កម្ពុជា

សម រង្ស៊ី ថា​«ស្ដេចកោះកុង»​លក់​គ្រឿង​ញៀន ផ្ទេរ​លុយ​កខ្វក់​ទៅ​អូស្ត្រាលី

មេដឹកនាំប្រឆាំង បានចង្អុលដោយចំឈ្មោះ ថាលោក លី យ៉ុងផាត់ មនុស្សជំនិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានរហស្សនាម «ស្ដេចកោះកុង» គឺជាឈ្មួញ​ជួញដូរ​គ្រឿងញៀន​ដ៏ធំម្នាក់ ដែលបានផ្ទេរលុយកខ្វក់ ដែលបានមកពីការជួញដូរនេះ ទៅកាន់​ប្រទេស​អូស្ត្រាលី ក្រោមការជួយលាងសម្អាត ពីសំណាក់លោក គាត ឈុន អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កម្ពុជា។

ក្រុមហ៊ុន-សហគ្រាស របស់លោក លី យ៉ុងផាត់ ដែលគេស្គាល់កន្លងមក បានរកស៊ីទៅលើ​វិស័យ ថ្នាំជក់ អគ្គិសនី កាស៊ីណូ សណ្ឋាគារ ស្កអំពៅ និងប្រព័ន្ធផ្សព្វផ្សាយ។ តែលោក សម រង្ស៊ី ទើបនឹងបង្ហើបឲ្យដឹង ពីមុខរបរមួយទៀត ដែលទំនងជាត្រូវបានលោក លី យ៉ុងផាត់ ប្រកបរកទទួលទាន តែលោក លី យ៉ុងផាត់ ខ្លួនលោក រួមនឹងក្រុមរបស់លោក មិនចង់​ឲ្យនរណា​ដឹងឡើយ។

ប្រធានស្ដីទី​គណបក្សសង្គ្រោះជាតិ ធ្លាប់បានបង្ហើបម្ដងហើយ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី កាលពីប៉ុន្មានថ្ងៃមុន តែនៅពេលនោះ លោកមិនបានបញ្ចេញឈ្មោះ ឲ្យដឹងជាចំហរទេ។ លុះនៅក្នុងកម្មវិធី សម្លេងសង្គ្រោះជាតិ ស្ដីពី«ផលប៉ះពាល់ នៃការលាង​លុយកខ្វក់» ដែលបានផ្សាយ នៅលើទំព័រហ្វេសប៊ុក​របស់លោក កាលពី​ល្ងាចថ្ងៃសៅរ៍ ទី២៣ ខែឧសភាម្សិលម៉ិញ ទើបមេដឹកនាំប្រឆាំងរូបនេះ បានបញ្ចេញឈ្មោះ «ស្ដេចកោះកុង» មកជា​សាធារណៈ។

លោក សម រង្ស៊ី ថ្លែងថា៖

«ខ្ញុំសូមជូនឧទាហរណ៍ (…) លោក លី យ៉ុងផាត់ ឧកញ៉ា លី យ៉ុងផាត់ នៅខេត្តកោះកុង គេហៅ​”ស្ដេចកោះកុង”ផង គាត់ជួញដូរគ្រឿងញៀន។ នៅប្រទេសថៃ គេស្គាល់គាត់ច្បាស់ ហើយនៅស្រុកខ្មែរ គឺសកម្មភាពធំរបស់គាត់ ជួញដូរគ្រឿងញៀន។ គាត់មានដីមានអី ដាំអំពៅ ឈ្មោះគាត់ពាក់ព័ន្ធរឿងច្រើនណាស់ តែរឿងធំ គឺជួញដូរគ្រឿងញៀន។»

បន្ទាប់មក មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេសបារាំង បាន​ចាប់​ផ្ដើម​លើកឡើង ទាក់ទងនឹងការលាងលុយកខ្វក់ ដែលលោកអះអាងថា មាន​ការជួយ​ទំនុបបម្រុង ពីរដ្ឋាភិបាលលោក ហ៊ុន សែន តាមរយៈលោក គាត ឈុត អតីត​រដ្ឋមន្ត្រីហិរញ្ញវត្ថុ។ លោកថា៖

«ហើយលុយគាត់ពីស្រុកខ្មែរ ដែលបើខ្ញុំចាំ កាលពី១០ឆ្នាំ ១៥ឆ្នាំមុនហ្នឹង គាត់ចង់ផ្ទេរ​ទៅ​អូស្ត្រាលី (…) គាត់ចង់ទៅវិនិយោគ ទិញផ្ទះ ទិញអចលនទ្រព្យអីរបស់គាត់ នៅប្រទេស​អូស្ត្រាលី។ ប៉ុន្តែរដ្ឋាភិបាលអូស្ត្រាលី គេសង្ស័យ យីផ្ទេរលុយអីច្រើនម្លេះ? កាលនោះ ដូចជា​៤០លានដុល្លារ។»

«[រដ្ឋាភិបាលអូស្ត្រាលី]​គេសួរ លី យ៉ុងផាត់។ លី យ៉ុងផាត់ ឆ្លើយអត់រួច ព្រោះលុយគាត់ លុយ​ជួញដូរគ្រឿងញៀន ទៅសារភាពថា លុយជួញដូរគ្រឿងញៀន គឺគេរឹបអូសភ្លាម ហើយ​ចាប់​ដាក់គុក​ទៀត។»

លោក សម រង្ស៊ី អះអាងទៀតថា៖

«អញ្ចឹងគាត់ពឹងលោក គាត ឈុន។ គាត ឈុន ធ្វើរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បន្តពីខ្ញុំហ្នឹង។ លោក គាត ឈុន គាត់ធ្វើលិខិតបញ្ជាក់ ថាលុយហ្នឹងត្រឹមត្រូវស្អាតស្អំទេ កុំសួរនាំអី​ច្រើន​ពេក។ អញ្ចឹងគេថា អូ! រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អញ្ចឹងហើយ ក៏គេបិទភ្នែកបណ្ដោយ​ទៅ។»

មិនអាចទាក់ទងលោក លី យ៉ុងផាត់ ឬមន្ត្រីរដ្ឋាភិបាលផ្សេងទៀត ដើម្បីធ្វើប្រតិកម្ម ឬធ្វើ​អត្ថាធិប្បាយ ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ក្នុងពេលភ្លាមៗនេះបានទេ។

ក្រៅពីមានក្រុមហ៊ុនរកទទួលទាន ជាច្រើននៅកម្ពុជា លោក លី យ៉ុងផាត់ ក៏មានឋានៈ ជា​សមាជិកព្រឹទ្ធសភា សមាជិកគណៈកម្មការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា និង​ជា​ទីប្រឹក្សា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះផងដែរ។

កាលពីថ្ងៃទី៧ ខែឧសភា គណៈកម្មការអ៊ឺរ៉ុប (ឬហៅម្យ៉ាងទៀត ថាជារដ្ឋាភិបាល​សហភាព​អ៊ឺរ៉ុប) បានធ្វើបច្ចុប្បន្នភាព «បញ្ជីខ្មៅ» របស់ខ្លួន ទាក់ទងនឹង​ការលាងលុយ​កខ្វក់ និង​ហិរញ្ញប្បទាន សម្រាប់បណ្ដាញភេរវកម្ម ពីចំនួន១៦ប្រទេស ក្នុងបញ្ជីខ្មៅចាស់ ឲ្យឡើងដល់​២២ប្រទេស។ កម្ពុជា និងប្រទេសភូមា បានជាប់ឈ្មោះ នៅក្នុងបញ្ជីខ្មៅថ្មី  ខណៈប្រទេស​ឡាវ ត្រូវបាន​ដកចេញ ពីបញ្ជីចាស់ ជាស្ថាពរ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។