កម្ពុជា

កម្ពុជា​ជាប់ក្នុង​«បញ្ជីប្រផេះ»​នៃស្ថាប័ន​ឃ្លាំមើល​ការលាង​លុយ​កខ្វក់

ប្រទេសកម្ពុជា ស្ថិតក្នុងចំណោម​ប្រទេសចំនួន១២ ដែលជាប់ក្នុង​«បញ្ជីប្រផេះ» នៃការឃ្លាំមើល​ការលាងប្រាក់កខ្វក់ របស់​«អង្គការឃ្លាំមើលសកម្មភាពហិរញ្ញវត្ថុ (ហៅ​ជា​ភាសា អង់គ្លេស “Financial Action Task Force – FATF” និងជាភាសាបារាំង “Groupe d’action financière – GAFI”)» ដែលជាស្ថាប័នអន្តរ​-រដ្ឋាភិបាល មានទីស្នាក់ការកណ្ដាល ក្នុង​រដ្ឋធានីប៉ារីស ប្រទេសបារាំង។

«បញ្ជីប្រផេះ» របស់ស្ថាប័នខាងលើនេះ មានលក្ខណៈជាការប្រកាសសញ្ញាមួយ ទៅដល់រដ្ឋ​ដែលជាប់ឈ្មោះនៅក្នុង​បញ្ជី ថាខ្លួនអាចធ្លាក់ចូល ទៅក្នុងបញ្ជីខ្មៅ ឬទណ្ឌកម្មផ្នែក​ហិរញ្ញវត្ថុ ប្រសិនណា​ជារដ្ឋទាំងនោះ មិន​ដោះស្រាយ​បញ្ហា ដែលស្ថាប័នពិភពលោកមួយនេះ ទទូច​ឲ្យធ្វើទេ​នោះ។

របាយការណ៍របស់ «FATF ឬ GAFI» ដែលចេញផ្សាយក្នុងថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បានឲ្យដឹងថា ប្រទេសកម្ពុជា​ត្រូវបំពេញកាតព្វកិច្ច ចំនួន១០ចំណុច ដើម្បី​បង្ហាញ​ចេញជាលទ្ធផល ពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការទប់ស្កាត់-ប្រឆាំង នឹង​ការ​លាង​ប្រាក់កខ្វក់ ជាពិសេស​នៅក្នុងវិស័យអចលនទ្រព្យ កាស៊ីណូ និងដែលបានមក ពី​ឧក្រិដ្ឋកម្ម​ផ្សេងទៀត។

ក្នុងខែតុលា ឆ្នាំកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយ «ABC» របស់ប្រទេសអូស្ត្រាលី បានចេញ​របាយការណ៍​បង្ហាញថា ក្រុមគ្រួសារត្រកូលហ៊ុន មានទ្រព្យសម្បត្តិ ជាច្រើនលានដុល្លារ និងផ្ទះសម្បែង​ដ៏ស្កឹមស្កៃ នៅក្នុងសង្កាត់ដ៏ប្រណិតៗ នៅលើកោះអូស្ត្រាលី។ ការគាស់​បង្ហាញ​នោះ បានធ្វើឲ្យសំនួរជាច្រើន​ផ្ទុះឡើង ដើម្បីចោទសួរពីប្រភពចំណូល នៃទ្រព្យសម្បត្តិ​ទាំង​នោះ ខណៈសមាជិកខ្លះនៃត្រកូល ហ៊ុន មាន​ប្រាក់បៀវត្សន៍​ប្រចាំខែ ប្រមាណ​តែ ១០០០​ដុល្លារ ឬច្រើនជាងនេះ​តិចតួចប៉ុណ្ណោះ។

ប៉ុន្តែនៅមានបណ្ដាញទូរទស្សន៍ «Al Jazeera» មួយទៀត ក៏បានអង្កេតរកឃើញ ក្នុង​ដើម​ខែកក្កដា ពីការបង្វិល និងការផ្ទេរប្រាក់ ដ៏គួរឲ្យសង្ស័យ ក្នុងកម្រិត​រាប់សិប​លាន​ដុល្លារ​ផ្សេងទៀតដែរ។ បណ្ដាញទូរទស្សន៍ បានបង្ហាញភស្ដុតាងថា ការបង្វិល​និង​ការផ្ទេរ​ប្រាក់នោះ ទំនងជាមាន​ជាប់ទាក់ទង នឹងលោក គង់ វិបុល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា។

«FATF ឬ GAFI» បានសរសេរ​នៅក្នុងរបាយការណ៍​របស់ខ្លួន (ចេញផ្សាយថ្ងៃនេះ) ថាខ្លួន​បាន​រកឃើញ ពីករណីសង្ស័យជាច្រើន ដែលបាន​កើតមាន នៅក្នុងប្រទេស​កម្ពុជា តែផ្ទុយ​ទៅវិញ មិនមានករណីណាមួយ ត្រូវបានអាជ្ញាធរស៊ើបអង្កេត ពីបទលាងប្រាក់​កខ្វក់​នោះ​ឡើយ ខណៈប្រព័ន្ធយុត្តិធម៌ របស់ប្រទេសនេះ ត្រូវបាន​គ្របដណ្ដប់ ដោយ​«អំពើ​​ពុករលួយ​​យ៉ាងធ្ងន់ធ្ងរ»។

ការជាប់ក្នុង«បញ្ជីប្រផេះ» នឹងជះផលអាក្រក់ សម្រាប់ប្រទេសកម្ពុជា ទាក់ទងនឹង​ប្រព័ន្ធ​ផ្ទេរប្រាក់ ការធ្វើវិនិយោគ និងការធ្វើពាណិជ្ជកម្ម។ មន្ត្រីមួយរូបរបស់ស្ថាប័ន «FATF ឬ GAFI» ត្រូវបានស្រង់សំដី​ដោយទីភ្នាក់ងារ «Reuters» មកបញ្ជាក់ថា ក្រុមហ៊ុនសហគ្រាស ឬបណ្ដាជនទាំងឡាយ នៅក្នុងប្រទេសកម្ពុជា នឹងមានភាពពិបាក ក្នុងការប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ បើសិនជាមាន​ចំណាត់ការ ពីស្ថាប័នមួយនេះ។

ទីភ្នាក់ងារ «Reuters» បានស្រង់សំដី លោក «Marshall Billingslea» ប្រធានស្ថាប័ន​ពិភពលោក​ខាងលើ មកបញ្ជាក់ដែរថា ប្រទេសកម្ពុជា​នៅមានកង្វះខាត ដ៏សំខាន់​ជា​ច្រើន ផ្នែកប្រយុទ្ធប្រឆាំង នឹងការលាងប្រាក់កខ្វក់។ ប៉ុន្តែលោក «Marshall Billingslea» បានគូស​បញ្ជាក់ថា ប្រទេសនេះបាន «ប្ដេជ្ញាចិត្ត​ដ៏ខ្ពស់ ផ្នែកនយោបាយ» ដើម្បីដោះស្រាយ​បញ្ហាទាំងនោះ។

មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើប្រតិកម្មជុំវិញករណីនេះ បាននៅឡើយ។ ប៉ុន្តែអ្នក​នាំពាក្យ​ក្រសួង​ហិរញ្ញវត្ថុ​កម្ពុជា បានបដិសេធ​ការធ្វើអត្ថាធិប្បាយ ជាមួយ​ទីភ្នាក់ងារ «Reuters» ដោយរុញអ្នកសារព័ត៌មាន ឲ្យទៅសាកសួរ​ខាងធនាគារជាតិវិញ។

នៅក្នុងបញ្ជីខ្មៅរបស់ «FATF ឬ GAFI» មានប្រទេសចំនួនពីរ៖ កូរ៉េខាងជើង និងអៀរ៉ង់។ ប៉ុន្តែប្រទេសអៀរ៉ង់ នៅមិនទាន់ជាប់ក្នុងបញ្ជីខ្មៅនេះ ជាស្ថាពរនៅឡើយ ដោយ «FATF ឬ GAFI» ទុកពេលឲ្យប្រទេសនេះ រហូតដល់ខែមិថុនាខាងមុខ។ ប្រទេសប៉ាគីស្ដង់ ក៏ត្រូវ​បាន​អង្គការ​ដដែលនេះ ដាក់ឱសានវាទ​ដូចគ្នាដែរ ដើម្បីឲ្យប្រទេសនេះ​សម្រេចចេញ​ជាលទ្ធផល នូវការប្ដេជ្ញាចិត្ត​របស់ខ្លួន។

សូមជម្រាបជូនថា «អង្គការឃ្លាំមើលសកម្មភាពហិរញ្ញវត្ថុ» ត្រូវបានបង្កើតឡើងដំបូង ដោយក្រុមប្រទេស «G7» ក្នុងឆ្នាំ១៩៨៩ ដើម្បីបម្រើ​ទិសដៅ ឲ្យដល់ការប្រយុទ្ធប្រឆាំង​ការលាង​ប្រាក់កខ្វក់ និងការផ្គត់ផ្គង់​ផ្នែកហិរញ្ញវត្ថុ សម្រាប់បណ្ដាញភេរវនិយម​អន្តរជាតិ។

មកដល់ថ្ងៃនេះ «FATF ឬ GAFI» មានសមាជិកជាប្រទេស និងស្ថាប័នអន្តរជាតិ (ដូច​យ៉ាង​សហភាពអ៊ឺរ៉ុបជាដើម) ចំនួន៣៨ នៅលើពិភពលោក និងមានសមាជិក​អង្កេត​ការណ៍​ចំនួន២។ ក្រៅពីនេះ «FATF ឬ GAFI» នៅមានសមាជិក ជាអង្គភាព សមាគម និងអង្គការ​ក្រៅ​រដ្ឋាភិបាល ជាច្រើន​ទៀត៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។