ខណៈជំងឺ«Covid-19» កំពុងបន្តរាតត្បាតពិភពលោក អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB / RSF) ក៏កំពុងបន្តកិច្ចការរបស់ខ្លួនដែរ ក្នុងការឃ្លាំមើលសិទ្ធសេរីភាព នៃអ្នកសារព័ត៌មាន នៅគ្រប់ជ្រុងនៃផែនដី និងជាពិសេសនៅក្នុងប្រទេសកម្ពុជា ខណៈសេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីការគ្រប់គ្រងប្រទេស ក្នុងពេលមានអាសន្ន អាចនឹងត្រូវអនុម័ត្រ ដោយរដ្ឋសភាកម្ពុជា នៅថ្ងៃសុក្រស្អែក។
សម្រាប់អង្គការអន្តរជាតិមួយនេះ ដែលមានស្នាក់ការធំ នៅរដ្ឋធានី ប៉ារីស (បារាំង) បានមើលឃើញថា ច្បាប់មួយនេះ នឹងក្លាយជាឧបករណ៍ថ្មីមួយទៀត សម្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការបង្ក្រាប ទៅលើសារព័ត៌មានឯករាជ្យ និងសិទ្ធិសេរីភាព នៃអ្នកសារព័ត៌មាន ក៏ដូចជាជួយលោក ហ៊ុន សែន ឲ្យពង្រឹងកៅអីអំណាច«ផ្ដាច់ការ» របស់លោក កាន់តែខ្លាំងឡើង។
ត្រង់វាក្យខណ្ឌទី១១ នៃមាត្រា៥ ជំពូក៣ នៃសេចក្ដីព្រាងច្បាប់ថ្មី បានសរសេរ ផ្ដល់អំណាចឲ្យរដ្ឋាភិបាល នូវវិធានការ៖
«ហាមឃាត់ ឬកម្រិតការចែកចាយ ឬការផ្សព្វផ្សាយព័ត៌មាន ដែលអាចបង្កឲ្យមានការភ័យខ្លាច ដល់សាធារណជន ឬចលាចល ឬដែលនាំឲ្យខូចខាត ដល់សន្តិសុខជាតិ ឬធ្វើឲ្យមានការភាន់ច្រឡំ អំពីស្ថានភាពនៃភាពអាសន្ន។»
ចំណែកឯវាក្យខណ្ឌទី១០ នៃមាត្រាដដែល បានផ្ដល់អំណាចឲ្យរដ្ឋាភិបាល នូវវិធានការ៖
«ឃ្លាំមើល និងតាមដាន តាមគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍ គ្រប់រូបភាព ដើម្បីឆ្លើយតប ចំពោះភាពអាសន្ន។»
«RSF» បានអះអាងក្នុងសេចក្ដីថ្លែងការណ៍ ដែលបានចេញផ្សាយ កាលពីមុននេះបន្តិចថា ចំណុចទាំងពីរខាងលើ នៃច្បាប់ថ្មី នឹងផ្ដល់ដល់រដ្ឋាភិបាល នូវឧបករណ៍ថ្មីមួយ ដើម្បីតាមដានឃ្លាំមើល និងរាំងខ្ទប់ ប្រព័ន្ធផ្សព្វផ្សាយ កាន់តែខ្លាំងទៅ និងមិនដែលធ្លាប់មាន ក្នុងរបបប្រជាធិបតេយ្យ ដែលមានអាយុជិត៣០ឆ្នាំ នៅកម្ពុជា។
លោក ដានីញែល បាស្ដារ (Daniel Bastard) នាយកទទួលបន្ទុកអាស៊ី ប៉ាស៊ីភិក នៃអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ត្រូវបានស្រង់សំដី យកមកចុះផ្សាយ ក្នុងសេចក្ដីថ្លែងការណ៍នោះថា៖
«យើងសូមអំពាវនាវ ដល់អ្នកបង្កើតច្បាប់ របស់កម្ពុជា ឲ្យបង្ហាញពីការទទួលខុសត្រូវ របស់ផងខ្លួន ដោយលប់ចោល នូវចំណុចទាំងពីរខាងលើ នៃមាត្រា៥ ចេញពីច្បាប់ប្រកាសភាពអាសន្ន។»
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់បានបដិសេធ តាមរយៈវិទ្យុអាស៊ីសេរី ថាលោកមិនផ្ដល់ចម្លើយ អំពីសេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីការគ្រប់គ្រងប្រទេស ក្នុងភាពអាសន្ន ខាងលើនេះទេ ដោយលោកសំអាងថា វាគ្រាន់តែជាការបង្ហោះ តៗគ្នា នៅលើបណ្ដាញសង្គម និងមិនមែនជាឯកសារផ្លូវការ។
អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន បានលើកពីករណីគេហទំព័រ «MONOROOM.info» នៃទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ជាដើម ដែលមិនអាចឲ្យអ្នកអានរបស់ខ្លួន បើកចូលទៅពិគ្រោះបាន នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែមីនានេះមក ថាជាតឹងតាងមួយ នៃដំណើរឈានទៅរឹងបន្តឹង និងរាំងខ្ទប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាទូទៅ នៅក្នុងព្រះរាជាណាចក្រ។
គេមើលឃើញថា លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក នឹងគ្មានឧបសគ្គអ្វី ក្នុងជំហានទៅអនុម័ត្រ ច្បាប់ថ្មីនេះឡើយ ដោយសាររដ្ឋសភាកម្ពុជា មានតំណាងរាស្ត្រទាំងអស់ មកពីគណបក្សប្រជាជនកម្ពុជាតែមួយ។
ប៉ុន្តែអង្គការ «RSF» បានស្រង់យកការលើកឡើង របស់ក្រុមអ្នកឃ្លាំមើល មកបញ្ជាក់ដែរថា ក្រុមអ្នកតំណាងរាស្ត្រមួយភាគ របស់គណបក្សកាន់អំណាច ទំនងជាត្រៀមខ្លួន ជំទាស់នឹងបំណង របស់លោក ហ៊ុន សែន ដែលចង់ផ្ទេរអំណាច ទៅឲ្យកូនប្រុសរបស់លោក។ ដូច្នេះ វាក្សខណ្ឌទាំងពីរខាងលើ នឹងអនុញ្ញាតឲ្យលោក ហ៊ុន សែន វាយបំបាក់រាល់ការជជែកពិភាក្សាទាំងឡាយ នៅក្នុងសារព័ត៌មាន និងការបះបោរណាមួយ នៅក្នុងគណបក្សរបស់លោក។
នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីភិក របស់ «RSF» បានថ្លែងថា ផ្ទុយពីវិបត្តិជំងឺ «Covid-19» ដែលកំពុងរាតត្បាត នៅក្នុងប្រទេស លោក ហ៊ុន សែន មិនបានគិតពីសុខភាព របស់ពលរដ្ឋកម្ពុជាទេ តែលោកបែជាប្រើវិបត្តិ នៃជំងឺ«Covid-19»នេះ ដើម្បីពង្រឹងអំណាច«ផ្ដាច់ការ»របស់លោក កាន់តែខ្លាំងទៅវិញ។ លោក បាស្តារ ថ្លែងថា៖
«លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រើប្រាស់វិបត្តិ នៃជំងឺ”កូរូណា” ទាំងគ្មានការខ្មាសអៀន ដើម្បីអង្គុយចាក់ឫសបន្ថែមទៀត ក្នុងអំណាច”ផ្ដាច់ការ”របស់លោក ដោយមិនខ្វល់ខ្វាយ ពីសុខភាពរបស់ពលរដ្ឋឡើយ៕»