ពិភពលោក

នាយករដ្ឋមន្ត្រី ម៉េ៖ ការបញ្ចេញ​អង់គ្លេស​ពី EU ជា​«ភារកិច្ច»​ខ្ញុំ

នាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី ថេរេសា ម៉េ (Theresa May) បានថ្លែងអះអាងថា វាជា«ភារកិច្ច»របស់អ្នកស្រី ក្នុងការបញ្ចេញប្រទេស ពីសហភាពអ៊ឺរ៉ុប «Brexit»។ នេះ បើតាមការអះអាងរបស់អ្នកស្រី កាលពីយប់ថ្ងៃពុធ បន្ទាប់ពីរដ្ឋសភាអង់គ្លេស បានច្រានចោលយ៉ាងប្រផិតប្រផើយ នូវញត្តិបន្ទោសមួយ របស់គណបក្សប្រឆាំង។

ញត្តិបន្ទោសនោះ ជានីតិវិធី ដើម្បីឈានទៅ ទម្លាក់រដ្ឋាភិបាលអ្នកស្រី ប្រសិនជារដ្ឋសភា​អនុម័តយល់ព្រម។ ប៉ុន្តែក្រុមអ្នកតំណាងរាស្ត្រ បានច្រានចោលញត្តិនោះ ក្នុងសម្លេងប្រឆាំង ៣២៥ ទល់នឹងសម្លេងស្រប ៣០៦ ពោលគឺមានភាពខុសគ្នា ដែល​១៩សម្លេងប៉ុណ្ណោះ។

នៅមុខវិមានរដ្ឋាភិបាល អ្នកស្រី ថេរេសា ម៉េ បានថ្លែងឡើងថា ការនាំចក្រភពអង់គ្លេស ចេញពីសហភាពអ៊ឺរ៉ុប ជា«ភារកិច្ច»របស់អ្នកស្រី។ អ្នកស្រីបន្តថា៖

«ក្រុមអ្នកតំណែង បានបង្ហាញច្បាស់ហើយ អំពីអ្វីដែលពួកគេមិនចង់បាន ហើយពេលនេះ ដល់វេលាដែលយើង ត្រូវទុកផលប្រយោជន៍ឯកជន មួយអន្លើដោយឡែក។»

កាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតច្រានចោល កិច្ចព្រមព្រៀង ដើម្បីបញ្ចេញចក្រភពអង់គ្លេស ពីសហភាពអ៊ឺរ៉ុបនោះ លោក «Jeremy Corbyn» ប្រធានគណបក្សពលករ ដែលជាគណបក្សប្រឆាំង (និងនិយមអ៊ឺរ៉ុប) បានដាក់ញត្តិបន្ទោសខាងលើ។

អ្នកស្រី ថេរេសា ម៉េ បានអះអាងថា បានជួបជាមួយ មេដឹកនាំចលនានយោបាយ ជាច្រើនរួចហើយ វៀលែងតែលោក «Jeremy Corbyn» ដែលបានបដិសេធ មិនជួបអ្នកស្រី។ អ្នកស្រីសំដែង​ការសោកស្ដាយ ចំពោះការបដិសេធ របស់មេដឹកនាំប្រឆាំង ប៉ុន្តែបញ្ជាក់ថា «ទ្វានៅតែបើកចំហរ»។

នៅថ្ងៃចន្ទខាងមុខ អ្នកស្រីត្រូវឡើងថ្លែង នៅចំពោះរដ្ឋសភា អំពីចំណាត់ការនាពេលបន្ទាប់ ដែលចក្រភពអង់គ្លេស ត្រូវប្រកាន់យក ដើម្បីបញ្ចៀសការចាកចេញ ដ៏អាក្រក់ (ដែលគ្មានកិច្ចព្រមព្រៀង) របស់ប្រទេសមហាអំណាចមួយនេះ ដែលគ្រោងចាកចេញ ពីសហភាពអ៊ឺរ៉ុប ក្នុងចុងខែមិនាខាងមុខ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។