ក្នុងចុងសប្ដាហ៍កន្លងមក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បានធ្វើដំណើរទៅកាន់ទឹកដីភាគឦសាន នៃប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តមណ្ឌលគិរី ដោយស្នាក់ក្នុងក្រុង សែនមនោរម្យ ជាច្រើនយប់។
លើបណ្ដាញសង្គមទ្វីសធើរ លោកមេទូត បានបង្ហោះរូបភាពជាច្រើន និងសរសេរអម ដោយអះអាងថា លំនៅដ្ឋានបែបជនជាតិភាគតិច ដែលលោក និងភរិយាស្នាក់នៅ មានលក្ខណៈក្សេមក្សាន្ដ និងប្រកបដោយផាសុកភាព។
នៅទីនោះ គេឃើញលោកឯកអគ្គរដ្ឋទូត នៃប្រទេសមហាអំណាច បានជួបជាមួយ មន្ត្រីអង្គការសង្គមស៊ីវិលច្រើននាក់ របស់អង្គការ «WCS Cambodia» និងអង្គការ «WWF in Cambodia» រួមនឹងពលរដ្ឋខ្មែរ ដែលជាជនជាតិដើមភាគតិច ជាច្រើនផ្សេងទៀត។
លោកបានគូសបញ្ជាក់ថា៖
«ជំនួយរបស់សហរដ្ឋអាមេរិក តាំងពីយូរយាណាស់មកហើយ ជួយទៅដល់ការការពារ ប្រព័ន្ធអេកូធម្មជាតិ ដែលងាយរងគ្រោះ។»
លោក ម័រហ្វី បានធ្វើដំណើរ ទៅកាន់ស្ថានីយ៍រ៉ាស្មាច់ ក្នុងស្រុកកែវសីម៉ា (ខេត្តមណ្ឌលគីរី) ដើម្បីមើលពីគំរូ ដែលបង្ហាញថា ជំនួយរបស់សហរដ្ឋអាមេរិក កំពុងជួយបញ្ឈប់ការជួញដូរសត្វព្រៃ និងលើកកម្ពស់ការអភិរក្ស។ លោកអះអាងថា៖
«នេះ ជាគំរូដ៏អស្ចារ្យមួយ នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។»
លោកបន្តថា៖
«ដោយមានជំនួយ ពីសហរដ្ឋអាមេរិក និងដៃគូ សហគមន៍ជនជាតិដើមភាគតិច ព្នង នៅទីនេះ (ក្នុងតំបន់ព្រៃអភិរក្ស នៃស្រុកកែវសីម៉ា) កំពុងគ្រប់គ្រង លើធនធានដីធ្លី និងអត្ថប្រយោជន៍របស់ខ្លួន ពីអេកូទេសចរណ៍។»