កម្ពុជា

ឈ្មោះ​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​ដែល​អាច​ជាប់​«បញ្ជីខ្មៅ»​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង

ឈ្មោះ​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចំនួន១៧រូប ត្រូវបានរដ្ឋសភាអាមេរិក បញ្ជូនឈ្មោះភ្ជាប់​មក​ជាមួយ ច្បាប់លេខ «H.R. 5754» ដែលទើបត្រូវបានអនុម័ត ជាឯកច្ឆ័ន្ទ ក្នុងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីដាក់ទណ្ឌកម្ម ទៅលើ​ជន​ទាំង​ឡាយណា ដែលបានធ្វើឲ្យខូច ដល់លទ្ធិ​ប្រជាធិបតេយ្យ នៅកម្ពុជា។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ទាំងនោះ រួមមាន​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុមមន្ត្រី​ជំនិតៗ និងកូនៗ​របស់លោក។

ច្បាប់ខាងលើ ដែលមានឈ្មោះ «Cambodia Democracy Act» ឆ្នាំ ២០១៨ ត្រូវបាន​រដ្ឋសភា​សហរដ្ឋអាមេរិក អនុម័តកាលពីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។ ច្បាប់នេះ ស្នើឡើងដោយតំណាងរាស្ត្រ​សហរដ្ឋអាមេរិក ពី​គណបក្ស​សាធារណរដ្ឋ លោក ថិត យ៉ូហូ (Ted Yoho)។

​ច្បាប់លេខ «H.R. 5754» ដែលទើបនឹងអនុម័តរួចនោះ នឹងត្រូវឆ្លង​កាត់​ព្រឹទ្ធសភា​អាមេរិក មុននឹងឈានទៅដាក់ ឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ចុះហត្ថលេខា ដើម្បីការអនុវត្តជាផ្លូវការ។

សមាជិកសភាអាមេរិក និងជាប្រធានគណៈកម្មាធិការ​កិច្ចការបរទេស នៃរដ្ឋសភា​អាមេរិក លោក អេដ រ៉យ (Ed Royce) បានថ្លែងនៅក្នុង​សភាពេញអង្គ ដើម្បីអនុម័ត្រ​ច្បាប់​​ខាងលើថា ច្បាប់នេះ មានសារៈសំខាន់ណាស់ ក្នុងការដាក់ទណ្ឌកម្ម ទៅលើ​«សមាជិក​ទាំងអស់ នៃគូកនដ៏ជិតដិត របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជុំវិញ​តួនាទី​របស់ពួកគេ ក្នុងការធ្វើឱ្យប៉ះពាល់ ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និង​រំលោភសិទ្ធិ​មនុស្ស​​ធ្ងន់ធ្ងរ»។

លោកថា៖

«ជាពិសេស ច្បាប់នេះ នឹងរារាំងបុគ្គលទាំងនេះ ក្នុងការជាន់ជើង ចូលទឹកដី​សហរដ្ឋ​អាមេរិក និងរាំងខ្ទប់​ផល​ប្រយោជន៍ ឬទ្រព្យសម្បត្តិ ដែលពួកគេអាចមាន។»

បើទោះជាលោក អេដ រ៉យ បានថ្លែងថា ការដាក់មន្ត្រីទាំងអស់នោះ ចូលក្នុង​«បញ្ជីខ្មៅ​អាមេរិក» ត្រូវធ្វើឡើង ដោយអាស្រ័យលើប្រធានាធិបតី ជាអ្នកកំណត់នោះក៏ដោយ ប៉ុន្តែ ឈ្មោះ​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា «ដែលចាំបាច់»​យ៉ាងហោច​​ចំនួន១៧នាក់ ត្រូវបានប្រធាន​គណៈកម្មាធិការ​​​កិច្ចការបរទេស នៃរដ្ឋសភាអាមេរិករូបនេះ បង្ហើបចេញ​ឲ្យដឹង​​ជា​សាធារណៈ ដូចខាងក្រោម៖

១) លោក ហ៊ុន សែន ៖ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា

២) លោក ស ខេង ៖ ឧបនាយករដ្ឋមន្ត្រី – រដ្ឋមន្ត្រីមហាផ្ទៃ និងជាអនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា

៣) លោក ទៀ បាញ់ ៖ ឧបនាយករដ្ឋមន្ត្រី – រដ្ឋមន្ត្រីការពារជាតិ និងជាសមាជិក​គណៈអចិន្ត្រៃយ៍ នៃគណបក្ស​ប្រជាជនកម្ពុជា

៤) លោក អូន ព័ន្ធមុនីរ័ត្ន ៖ រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិក​គណៈកម្មាធិការ​កណ្ដាល នៃគណបក្ស​ប្រជាជនកម្ពុជា

៥) លោក កើត រិទ្ធ ៖ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និងជាសមាជិក​គណៈកម្មាធិការ​កណ្ដាល នៃគណបក្ស​ប្រជាជនកម្ពុជា

៦) លោក ស៊ុន ចាន់ថុល ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និងជា​សមាជិក​គណៈកម្មាធិការកណ្ដាល នៃគណបក្ស​ប្រជាជនកម្ពុជា

៧) លោក ប្រាក់ សុខុន ៖ ទេសរដ្ឋមន្ត្រី – ជារដ្ឋមន្ត្រីការបរទេស និងជាសមាជិក​គណៈកម្មាធិការ​កណ្ដាល នៃគណបក្ស​ប្រជាជនកម្ពុជា

៨) លោក ឱម យិនទៀង ៖ ទេសរដ្ឋមន្ត្រី – ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ – ទីប្រឹក្សា​នាយករដ្ឋមន្ត្រី និងជាសមាជិក​គណៈកម្មាធិការ​កណ្ដាល នៃគណបក្ស​ប្រជាជន​កម្ពុជា

៩) លោក ប៉ុល សារឿន ៖ ឧត្ដមសេនីយ៍ផ្កាយមាស៤ – សមាជិកក្រុមប្រឹក្សា​ការពារជាតិ​ជាន់ខ្ពស់ – អគ្គមេបញ្ជាការកងខេមរភូមិន្ទ និងជាសមាជិកគណៈអចិន្ត្រៃយ៍ សមាជិក​គណៈប្រចាំការ នៃគណបក្ស​ប្រជាជនកម្ពុជា

១០) លោក នេត សាវឿន ៖ ឧត្ដមសេនីយ៍ផ្កាយមាស៤ – ស្នងការនគរបាលជាតិ និងជា​សមាជិក​គណៈអចិន្ត្រៃយ៍ នៃគណបក្ស​ប្រជាជនកម្ពុជា

១១) លោក គន់ គីម ៖ ឧត្ដមសេនីយ៍ផ្កាយមាស៤ – អគ្គមេបញ្ជាការរងកងខេមរភូមិន្ទ និង​ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណបក្ស​ប្រជាជនកម្ពុជា

១២) លោក សៅ សុខា ៖ ឧត្ដមសេនីយ៍ផ្កាយមាស៤ – អគ្គមេបញ្ជាការរងកងខេមរភូមិន្ទ – មេបញ្ជាការកងរាជអាវុធហត្ថ និងជាសមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្ស​ប្រជាជន​កម្ពុជា

១៣) លោក ហ៊ីង ប៊ុនហៀង ៖ ឧត្ដមសេនីយ៍ផ្កាយមាស៤ – អគ្គមេបញ្ជាការ​រងកង​ខេមរភូមិន្ទ និងជាសមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា

១៤) លោក ជួន សុវណ្ណ ៖ ស្នងការរងនគរបាលជាតិ – ស្នងការនគរបាលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា

១៥) លោក ហ៊ុន ម៉ាណែត ៖ ឧត្ដមសេនីយផ្កាយមាស៣ – អគ្គមេបញ្ជាការ​រងកងទ័ព​ជើង​គោក នៃកងខេមរភូមិន្ទ – កូនប្រុសលោក ហ៊ុន សែន និងជាសមាជិក​គណៈកម្មាធិការ​កណ្ដាល នៃគណបក្សប្រជាជនកម្ពុជា

១៦) លោក សុខ ពុទ្ធីវុធ ៖ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ទូរគមនាគមន៍​កម្ពុជា – នាយក​ក្រុមហ៊ុន សោមា រួមនឹង​ក្រុមហ៊ុនផ្សេងទៀត – និងជាកូនប្រសារលោក ហ៊ុន សែន

១៧) អ្នកស្រី ហ៊ុន ម៉ាណា ៖ នាយិកាក្រុមហ៊ុន បាយ័នមេឌៀ រួមនឹងក្រុមហ៊ុនផ្សេងទៀត និងជាកូនស្រីលោក ហ៊ុន សែន៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។