ [នៅក្នុងប្រទេសវេណេស៊ុយអេឡា] ប្រទេសស្វីសទាមទារឲ្យគ្រប់ភាគីទាំងអស់ ឲ្យបង្ហាញការអត់ធ្មត់ និងដោះស្រាយវិបត្តិនយោបាយ ដោយគោរពដល់រដ្ឋធម្មនុញ្ញរបស់ប្រទេស។»
ប្រទេសជាច្រើននៅទ្វីបអ៊ឺរ៉ុប បានដាក់ឱសានវាទកាលពីចុងសប្ដាហ៍មុន ឲ្យរយៈពេល៨ថ្ងៃ ទៅលោក នីកូឡា ម៉ាឌូរ៉ូ ដើម្បីឲ្យលោកប្រកាសរៀបចំការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីឡើងវិញ។ ឬបើមិនអញ្ចឹងទេ ប្រទេសទាំងនោះ នឹងប្រកាសទទួលស្គាល់លោក រ៉ន់ ហ្គេដូ ជាប្រធានាធិបតីស្ដីទី នៃប្រទេសវេណេស៊ុយអេឡា។
ប៉ុន្តែឱសានវាទខាងលើ ត្រូវបានលោក នីកូឡា ម៉ាឌូរ៉ូ ច្រានចោលដោយអះអាងថា៖
«គ្មាននរណាម្នាក់ អាច ដាក់ឱសានវាទ ឲ្យយើងនោះឡើយ (…) អ្វីដែលបានកើតឡើង គឺមានអាមេរិកនៅពីក្រោយ។ ពួកគេវាយប្រហារយើង ហើយពួកគេគិតថា ប្រទេសវេណេស៊ុយអេឡា ជាសួនច្បាររបស់ពួកគេ។»
សហរដ្ឋអាមេរិក កាណាដា និងប្រទេសជាច្រើនទៀត នៅក្នុងតំបន់ បានប្រកាសទទួលស្គាល់លោក ហ្គេដូ ភ្លាមៗក្រោយការប្រកាស របស់មេដឹកនាំប្រឆាំងរូបនេះ ក្នុងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ធ្វើជាប្រធានាធិបតីស្ដីទី នៃប្រទេសវេណេស៊ុយអេឡា៕