កម្រមាន

ឥណ្ឌា៖ ប្រកាសថាស្លាប់ ស្រាប់តែរស់ឡើងវិញ​ ពេលធ្វើ​កោសល្យវិច្ច័យ

ក្នុងរដ្ឋ​«Karnataka» (ភាគខាងត្បូងឥណ្ឌា) បុរសម្នាក់អាយុ២៧ឆ្នាំ ដែលត្រូវបានគ្រូពេទ្យ ប្រកាសថាស្លាប់ បន្ទាប់​ពីបានរងរបួសធ្ងន់ធ្ងរ នៅក្នុងគ្រោះថ្នាក់ដួលម៉ូតូ បានភ្ញាក់ដឹងខ្លួនមកវិញ នៅខណៈពេលសាកសព ត្រូវបានយកទៅ​ធ្វើកោសល្យវិច្ច័យ។ នេះ បើតាមមន្ត្រី​សុខាភិបាល​ឥណ្ឌា ដែលត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារសារព័ត៌មាន​បារាំង «AFP»។

បុរសខាងលើ ដែលជាអ្នករស់នៅក្រុង «Mahalingapur» ត្រូវបានដឹកបញ្ជូនជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យ​ឯកជន​មួយកន្លែង កាលពី​ចុងសប្ដាហ៍មុន។ តែនៅពេល​ដឹក​ទៅដល់ទីនោះ ក្រុមគ្រូពេទ្យបានប្រកាសថា បុរសបាន​ផុតដង្ហើម និងស្លាប់រួចទៅហើយ។

ក្រុមគ្រួសាររបស់បុរស ក៏បានបញ្ជូនសាកសព ទៅកាន់មន្ទីរពេទ្យរដ្ឋមួយផ្សេង ដើម្បីអនុញ្ញាតឲ្យគ្រូពេទ្យ​ធ្វើ​កោសល្យវិច្ច័យ មុននឹង​សាកសព ត្រូវយកទៅបូជា (ឬបញ្ចុះ)។ នៅមុនពេលចាប់ផ្ដើម​ការវះកាត់សព ស្រាប់តែ​មន្ត្រីពេទ្យ​ឃើញរាងកាយបុរស បានកម្រើកឡើង។

មន្ត្រីសុខាភិបាលប្រចាំតំបន់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា បុរសខាងលើត្រូវបានបញ្ជូនចេញ ពីមន្ទីរ​ធ្វើកោសល្យវិច្ច័យ ទៅសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមួយទៀត។ មកដល់ពេលនេះ ស្ថានភាពសុខភាព​របស់​បុរស មានភាពប្រសើរឡើងហើយ។

មន្ត្រីដដែលបានទទួលស្គាល់ថា ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យឯកជន បានធ្វើការវិន្និច្ឆ័យ​មិនត្រឹមត្រូវ ក្នុងការប្រកាស​មរណភាព​របស់​បុរស។ ហើយគឺក្រុមគ្រួសាររបស់បុរសរងគ្រោះ ដែលត្រូវដាក់បណ្ដឹង ទៅកាន់តុលាការ ជុំវិញភាព​ខ្ជីខ្ជារ​​របស់ក្រុមគ្រូពេទ្យ​ទាំងនោះ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: HealthIndia