សហរដ្ឋអាមរិកបានបន្តជំរុញ ទៅរបបដឹកនាំឯកបក្ស នៅក្នុងប្រទេសកម្ពុជា ឲ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយរាប់បញ្ចូល ទាំងការ«ដោះលែង» ប្រធានគណបក្សប្រឆាំង លោក កឹម សុខា ដែលត្រូវបានដាក់ឲ្យជាប់ឃុំ នៅក្នុងពន្ធនាគារ និងប្ដូរមកក្នុងគេហដ្ឋាន តាំងពីជាង២ឆ្នាំ និងអនុញ្ញាតឲ្យសង្គមស៊ីវិល ក៏ដូចជាសារព័ត៌មានឯករាជ្យ ឲ្យមានដំណើរការឡើងវិញ ដោយគ្មានការគំរាមកំហែង។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក អ្នកស្រី ម័រហ្គិន អ៊ថាហ្គឹះស៍ (Morgan Ortagus) បានថ្លែងអះអាងជាថ្មី ពីជំហររបស់ប្រទេសមហាអំណាច ចំពោះសំនុំរឿងមួយនេះ តាមរយៈវីដេអូមួយ ដែលត្រូវបានយកមកបង្ហោះ នៅលើទំព័រហ្វេសប៊ុក នៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្នុងឱកាសខួបពីរឆ្នាំ នៃការឃុំឃាំង លើមេដឹកនាំគណបក្សប្រឆាំង។
អ្នកស្រីបានគូសបញ្ជាក់ថា ការចោទប្រកាន់លើលោក កឹម សុខា ពីបទសន្និដ្ឋិភាពជាមួយបរទេស (សមគំនិតជាមួយបរទេស) ត្រូវបានធ្វើឡើង ដោយគ្មានមូលដ្ឋានច្បាស់លាស់។ អ្នកស្រីថ្លែងថា៖
«រដ្ឋាភិបាលកម្ពុជា មិនទាន់បានកាត់ទោស ឬបង្ហាញភស្តុតាងណាមួយ ដ៏គួរឱ្យទុកចិត្ត ដើម្បីបញ្ជាក់ចំពោះការអះអាងរបស់ខ្លួន ដែលត្រូវបានប្រើ ដើម្បីរំលាយគណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្សសង្គ្រោះជាតិ និងដើម្បីដកតំណែងតំណាងជាប់ឆ្នោត ដ៏ត្រឹមត្រូវ ជាង៥០០០នាក់»។
មន្ត្រីជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក បានហៅទង្វើទាំងនេះ ថាជា«ការធ្វើទុក្ខបុកម្នេញ» ទៅលើគណបក្សប្រឆាំង ដ៏ធំនៅកម្ពុជា ដែលជា«ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា»។ អ្នកស្រីបន្តថា៖
«សហរដ្ឋអាមេរិក សូមជំរុញជាថ្មីម្ដងទៀត ដល់រដ្ឋាភិបាលកម្ពុជា ឱ្យទម្លាក់រាល់ការចោទប្រកាន់ទាំងឡាយ ទៅលើលោក កឹម សុខា ហើយប្រគល់នូវសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ជូនលោកឡើងវិញ ក៏ដូចជា”ដោះលែង”អ្នកទាំងឡាយណា ដែលត្រូវបានឃុំខ្លួន តាមអំពើចិត្ត។ យើងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យប្រកាន់យកជំហានជាក់ស្ដែង ដើម្បីបង្កើតនូវការផ្សះផ្សារឡើងវិញ ដោយអនុញ្ញាត ឱ្យប្រព័ន្ធផ្សពផ្សាយ និងសង្គមស៊ីវិល ដំណើរការដោយគ្មានការភ័យខ្លាច ការគំរាមកំហែង និងការសងសឹក ដោយសារការអនុវត្តសិទ្ធិរបស់គេ ក្នុងការបញ្ចេញមតិ និងការជួបជុំស្របច្បាប់។»
ការលើកឡើងរបស់សហរដ្ឋអាមេរិក នៅក្នុងសំនុំរឿងនេះ មិនមែនជាលើកទីមួយទេ ហើយការថ្លែងលើកមុនៗ តែងទទួលបានប្រតិកម្មយ៉ាងចាស់ដៃ និងជាផ្លូវការ ពីរបបដឹកនាំនៅកម្ពុជា ដោយចាត់ទុកការលើកឡើងនោះ ថាជាបំណងចង់ជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ ក្រុងភ្នំពេញបានលើកឡើង តបវិញថា រាល់ចំណាត់ការទាំងនោះ ស្ថិតក្នុងដែនអំណាច របស់តុលាការកម្ពុជា ដែលគ្មាននរណាម្នាក់ ស្ថាប័ន ឬប្រទេសណាមួយ មានឥទ្ធិពលមកបង្គាប់បញ្ជាបានឡើយ។
ប្រតិកម្មខ្លាំងជាងគេ និងលើកចុងក្រោយបំផុត ធ្វើឡើងតាមរយៈលោក ផៃ ស៊ីផាន អ្នកនាំពាក្យរបបក្រុងភ្នំពេញ ដោយលោកស្នើឲ្យមន្ត្រីការទូតអាមេរិក នៅក្នុងប្រទេសកម្ពុជា ដែលលោកចាត់ទុកថា ជា««មនុស្សព្រៃ» ឲ្យ«វេចបង្វេច»ចេញពីកម្ពុជា ប្រសិនណាជាពួកគេ មិនពេញចិត្តនឹងកម្ពុជា ដែលស្ថិតក្រោមការដឹកនាំ របស់របបសព្វថ្ងៃ។
មកដល់ថ្ងៃនេះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានជាប់ឃុំ ទាំងនៅក្នុងពន្ធនាគារ និងនៅក្នុងគេហដ្ឋាន អស់រយៈពេលជាង២ឆ្នាំហើយ។ ការចាប់ខ្លួនលោក កាលពីយប់ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បានឈានទៅដល់ ការរំលាយគណបក្សរបស់លោក នៅប៉ុន្មានខែក្រោយមក ពោលគឺនៅថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំដដែល។
ព្រឹត្តិការណ៍ទាំងនោះ បានធ្វើឡើងស្របគ្នា នឹងយុទ្ធនាការបិទអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅក្នុងស្រុកមួយចំនួន ហើយត្រូវបានក្រុមអ្នកឃ្លាំមើល ចាត់ទុកថា ជាការសំអាតផ្លូវ ដើម្បីអនុញ្ញាតឲ្យរបបដឹកនាំ របស់លោក ហ៊ុន សែន អាចឈ្នះការបោះឆ្នោតសកល ក្នុងខែកក្កដា ឆ្នាំ២០១៨ និងបន្តកាន់អំណាច តែម្នាក់ឯងតទៅទៀត៕