កម្ពុជា

ទិដ្ឋភាព​ដ៏ព្រឺព្រួច និងរន្ធត់ នៃ​អគ្គិភ័យ​ឆេះ​ហាងហ្គាស នៅកណ្ដាល​ភ្នំពេញ

យ៉ាងហោច មនុស្ស៤នាក់​បានស្លាប់ និង​៥​នាក់​បាន​រងរបួស ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​​​ដ៏សន្ធោសន្ធៅ និងរន្ធត់ ដែលបណ្ដាលពី​ការឆេះ​ហាង​លក់​ហ្គាស ក្នុង​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្តា​យ​ផ្លូវ​លេខ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ នេះ បើតាមរបាយការណ៍​ចុង​ក្រោយ របស់​អាជ្ញាធររាជធានី ដែលចេញ​ផ្សាយក្នុងពេលយប់ឡើង បន្ទាប់ពី​ព្រះអគ្គិ​ត្រូវបាន​ពន្លត់​រួចរាល់។

គឺជាហាងដែលប្រកបរបរនេះ ជាលក្ខណៈគ្រួសារ នៅក្នុងលំនៅដ្ឋានខ្លួនឯង ដែលធ្វើឲ្យ​ជនរងគ្រោះ ភាគច្រើន គឺជាសាច់ញាតិ​របស់ម្ចាស់ហាង។ ជនរងគ្រោះដល់ជីវិត រួមមាន​ កូនប្រុស​ម្ចាស់ហាង អាយុ២៧ឆ្នាំ – កូនស្រីម្ចាស់ហាង អាយុ៨ឆ្នាំ និងកម្មករពីរនាក់ទៀត (អាយុ​២២ឆ្នាំ និងអាយុ១៨ឆ្នាំ)។

រីឯជនរងរបួស រួមមាន ម្ចាស់ហាងខ្លួនឯង ដែលមានអាយុ៦៩ឆ្នាំ – ស្ត្រីជាភរិយាម្ចាស់​ហាង អាយុ៤៩ឆ្នាំ – កូនប្រុសម្ចាស់ហាង អាយុ១៩ឆ្នាំ – កូនស្ត្រីម្ចាស់ហាង អាយុ១៣ឆ្នាំ និង​ប្អូន​ប្រុស​ម្ចាស់​ហាង អាយុ៣២ឆ្នាំ។

អាជ្ញាធរអះអាងថា សាកសពជនរងគ្រោះ ត្រូវបានដឹកយកទៅតំកល់ នៅវត្ត​ស្ទឹងមាន​ជ័យ ខណៈជនមានរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហើយដើម្បីពន្លត់អគ្គិភ័យ ដែលមាន​លក្ខណៈយ៉ាងព្រឺព្រួច បានជា​ស្ថាពរ​នៅវេលា​ម៉ោង ១៩​និង​៣០​នាទី យប់ថ្ងៃ​ដដែល ក្រុមពន្លត់​អគ្គិភ័យ​​បានប្រើ​រថយន្ដ​​ពន្ល​ត់ ចំនួន២០គ្រឿង និងប្រើប្រាស់ទឹក​អស់​៦០ឡាន ដែលត្រូវនឹង​១២០ម៉ែត្រ​គូប។

យ៉ាងណា ក្រុមអាជ្ញាធរមិនបានបញ្ជាក់ថា នឹងអាចបើកសំនុំរឿងស៊ើបអង្កេត ពីករណី​អគ្គិភ័យខាងលើ ដែល​បណ្ដាល​ឲ្យមាន​មនុស្សស្លាប់ និងរបួសដូច្នេះទេ។

ទិដ្ឋភាព នៃការឆាបឆេះ មានអណ្ដាតភ្លើង​ខ្មួលខ្មាញ់ និងមានលក្ខណៈសន្ធោសន្ធៅ ដោយសារធុងហ្គាស បានផ្ទុះឆេះ​ជាបន្តបន្ទាប់ និងនៅក្នុងហាង មានការស្ងុកទុក នូវ​ធុងថ្មស្អុយ​យ៉ាងច្រើន។ រូបភាពទាំងនោះ ត្រូវបាន​ផ្សាយផ្ទាល់ នៅតាមកញ្ចាក់​​ទូរទស្សន៍​ក្នុងស្រុក និងនៅលើ​បណ្ដាញសង្គម។

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្កម បានលើកជាមតិឡើងចម្រុះ នៅចំពោះហេតុការណ៍ ដ៏សោកសៅ និងរន្ធត់ ដ៏គួរឲ្យព្រួយបារម្ភនេះ។ មតិជាច្រើនបានលើកសំណើរថា អាជ្ញាធរ​គួរបិទ​កុំឲ្យមានហាងលក់ហ្គាស នៅ​កណ្ដាលក្រុងដូច្នេះ ដោយហេតុថា វាអាចបង្កហនិភ័យ​សម្រាប់​​ពលរដ្ឋ​ដទៃទៀត ដែលរស់នៅជុំវិញ ជាពិសេស​ហនិភ័យ សម្រាប់​ម្ចាស់ហាងខ្លួនឯង បើសិនជាក្រមសុវត្ថិភាព មិនត្រូវបានអនុវត្តឲ្យខ្ជាប់ខ្ជួន។

ខាងក្រោមនេះ ជារូបភាពមួយចំនួន ដែលបង្ហាញពីហនិភ័យ សម្រាប់បណ្ដាអ្នករស់នៅ​រាជធានី៖

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។