កម្ពុជា

ក្រុង​ភ្នំពេញ​ព្រមាន​ចាត់វិធានការ​ប្រឆាំង​ការផ្សាយព័ត៌មាន​ថា អ៊ឺរ៉ុប​«ទុកច្រក»​

ការប្រើពាក្យ ដូចជា «EU ទុកច្រក ឱ្យរដ្ឋាភិបាលកម្ពុជា» ឬពាក្យដទៃទៀត ដែលរបបក្រុងភ្នំពេញវាយតម្លៃថា «មិនត្រឹមត្រូវ» អាចនឹងរងវិធានការ «ដោយម៉ឺងម៉ាត់ និងគ្រប់រូបភាព» ពីរបបដឹកនាំឯកបក្សមួយនេះ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយ នៅល្ងាចថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។

សេចក្ដីថ្លែងការណ៍ ដែលមានសរសេរ ជាបីភាសា (ខេមរភាសា អង់គ្លេស និងចិន) បានពន្យល់ថា វិធានការ​«ដោយម៉ឺងម៉ាត់ និងគ្រប់រូបភាព»នោះ គឺដើម្បីថែរក្សា «សតិអារម្មណ៍​​សាធារណៈ ឱ្យស្ថិតនៅក្នុងស្ថិរភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ»។

លោក ផៃ ស៊ីផាន បានទម្លាក់ការទទួលខុសត្រូវ ទៅលើ «អ្នកឆ្លងឆ្លើយព័ត៌មានមួយចំនួន ក៏ដូចជាអ្នក ធ្វើបទអត្ថាធិប្បាយ» ដែលប្រើប្រាស់ «ពាក្យមិនពិត» និងបង្កើតនូវ «ទស្សនៈ​អវិជ្ជមាន មិនឆ្លើយតប នឹងគោលការណ៍ជាក់ស្ដែង (…) ធ្វើឲ្យមតិ​សាធារណជន មានការភាន់ច្រឡំ និងបង្កើតនូវឥរិយាបថ មិនអាច​ទទួលយកបាន» ទាក់ទង​នឹងប្រព័ន្ធ​អនុគ្រោះពន្ធ «EBA» ដែលសហភាពអ៊ឺរ៉ុប បានបើកនីតិវិធីដកចេញ ពីប្រទេស​កម្ពុជា កាលពីខែតុលា ឆ្នាំ២០១៨។

សម្រាប់រដ្ឋាភិបាលកម្ពុជា អ្នកឆ្លងឆ្លើយព័ត៌មាន និងអ្នកធ្វើបទអត្ថាធិប្បាយទាំងនោះ កំពុងបំផុសបំផុល នូវ«ព័ត៌មានក្លែងក្លាយ (Fake News)» ដែលថា «អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ពីកម្ពុជា ​ខណៈដែលការពិត រឿង EBA នេះ ភាគីទាំងពីរ នៅមានពេលវេលា ជជែកគ្នានៅឡើយ»។

អ្នកនាំពាក្យរបបក្រុងភ្នំពេញ បានបន្តទៀតថា៖

«រាជរដ្ឋាភិបាល មិនយល់ស្របជាដាច់ខាត ក្នុងកិច្ចប្រើពាក្យ «EU ទុកច្រក ឱ្យរាជរដ្ឋាភិបាលកម្ពុជា» ឬពាក្យដទៃទៀតជាដើម ដែលជាពាក្យមិនសមស្រប ទៅនឹងចរិត ការងារ របស់រាជរដ្ឋាភិបាល ដែលជាដៃគូអភិវឌ្ឍពិតប្រាកដ ជាមួយ EU នោះឡើយ នៅក្នុងកិច្ចលើកស្ទួយ ជីវិភាពពលរដ្ឋកម្ពុជា តាមរយៈកម្មវិធីនេះ។ ពាក្យទាំងនោះ គឺស្ថិតនៅក្នុងបំណងញុះញង់ ឬប្រឆាំងនឹងភាពជាដៃគូ រវាងកម្ពុជា និងសហភាពអឺរ៉ុប។»

តាមរយៈសេចក្ដីថ្លែងការណ៍នោះ រដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ «រាល់បណ្តាលអង្គភាព ឬបុគ្គលពាក់ព័ន្ធ» ឲ្យ «រក្សាភាពថ្លៃថ្នូរ និងក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈខ្ពស់» និងកុំបង្ក «ការភាន់ច្រឡំ ជាយថាហេតុណាមួយ ដែលកើតចេញ ពីការបង្កើតព័ត៌មានញុះញង់ ឬក្លែងក្លាយ (Fake News)» នោះ៕

«រាជរដ្ឋាភិបាលនឹងចាត់វិធានការ ដោយម៉ឺងម៉ាត់ និងគ្រប់រូបភាព ក្នុងកិច្ចថែរក្សាសតិអារម្មណ៍សាធារណៈ ឱ្យស្ថិតនៅក្នុងស្ថិរភាព និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ប្រឆាំងនឹងព័ត៌មានមិនពិត (Fake News)»។

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។