កម្ពុជា

ការជួសជុល​ប្រាសាទ​«អកយំ»​ជាលើក​ដំបូង មាន​រយៈពេល​ជិត១ឆ្នាំហើយ

ប្រាសាទ«អកយំ» ដែលស្ថិតនៅលើខ្នងទំនប់ បារាយណ៍ខាងលិច បានទទួលការជួសជុល ជាលើកដំបូង មានរយៈពេល១ឆ្នាំហើយ ដោយឆ្លងកាត់ដំណាក់កាលជាច្រើន។ នេះ បើតាមការលើកឡើង របស់អាជ្ញាធរជាតិអប្សរា នៅមុននេះបន្តិច។

ដំណាក់កាលទី១ គឺបានសម្អាតប្រាសាទ ត្រួសត្រាយព្រៃ សម្អាតកំណកដី សម្រង់ប្លង់ជុំវិញប្រាសាទ និងពង្រឹងខឿនខាងត្បូង នៃប្រាង្គកណ្តាល។ ដំណាក់កាលទី២ ក្រុមការងារបន្តពង្រឹងប្រាង្គកណ្តាល ពង្រឹងនិងជួសជុលខឿនផ្នែកខាងត្បូង ខាងលិច ខាងកើត និងខាងជើង។ នៅផ្នែកខាងជើង ក្រុមការងារបានដំឡើងស៊ុមទ្វារ ដែលធ្វើពីថ្មភក់ ឱ្យឈរឡើងវិញ ដែលគេបានធ្វើបន្ថែម លើសំណង់ចាស់កាលពីសតវត្សទី១០ ឱ្យដូចដើម។

អាជ្ញាធរអប្សរា បានឱ្យដឹង​ទៀតថា បន្តពីនោះ ក្រុមការងារបានដកដើមពោធ៍ រើរានព្រះភូមិនៅផ្នែកខាងកើត ដែលជាច្រកចូលដ៏សំខាន់ ហើយពង្រឹងខឿនទី៣ និងកម្រាលខឿន ដែលឫសពោធិ៍បានចាក់ចូល ធ្វើឱ្យខូចខាត។ រួចហើយពង្រឹងនិងជួសជុលខឿនប្រាង្គ ដំឡើងកាំជណ្តើរថ្មភក់និង ដាក់បង្កាន់ដៃឥដ្ឋសងខាង។ ចំណែកនៅកណ្តាលប្រាង្គ ក្រុមការងារបានរៀបចំពង្រឹងជើងទម្រ និងលើកបំណែកជើងទម្រ មកដាក់នៅទីតាំងដើមវិញ។

លោក ជា សុជាតិ បុរាណវិទូនៃនាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោង ជួសជុលប្រាសាទអកយំ ត្រូវបានស្រង់សំដី មកចុះផ្សាយថា ប្រាសាទអកយំ បានរងនូវការខូចខាត តាំងពីមុនបារាំងរកឃើញមកម្ល៉េះ (ឆ្នាំ១៩៣២) ដោយសាររចនាសម្ពន្ធមួយផ្នែក នៃប្រាសាទត្រូវបានកប់ក្រោមខ្នងទំនប់បារាយណ៍។

លោកប្រធានគម្រោង បានបន្តថា មិនតែប៉ុណ្ណោះ ដើមឈើនិងឫសឈើក៏បានដុះចាក់ឫសបំផ្លាញប្រាសាទ កម្សោយរចនាសម្ពន្ធគ្រឹះ មិនអាចទ្រទម្ងន់សង្កត់ របស់តួប្រាសាទទាំងមូល ការលួចជីករកវត្ថុបុរាណ ឥដ្ឋពុកផុយ ការបំផ្លាញដោយបរិស្ថានមានរុក្ខជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ លំញ័រយានយន្ត ដែលបរកាត់បុរាណដ្ឋាន បាយអរអស់គុណភាព និងកង្វះការថែទាំជាដើម៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។