វីដេអូ ពីនេះពីនោះ

ភាគខាងត្បូងបារាំង កំពុងធ្វើ​សង្គ្រាម​ប្រឆាំង… ឪម៉ាល់ !

ប្រសិនជាប្រទេសបារាំង បានងើបចេញ​ពីវិបត្តិ​ជំងឺរាតត្បាត «Covid-19» ជាបណ្ដើរៗ​នោះ តំបន់ជាច្រើន ស្ថិតនៅភាគខាងត្បូង នៃប្រទេសនេះ កំពុងប្រកាសសង្គ្រាម ទល់​នឹងការរាតត្បាតថ្មី គឺហ្វូងសត្វ«ឪម៉ាល់» ដែលមានប្រភពពីទ្វីបអាស៊ី ហើយដែល​កំពុង​តាំង​សម្បុករបស់ពួកវា នៅតាមព្រៃព្រឹក្សា និងបើសូម្បី នៅតាមសួនច្បាររបស់អ្នកស្រុក។

ដូចសេចក្ដីរាយការណ៍ជាច្រើន របស់សារព័ត៌មានបារាំង «La Dépèche» ដែលអះអាងថា អ្នកភូមិម្នាក់ ក្នុងក្រុង «Mirande (ភាគខាងត្បូង)» បានភ្ញាក់ខ្លួនក្រញាង នៅពេល​បាន​ប្រទះសត្វឪម៉ាល់ នៅប៉ុន្មានសង់ទីម៉ែត្រ ខាងក្រោយខ្នង។ អ្នកភូមិរូបនោះ បាន​តាមដាន​សត្វនេះ ក៏បានរកឃើញ សម្បុករបស់ពួកវា នៅលើដើមឈើមួយ ដែល​ស្ថិតនៅ​ជាប់​​ច្រកចូលផ្ទះរបស់គាត់។

អត្ថបទសារព័ត៌មានបានសរសេរ ព្រមានថា៖

«បើលោកអ្នកប្រទះឃើញសម្បុកឪម៉ាល់ ហាមធ្វើអន្តរាគមន៍ ដោយខ្លួនលោកអ្នកផ្ទាល់ ព្រោះសត្វឪម៉ាល់ នឹងព្រួតគ្នា​វាយប្រហារ​មកលើ​លោកអ្នក ប្រសិនជាពួកវាយល់ថា សម្បុក​របស់ពួកវា រងការគម្រាមកំហែង (ការទិចច្រើនដង ពីសំណាក់ឪម៉ាល់ អាចប៉ះពាល់​ដល់​ជីវិត)។ សូមរាយការណ៍ទៅសាលាក្រុង ឬហៅរកអ្នកជំនាញ!»

ដោយហេតុដូច្នេះហើយ ទើបនៅក្រុង «Castres» (ភាគខាងត្បូង​បារាំងដដែល) សាលា​ក្រុងបាន​បញ្ជាទិញ​ នូវ«សព្វាវុធ»​ដ៏ប្រល័យមួយគ្រឿង ដើម្បីបំពាក់ឲ្យអ្នកជំនាញ របស់​សាលាក្រុង នូវសមត្ថភាព​ក្នុងការ​កំទេចហ្វូងឪម៉ាល់ទាំងអស់ និងទាំងមូល​នៅក្នុង​សម្បុក​​របស់ពួកវា។

សព្វាវុធនោះ គឺកាំភ្លើងពិសេស ដែលអាចបាញ់ពីចំងាយ (រវាងពី៤០ ទៅ៥០ម៉ែត្រ) ដើម្បីបញ្ចៀស​ការចូលជិត​ហ្វូង​ឪម៉ាល់។ កាំភ្លើងនោះ នឹងបាញ់គ្រាប់ឃ្លីមួយគ្រាប់ ឬច្រើន​គ្រាប់ ចូលទៅក្នុង​សម្បុក​ឪម៉ាល់។ បន្ទាប់ពីចូល​ដល់​ក្នុងសម្បុករួច គ្រាប់ឃ្លីនោះ​នឹងផ្ទុះ​ឡើង ហើយបញ្ចេញម្សៅ (ឬផ្សែង​ចំហាយ) ដែលអាចសម្លាប់​សត្វដ៏ចង្រៃ នៅត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ។

ភ្នាក់ងារជួយសង្គ្រោះ (Pompiers) នៅតាមតំបន់ផ្សេងទៀត ក៏មានបំពាក់នូវ​កាំភ្លើង​ដូច្នេះដែរ។ ពួកគេបាន​កម្ទេចសម្បុករបស់សត្វឪម៉ាល់ បានជាច្រើនរួចមកហើយ។

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។