«តើអ្នកមើលឃើញ រូបភាពរួម[ដូច្នេះ]ឬទេ?» ជាសំនួររបស់ទំព័រហ្វេសប៊ុក នៃស្ថានទូតសហរដ្ឋអាមេរិក សួរទៅកាន់ប្រិយមិត្តរបស់ខ្លួន ជុំវិញគុណភាព និងសុវត្ថិភាព ចំពោះ«សមិទ្ធិផលចិន» ដែលត្រូវបានសង់ឡើង នៅក្នុងបណ្ដាប្រទេសនានា ក្នុងពិភពលោក។
ហើយសំណេរនោះ គឺជាភាគបន្តនៃការឌឺដងផ្លែផ្កា រវាងស្ថានទូតនៃមហាយក្សទាំងពីរ នៅក្នុងប្រទេសកម្ពុជា រាប់ចាប់តាំងពីចុងសប្ដាហ៍មុនមក។
កាលពីថ្ងៃសុក្រ ស្ថានទូតអាមេរិកបានលើកឡើង នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន អំពី«ឱនភាពពាណិជ្ជកម្ម» ដ៏ធំធេងរបស់កម្ពុជា នៅចំពោះទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-ចិន ដែលផ្ទុយគ្នាស្រឡះ ពីទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក ឬកម្ពុជា-សហភាពអ៊ឺរ៉ុប។
នៅចំពោះសំណេររបស់ស្ថានទូតអាមេរិក មហាយក្សចិនបានឆ្លើយតបវិញ តាមរយៈបណ្ដាញសង្គមដូចគ្នា ដោយលើកឡើងថា ឱនភាពពាណិជ្ជកម្មនោះ គឺដោយសារកម្ពុជាត្រូវការវត្ថុធាតុដើម ដើម្បីផ្គត់ផ្គង់ ឲ្យដំណើរការផលិតកម្មរបស់ខ្លួន។
ស្ថានទូតចិនបានសរសេរប្រើរូបភាព ពន្យល់«មិត្តកម្ពុជា» អំពីអ្វីដែលស្ថានទូត នៃប្រទេសកុម្មុយនីស្ដិ៍ ចោទស្ថានទូតអាមេរិកថា «កំពុងបង្កបញ្ហាម្ដងហើយ ម្ដងទៀត» និងព្រមទាំងបានរំលើក ពីស្នាដៃសាងសង់ ស្ពាន-ថ្នល់-វារីអគ្គិសនី ដែលចិនសម្រេចបាននៅកម្ពុជា មុននឹងចោទសួរ ទៅសហរដ្ឋអាមេរិកវិញថា តើធ្វើអ្វីបានខ្លះហើយ?
តែនៅព្រឹកថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ចម្លើយរបស់មហាយក្សកុម្មុយនីស្ដិ៍ ក្នុងប្រទេសកម្ពុជា ក៏ទទួលបានការវាយបក ពីស្ថានទូតស្ថានទូតអាមេរិកវិញដែរ ដោយមហាយក្សលោកសេរី បានរិះគន់យ៉ាងជូរចត់ ចំពោះសមិទ្ធិផលទាំងឡាយ ដែលប្រទេសចិនបានសាងសង់ នៅតាមបណ្ដាប្រទេសនានា ក្នុងពិភពលោក។
ស្ថានទូតអាមេរិក បានយកករណីទំនប់វារីអគ្គិសនីមួយ នៅប្រទេសអេក្វាទ័រ មកសរសេរពន្យល់ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដូច្នេះថា៖
«ពីរឆ្នាំក្រោយពីក្រុមហ៊ុនសំណង់រដ្ឋចិន បានសង់ទំនប់វារីអគ្គិសនីដ៏ធំមួយ នៅប្រទេស Ecuador ទំនប់នេះដូចជាគ្មានដំណើរការសោះ។ សំណង់គ្មានគុណភាព និងការមិនគិត ពីស្តង់ដាសុវត្ថិភាព មានន័យថា កសិករនៅផ្នែកខាងក្រោម ត្រូវទទួលរងការជន់លិច ជាញឹកញាប់។»
ស្ថានទូតនៃមហាអំណាចលោកសេរី បានប្រាប់ឲ្យចូលទៅអានបន្ត នូវរបាយការណ៍មួយ ផ្សាយនៅលើគេហទំព័ររដ្ឋាភិបាលអាមេរិក ដែលរៀបរាប់យ៉ាងលំអិត អំពីគំរោងសាងសង់ ក្រោមគោលនយោបាយ ខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ របស់ប្រទេសចិន និងអំពីបញ្ហារបស់វា ដែល«គ្មានតម្លាភាព និងគណនេយ្យភាព» នៅត្រង់គុណភាព និងសុវត្ថិភាព។
មិនប្រាកដថា ស្ថានទូតចិនប្រជាមានិតសាទរ ចំពោះការលើកឡើង របស់ស្ថានទូតអាមេរិក ខាងលើនេះទេ ហើយគេនឹងរង់ចាំមើល ពីប្រតិកម្មរបស់ស្ថានទូត មហាអំណាចតំបន់មួយនេះ នៅក្នុងពេលខាងមុខ៕
*English below* ពីរឆ្នាំក្រោយពីក្រុមហ៊ុនសំណង់រដ្ឋចិនបានសង់ទំនប់វារីអគ្គិសនីដ៏ធំមួយនៅប្រទេស Ecuador…
Publiée par U.S. Embassy Phnom Penh, Cambodia sur Dimanche 21 avril 2019