ពិភពលោក

Covid-19 ៖ បូរីស ចនសុន ចេញពីប្លុក«សង្គ្រោះបន្ទាន់»

នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ត្រូវបានយកចេញ ពីប្លុក«សង្គ្រោះបន្ទាន់»ហើយ នៅល្ងាចថ្ងៃព្រហស្បត្តិ៍នេះ។ លោកត្រូវបានបញ្ជូនបន្តរ ទៅកាន់សេវាព្យាបាលផ្សេងទៀត នៃមន្ទីរពេទ្យ «St Thomas’ Hospital»។ នេះ បើតាមការអះអាង របស់អ្នកនាំពាក្យរបស់លោក។

លោក បូរីស ចនសុន ត្រូវបានផ្ទេរទៅកាន់ប្លុក«សង្គ្រោះបន្ទាន់» កាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីគ្រូពេទ្យ បានមើលឃើញ ពីស្ថានភាពរបស់លោក ដែលកាន់តែចុះខ្សោយ នៅរសៀលថ្ងៃចន្ទដដែលនោះ។

សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនាយករដ្ឋមន្ត្រី ដែលចេញផ្សាយ ក្នុងល្ងាចថ្ងៃព្រហស្បត្តិនេះ បានសរសេរឲ្យដឹងថា៖

«លោកនាយករដ្ឋមន្ត្រី ត្រូវបានបញ្ជូនចេញ ពីប្លុកសង្គ្រោះបន្ទាន់ ទៅកាន់ប្លុកមួយទៀត របស់មន្ទីរពេទ្យ។ នៅទីនោះ លោកនឹងត្រូវស្ថិតក្រោមការឃ្លាំមើល យ៉ាងដិតដល់ ជាបន្តទៀត សម្រាប់ជំហានជាធម្មតា ឆ្ពោះទៅកាន់ការជាសះស្បើយ។»

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី បានប្រកាសថា លោកត្រូវបានរកឃើញ បានឆ្លងមេរោគ «Covid-19»។  តែលោកបានដាក់ខ្លួន ព្យាបាលដោយឡែក នៅក្នុងវិមានរដ្ឋាភិបាល «Downing Street» រហូតលុះត្រាវេជ្ជបណ្ឌិតផ្ទាល់ខ្លួន របស់លោក ផ្ដល់យោបល់ឲ្យលោកត្រូវចូលខ្លួន ទៅសម្រាកនៅមន្ទីរពេទ្យ ក្នុងយប់ថ្ងៃអាទិត្យមុននេះ។

ក្នុងរយៈពេលនៃអវត្តមានរបស់នាយករដ្ឋមន្ត្រី គឺលោក «Dominic Raab» រដ្ឋមន្ត្រីការបរទេស ជាអ្នកដឹកនាំរដ្ឋាភិបាល និងរាល់ការប្រជុំនានា ជាពិសេសដំណោះស្រាយ ទល់នឹងវិបត្តិជំងឺ «Covid-19» ដែលកំពុងបន្តញាំញីចក្រភព។

នៅថ្ងៃនេះ ចំនួនមនុស្សស្លាប់ នៅចក្រភពអង់គ្លេសទាំងមូល មានចំនួន ៨៨១នាក់ ដែលធ្វើឲ្យមនុស្សស្លាប់ទាំងអស់ មានចំនួនកើនដល់ ៧ ៩៧៨នាក់ បើរាប់តាំងពីដើមដំបូងមក៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។