កម្ពុជា

សកម្មជន​បរិស្ថាន​បបួល​រដ្ឋមន្ត្រី​បីរូប​ចុះ​ងូតទឹក​សមុទ្រ នៅក្រុង​ព្រះសីហនុ

រដ្ឋមន្ត្រីចំនួនពីររូប និងអភិបាលខេត្តមួយរូប ត្រូវបានសកម្មជនបរិស្ថាន យុវជន ថុន រដ្ឋា មកពីអង្គការមាតាធម្មជាតិ បបួលឲ្យចុះងូតទឹក នៅក្នុងតំបន់ឆ្នេរសមុទ្រ នៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីយុវជនរូបនេះ បានយកទឹកដែលបង្ហូរចូលសមុទ្រ ទៅធ្វើការពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រ ក្នុងរាជធានីភ្នំពេញរួច។

រដ្ឋមន្ត្រីទាំងពីររូប មានលោក សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន និងលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ខណៈអភិបាលខេត្តមួយរូបទៀត គឺលោក យន្ដ មីន អភិបាលខេត្តព្រះសីហនុផ្ទាល់តែម្ដង។

យុវជន ថុន រដ្ឋា បានថ្លែងតាមរយៈវីដេអូខ្លីមួយ បង្ហោះនៅលើទំព័រហ្វេសប៊ុក របស់អង្គការមាតាធម្មជាតិ ដោយបង្ហាញពីឆ្នេរអូឈើទាល និងបំពង់ទុយោបង្ហូទឹកចោល ចំនួន២៩បំពង់ ដែលយុវជនបានរាប់ឃើញ នៅក្នុងតំបន់ឆ្នេរអូឈើទាលតែមួយ។ យុវជនថ្លែងថា បំពង់បង្ហូរទឹកចោលទាំងនេះ ត្រូវបានបង្កើតឡើង ដើម្បីបង្អូរទឹកស្អុយ ទឹកភ្លៀង ចូល ទៅក្នុងតំបន់ឆ្នេរសមុទ្រខ្មែរ «ដែលរបបលោក ហ៊ុន សែន តែងអួតសរសើរថា ជាឆ្នេរដែលស្អាត លំដាប់កំពូល នៅលើពិភពលោក»។

អមជាមួយនឹងវីដេអូនោះ ទំព័រហ្វេសប៊ុក«មាតាធម្មជាតិ» បានសរសេរពន្យល់ដែរថា៖ «ក្រុងព្រះសីហនុ​​​ដែលដាក់ឈ្មោះ យោងទៅតាមព្រះនាមសម្តេចតា ជាទីស្រលាញ់របស់យើង ពេលនេះកំពុងក្លាយ ទៅជាក្រុងអាណាធិបតេយ្យ ដែលសំបូរទៅដោយកាស៊ីណូរ​ សណ្ឋាគារ និងកន្លែងកំសាន្តនានាជាច្រេីន ដែលកំពុងរីកដូចផ្សិត ខណៈពេលរបបផ្តាច់ការរបស់ ហ៊ុន សែន ខ្វះសមត្ថភាព ក្នុងការគ្រប់គ្រងប្រព័ន្ធលូទឹកស្អុយ ជាយូរណាស់មកហើយ»។

ដើម្បីចង់ដឹងថា តើទឹកបង្ហូរចេញទាំងនេះ មានសារជាតិ និងមេរោគអ្វីខ្លះ យុវជនបានស្រង់ទឹកបង្ហូរចោលខាងលើ យកទៅកាន់វិទ្យាស្ថានប៉ាស្ទ័រ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើការពិសោធន៍។ លទ្ធផលពិតជាគួរឲ្យ «ព្រឺព្រួច» ណាស់ ដោយសារតែសារធាតុ និងមេរោគ ដែលត្រូវបានវិទ្យាស្ថានរកឃើញ នៅក្នុងទឹកបង្ហូរចេញនោះ អាចបង្កគ្រោះថ្នាល់ដល់សុខភាពធ្ងន់ធ្ងរ ប្រសិនណាជាមនុស្ស បានចុះលេងទឹក ឬងូតទឹកសមុទ្រ ដែលលាយឡំដោយទឹកសំអុយទាំងនេះ។

ជាមួយនឹងឯកសណ្ឋានការពារខ្លួន និងប្រដាប់បិទមុខ-ច្រមុះ-ភ្នែកផង សកម្មជនបរិស្ថានខាងលើ បានថ្លែងឡើងថា៖ «ខ្ញុំមានសំនួរ ទៅកាន់ឯកឧត្ដមទាំងបីរូប រួមមានឯកឧត្តម សាយ សំអាល់ – ឯកឧត្ដម ថោង ខុន និងឯកឧត្ដម យន្ដ មីន ដែលតែងតែ​អួតពីស្នាដៃរបស់ខ្លួន តើឯកឧត្ដមទាំងបីរូប ហ៊ានមកហែលទឹកនៅទីនេះ ជាមួយខ្ញុំ ដោយ​មិនពាក់អាវការពារ ដែរឬទេ?»៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។