ពិភពលោក

អាល្លឺម៉ង់​នៅផ្ដល់​«ប្រាក់ជំងឺចិត្ត»​ឲ្យអតីតទាហាន​សង្គ្រាមលោក ​២០៣៣នាក់

តាំងពីឆ្នាំ១៩៥០មក ប្រទេសអាល្លឺម៉ង់ត្រូវបានកំណត់ ឲ្យផ្ដល់«ប្រាក់ជំងឺចិត្ត» ទៅឲ្យជនរងគ្រោះក្នុងសង្គ្រាមលោក។ តែមិនមែនមានតែជនរងគ្រោះទេ បើទោះជាទាហានអាល្លឺម៉ង់ខ្លួនឯង ដែលបម្រើក្នុងកងទ័ពហ៊ីត្លែ ក៏ទទួលបានប្រាក់ជំងឺចិត្តទាំងនោះដែរ។

ក្រសួងការងាររបស់ប្រទេសអាល្លឺម៉ង់ បានពន្យល់ថា ប្រាក់ឧបត្ថម្ភត្រូវបានយល់ព្រម ផ្ដល់ទៅឲ្យអតីតទាហានទាំងនោះ ដោយសារពួកគេរងគ្រោះក្នុងពេលសង្គ្រាម ដែលបង្កឲ្យមានបញ្ហាសុខភាព រហូតមកដល់សព្វថ្ងៃ តែមិនមែនដោយសារពួកគេបម្រើការ នៅក្នុងកងទ័ពហ៊ីត្លែ ឬជាកងអង្គរក្សផ្ទាល់ «SS» របស់ហ៊ីត្លែនោះទេ។

ក្រសួងបន្តថា ការផ្ដល់ប្រាក់ជំងឺចិត្តនេះ នឹងត្រូវចាត់ទុកជាមោឃភាព បើគោលការណ៍មនុស្សធម៌ និងគោលការណ៍ច្បាប់ ត្រូវបានរកឃើញថា រំលោភបំពានដោយសាមីខ្លួន នៅក្នុងរយៈកាលនៃការកាន់អំណាច របស់ក្រុមណាហ្ស៊ី ហ៊ីត្លែ។

មកដល់ថ្ងៃនេះ អតីតយុទ្ធជនចំនួន២០៣៣នាក់ នៅតែទទួលបាន«ប្រាក់ជំងឺចិត្ត»នេះ ដោយក្នុងនោះ ៤៣៥នាក់ កំពុងរស់នៅឯបរទេស។ ប្រាក់សរុបដែលត្រូវបញ្ជូន ទៅឲ្យអតីតយុទ្ធជន​ដ៏ចាស់ជរា​ទាំងនោះ មានចំនួន ៧៨៧ ៧៤០អ៊ឺរ៉ូ ក្នុងមួយខែ។

ការផ្ដល់ប្រាក់ជំងឺចិត្តនេះ រងការទើសទាល់យ៉ាងខ្លាំង នៅក្នុងប្រទេសអាល្លឺម៉ង់ ដោយហេតុថា មិនត្រឹមតែអតីតទាហានធម្មតាទេ ដែលទទួលបានប្រាក់ជំងឺចិត្ត ពីរដ្ឋអាល្លឺម៉ង់សព្វថ្ងៃ តែបើសូម្បីតែឧក្រិដ្ឋជនសង្គ្រាម នៃរបបណាហ្សី និងសហសេវិកជាជនជាតិបរទេស ក៏អាចទទួលបានប្រាក់ឧបត្ថម្ភខាងលើនេះដែរ ខណៈច្បាប់អាល្លឺម៉ងបានហាមឃាត់ ការផ្ដល់ថវិកា ឬការលើកទឹកចិត្ត សម្រាប់ឧក្រិដ្ឋជនសង្គ្រាម។

ដោយសារហេតុនេះ ទើបគណៈកម្មាធិការកិច្ចការបរទេស របស់រដ្ឋសភាអាល្លឺម៉ង់ បានអនុម័តកាលពីថ្ងៃអង្គារមុន នូវគម្រោងដំណោះស្រាយមួយ ដើម្បីស្នើសុំ​ទៅរដ្ឋាភិបាលនៃប្រទេស​ប៊ែលហ្សិក ឲ្យបញ្ជូនបញ្ជីឈ្មោះអតីតយុទ្ធជន ដែលកំពុង​រស់នៅ​លើទឹកដី​ប៊ែលហ្សិក  និងដែលត្រូវបានផ្ដន្ទាទោស ពីបទឃុបឃិត​ជាមួយរបបណាហ្ស៊ី មកឲ្យរដ្ឋសភាអាល្លឺម៉ង់។ ដំណោះស្រាយរបស់រដ្ឋសភាអាល្លឺម៉ង់ គឺមានគោលដៅបញ្ចប់ការផ្ដល់ប្រាក់ ទៅឲ្យអតីតយុទ្ធជន ដែលជាប់ឈ្មោះជាឧក្រិដ្ឋជនសង្គ្រាម៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: Adolf Hitler