កម្ពុជា

ស ខេង ពាក់«ម៉ាស់​បែប​វេជ្ជសាស្ត្រ» ទោះបី​មាន​ក្រមា​បង់ ក

រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង បានពាក់ ម៉ាស់​បែប​វេជ្ជសាស្ត្រ បើទោះជាលោកមានក្រមា នៅជាប់នឹង ក លោកក្ដី។ រូបភាពនៃការពាក់ម៉ាស់ របស់បុរសខ្លាំងលេខពីរ ក្នុងរដ្ឋាភិបាលក្រុងភ្នំពេញ ហាក់ផ្ទុយពីការលើកឡើង របស់លោក ហ៊ុន សែន បុរសខ្លាំងលេខ១ ដែលបានថ្លែងជាទូទៅ ឲ្យមន្ត្រី និងពលរដ្ឋ នាំគ្នាយកក្រមា មកខ្ទប់មាត់និងច្រមុះ ជំនួស​ឲ្យ«ម៉ាស់​បែប​វេជ្ជសាស្ត្រ»។

ការប្រកាសឲ្យប្រើក្រមា ជំនួសម៉ាស់ការពារមាត់ និងច្រមុះ តាមបែបវេជ្ជសាស្ត្រ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងឡើងកាលពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីសម្ពោធផ្លូវមួយ នៅខេត្តពោធិសាត់។ បុរសខ្លាំងកម្ពុជាអះអាងថា ក្រមានឹងជួយទប់ស្កាត់មេរោគ«កូរូណា» ឬ«Covid-19»បាន។

ក្នុងព្រឹកថ្ងៃពុធ ទី២៥ ខែមីនានេះ នៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ច្រើនរយនាក់ លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យមន្ត្រី ដើរទិញក្រមា ដើម្បីចែកឲ្យពលរដ្ឋដែរ។ ក្នុងពិធីនោះ គេឃើញលោកនាយករដ្ឋមន្ត្រី កូនប្រុស​និងកូនប្រសារ​លោក រួមនឹងមន្ត្រីគ្រាក់ៗ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផង សុទ្ធតែបង់ ក នឹងក្រមា។

ផ្ទុយទៅវិញ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ រួមនឹងមន្ត្រីអមដំណើរ របស់លោកផង បានពាក់ម៉ាស់ តាមបែបវេជ្ជសាស្ត្រ តាំងពីលោកទៅធ្វើជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ម្សិលម៉ិញ។

នៅថ្ងៃពុធ ទី២៥ ខែមីនានេះ ក្នុងដំណើរទៅកាន់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន លោក ស ខេង ដែលមានក្រមានៅបង់ ក បានពាក់ម៉ាស់ ខ្ទប់មាត់និងច្រមុះ នៅរៀងរាល់ការធ្វើដំណើររបស់លោក។ មន្ត្រីអមដំណើរ និងមន្ត្រីចូលរួមប្រជុំ ជាមួយលោក ស ខេង ក៏ពាក់«ម៉ាស់​បែប​វេជ្ជសាស្ត្រ» ដូចគ្នានេះដែរ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។