កម្ពុជា

ថ្ងៃ៨មីនា៖ ហ៊ុន សែន លើកពី​«ស្ត្រី​និងការអភិវឌ្ឍ ​ក្នុងបរិការណ៍​កូវីដ-១៩»

តើមានអ្វីទាក់ទងគ្នា រវាងទិវាអន្តរជាតិស្ដីពីសិទ្ធិស្ត្រី ថ្ងៃ៨មីនា និងជំងឺរាតត្បាតកូវីដ-១៩ (Covid-19)? សម្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានភ្ជាប់ព្រឹត្តិការណ៍ទាំងពីរនេះ ទៅក្នុងប្រធានបទថ្មី​មួយ ដែលលោកដាក់​ឈ្មោះ​ឱ្យថា៖ «ស្ត្រី​និងការអភិវឌ្ឍ ក្នុងបរិការណ៍​កូវីដ-១៩»។

បុរសខ្លាំងនៅកម្ពុជា បានលើកឡើងដូច្នេះ នៅលើបណ្ដាញសង្គម ដោយអមមកជាមួយ នូវរូបថតលោក និងភរិយា​លោក កាលពី​ប៉ុន្មាននាទីមុន។ លោកមិនបានភ្លេចរៀបរាប់ផងទេថា ចាប់តាំងពីថ្ងៃរំដោះ ៧មករា (ឆ្នាំ១៩៧៩) រហូត​ដល់ពេលបច្ចុប្បន្ន រដ្ឋាភិបាល​របស់លោក បានយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើត​បានជា​ពាក្យ​ស្លោកថា «ស្រ្តីជាឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ»។

លោក ហ៊ុន សែន សរសេរបន្តថា៖

«“ស្ត្រី​និងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩” គឺជាប្រធានបទដ៏មានអត្ថន័យ នៃទិវាអន្តរជាតិនារី ៨មីនា លើកទី​១១០ ដែលជា​ការបង្ហាញឲ្យឃើញ ពីតួនាទីយ៉ាងសំខាន់ របស់ស្រ្តីនៅក្នុងសង្គមជាតិ ជាពិសេស​ក្នុងការប្រយុទ្ធ​ប្រឆាំង ជម្ងឺកូវីដ-១៩ នាពេល​បច្ចុប្បន្ននេះ ដែលជាបុព្វលក្ខខណ្ឌ​មិនអាចប្រកែកបានឡើយ ក្នុងការរួមចំណែក​ជួយដល់ការលើកកម្ពស់​សិទ្ធិសេរីភាព​របស់ស្ត្រី និងជួយអោយស្ត្រីមានតម្លៃ កាន់តែខ្ពស់ឡើង នៅក្នុងសង្គមជាតិ និងលើឆាកអន្តរជាតិ។»

តែនាយករដ្ឋមន្ត្រីវ័យ៦៨ឆ្នាំរូបនេះ មិនបានបញ្ជាក់ផងទេថា តើ«បុព្វលក្ខខណ្ឌ»​ដែលលោកលើកឡើងនោះ មានអ្វីខ្លះ ហើយបានទាក់ទង និងរួមចំណែក ក្នុងការលើកកម្ពស់សិទ្ធិស្ត្រី នៅត្រង់ណាឡើយ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។