វីដេអូ ពីនេះពីនោះ

ស្ត្រីម្នាក់​«ស្រាត» នៅខាងមុខ​រនាំង​នគរបាល ក្នុងក្រុង​ព័រឡេន (អាមេរិក)

នៅខណៈវិបត្តិកំពុងបន្តផ្ទុះ នៅតាមក្រុងធំៗ នៃសហរដ្ឋអាមេរិក ស្ត្រីម្នាក់បានចូលរួម​ការតវ៉ា ជាមួយនឹងបណ្ដាបាតុករដែរ ដោយបង្ហាញ​ការជំទាស់របស់ខ្លួន តាមរបៀបដ៏​ពិសេស​មួយ គឺ«ស្រាត» នៅខាងមុខ​រនាំង​នគរបាល ក្នុងក្រុងព័រឡេន (Portland) ភាគខាងលិចសហរដ្ឋអាមេរិក

ហេតុការណ៍បានកើតឡើង កាលពីថ្ងៃសុក្រទី១៧ ខែកក្កដា ឆ្នាំ២០២០ កណ្ដាលក្រុង​ព័រឡេន និងក្នុង​ចំណោមបាតុករ​ច្រើនសិបនាក់ ដែលកំពុងគេចខ្លួន ចេញពីគ្រាប់បែក​ឧស្ម័នបង្ហូទឹកភ្នែក ដែលបាញ់ចេញដោយ​កងកម្លាំង​នគរបាល។

ស្ត្រីខាងលើ ដែលពេលនេះ មានឈ្មោះល្បីល្បាញ នៅលើបណ្ដាញសង្គម ត្រូវបានគេដាក់​រហស្សនាម ឲ្យថា៖ «Naked Athena»។ នៅក្នុងរូបភាពវីដេអូ គេឃើញ «Naked Athena» បានដើរចេញមកបង្ហាញខ្លួន ដោយគ្មានបិទបាំងរាងកាយអ្វីសោះ នៅចន្លោះរវាង​ក្រុម​នគរបាល និងក្រុមបាតុករ។

អ្នកកាសែតមួយរូប លោក «Dave Killen» បានថ្លែងឡើង តាមបណ្ដាញព័ត៌មាន​ក្នុងស្រុកថា៖

«គ្រប់គ្នា មានអារម្មណ៍ដូចជាភ្ញាក់ផ្អើល និងហាក់ដូចជាបាត់មាត់ស្ងាត់ឈឹង។ សភាព​របស់​នាង ងាយនឹង​រងគ្រោះ ជាទីបំផុត។ លោកអ្នកអាចគិតមើល ថាតើនាងនឹង​រង​ការចុកចាប់​យ៉ាងណា ប្រសិនជានគរបាលបាញ់គ្រាប់កៅស៊ូ មកលើនាង ដែលគ្មាន​សម្លៀកបំពាក់​សោះយ៉ាងនេះ?»

តែព្រឹត្តិការណ៍ខាងលើ មិនបន្តមានរយៈពេលយូរទេ ព្រោះកងកម្លាំងនគរបាល បានចាកចេញ ពីកន្លែងកើតហេតុ នៅបន្តិចក្រោយមក ហើយស្ត្រី «Naked Athena» ក៏បានចេញពីទីនោះ ដូចគ្នា៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។